kalib9

ក្តៅៗៗ!! និយាយលែងចេញ ពេលដឹងអត្តសញ្ញាណ និងមូលហេតុ ដែលឃាតកសម្លាប់ក្មេងស្រី ញាត់ក្នុងការ៉ុង…

ខេត្តបន្ទាយមានជ័យ ៖ ស្ទើរតែនិយាយលែងចេញ នៅពេលដឹងពីអត្តសញ្ញាណ និងមូលហេតុ ដែលឃាតក សម្លាប់ក្មេងស្រី ជាសិស្សសាលាឯកជន ពន្លកខ្មែរម្នាក់ រួចញាត់ចូលក្នុងការ៉ុង បង្ករការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង ជាង4រសៀល ថ្ងៃទី30មិនា2018 នៅភូមិក្បាលស្ពាន សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

 

ក្មេងៗឥឡូវមិនអាចបណ្តោយបានទេ ជាក់ស្តែងដូចករណីខាងលើនេះ ជនសង្ស័យជាឃាតក តាមពិតមានឪពុកធ្វើដល់គ្រូពេទ្យ មានចំណេះដឹង គួរជាទីគោរព តែនិស្ស័យកូនវិញ បែរជាប្រដៅមិនបាន ទំនើងយូរៗទៅបែកគំនិត ធ្វើរឿងដែលសង្គមស្អប់ខ្ពើម នាំឲ្យខូចអនាគតអស់ ពិតជាអាសូរម៉ែឪ ដែលខំចិញ្ចឹមបីបាច់ ខ្លាំងណាស់។

 

ជនរងគ្រោះឈ្មោះ សត់ ឈុនអ៊ី ហៅលីហ្សា អាយុ12ឆ្នាំ ជាសិស្សសាលាឯកជនពន្លកខ្មែរ មានទីលំនៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ត្រូវបានឪពុកម្តាយ យកមកផ្ញើរសាច់ញាតិ ដើម្បីឲកូនបានរៀនសូត្រ នៅក្បែរសាលា ស្ថិតក្នុងភូមិកើតហេតុ រីឯជនសង្ស័យឈ្មោះ សុខខឿន សយធី អាយុ16ឆ្នាំ ក៏ជាអ្នកភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដូចជនរងគ្រោះដែរ (ផ្ទះឆ្ងាយពីជនរងគ្រោះ ប្រហែល400ម៉ែត្រ)។

 

តាមប្រភពពីអ្នកដែលរស់នៅក្នុងភូមិជាមួយ បានប្រាប់ឲ្យដឹងថា ឱពុកជនសង្ស័យ ខាងលើនេះ ជាគ្រូពេទ្យឯកជន ឈ្មោះ សាយ សុខខឿន អាយុ48ឆ្នាំ ម្តាយស្លាប់ជាង3ឆ្នាំ ឱពុកគេមានប្រពន្ធចុង។ ប្រភពបន្តថា កន្លងមក បុរសជាឱពុក បានឲ្យកូនទៅរៀន ផ្សំថ្នាំពេទ្យ នៅក្រុងប៉ោយប៉ែត តែគេមិនខំរៀនទេ ហើយទារឱពុក ទិញម៉ូតូឲ្យមិនបាន ក៏ដើរហើរសេរី តាមមិត្តភ័ក្រតែម្តង ហើយជនសង្ស័យ និងជនរងគ្រោះ គឺស្គាល់គ្នាតាំងពីតូចៗ។

 

បើយោងតាមចម្លើយសារភាព របស់ជនសង្ស័យ បាននិយាយថា មូលហេតុដែលខ្លួនចាប់ក្មេងស្រីរងគ្រោះ ក្នុងបំណងជម្រិតយកលុយ ដោយដំបូងឡើយ នៅវេលាកើតហេតុ ខ្លួនបានទៅលួងលោមកុហក ក្មេងស្រីរងគ្រោះថា ម្តាយរបស់នាងមកលេង ហើយក៏ឌុបទៅដាក់ ក្នុងបន្ទប់លេខ A.05 នៅផ្ទះសំណាក់១កន្លែង ស្ថិតក្នុងភូមិក្បាលស្ពាន01 សង្កាត់ប៉ោយប៉ែត ដែលម្ចាស់ផ្ទះសំណាក់ឈ្មោះ ហ៊ីម ជាអ្នកបំរើការងារ ជាមួយតម្រួតថៃ នៅច្រកទ្វារអន្តរជាតិខ្លងលឹកប៉ោយប៉ែត។

 

ជនសង្ស័យបន្តថា នៅពេលចាប់ក្មេងស្រីរងគ្រោះ មកបានហើយ ដោយសារអ្នកទាំង២ស្គាល់គ្នា តាំងពីតូចៗ និងខ្លាចពេលនាងរួចខ្លួន ទៅនិយាយប្រាប់ ឪពុកម្តាយនាង ថាខ្លួនជាអ្នកចាប់ជម្រិត ក៏សម្លាប់បំបិតមាត់ រួចញាត់ចូលការ៉ុងតែម្តង។

 

ទង្វើដ៏ឃោរឃៅរបស់ជនល្មើស ត្រឹមមួយពព្រិចភ្នែកនេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ
ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត ក្រោមបទបញ្ជាផ្ទាល់ ពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ចុះស្រាវជ្រាវ យ៉ាងដុតដៃដុតជើង ដោយសារកាមេរ៉ាសុវត្ថិភាព ក៏កំណត់បានមុខសញ្ញាឃាតករ រួចក៏ធ្វើការចាប់ខ្លួន ជនសង្ស័យភ្លាមៗ នៅវេលាម៉ោង៧យប់ ថ្ងៃខែឆ្នាំដដែល ក្នុងបន្ទប់ជួលកើតហេតុ និងបានរកឃើញក្មេងស្រីរងគ្រោះ ដែលឃាតក រុំបង់ស្អិត ដៃនិងជើង ថែមទាំងរុំមាត់និងច្រមុះ ដោយយកក្រមារឹត.ក ច្រកចូលការ៉ុងរូតមាត់ជិត ញាត់ចូលក្នុងទូរដាក់ខោអាវ។

 

ភ្លាមៗនោះដែរ កម្លាំងអាវុធហត្ថ បានជួយធ្វើចលនាសង្គ្រោះបឋម និងដឹកទៅមន្ទីរពេទ្យបង្អែក ក្រុងប៉ោយប៉ែត (ដីថ្មី) តែក្មេងស្រីគួរឲ្យអាណិតនោះ បានផុតដង្ហើមតាំងពីនៅកន្លែងកើតហេតុម្ល៉េះ។ បច្ចុប្បន្ន សពក្មេងស្រី ត្រូវបានក្រុមគ្រួសារ ទទួលយកទៅធ្វើបុណ្យ នៅគេហដ្ឋាន ភូមិអាងសិលា ឃុំអូបីជាន់ ទាំងយប់។