kalib9

ផ្អែមល្ហែមអស់ទាស់!! ស្អែកត្រូវភ្ជាប់ពាក្យ ចោរញីឈ្មោល បែកគំនិតឆក់ទូរស័ព្ទពីជនបរទេស តែត្រូវ…

ភ្នំពេញ ៖ យុវវ័យប្រុសស្រី២នាក់ត្រូវជាគូសង្សារនឹងគ្នា និងថែមទាំងអះអាងថាត្រូវភ្ជាប់ពាក្យជាមួយគ្នានៅព្រឹកស្អែកទៅហើយ ស្រាប់តែយប់ឡើង បែរជាបែកគំនិតធ្វើសកម្មភាពជិះម៉ូតូដឹកគ្នាឆក់ទូរស័ព្ទដៃពីស្ត្រីជនជាតិបរទេសម្នាក់បានសម្រេច តែរត់មិនរួច ដោយសារកម្លាំងអាវុធហត្ថខណ្ឌកំពុងល្បាត ប្រទះឃើញដេញចាប់ក្របួចជាប់ទាំងគូ។គូស្នេហ៍ដែលឆក់ទូរស័ព្ទជនបរទេសនេះ រួមមាន ទី១-ឈ្មោះប៊ុន សុវណ្ណរ៉ា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរបើករថយន្តទឹកសុទ្ធ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ០៨ ផ្លូវលំ ភូមិទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌមានជ័យ (ជាអ្នកបើកម៉ូតូ និងជាជនដៃដល់)។ និងទី២-ឈ្មោះសុធា នេត្រា អាយុ១៨ឆ្នាំ មុខរបរលក់ដូរ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ផ្លូវ៣១០ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន (អ្នកជិះពីក្រោយ)។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនបរទេសចំនួន៣នាក់ (ប្រុស១ ស្រី២) ជាជនជាតិដាណឺម៉ាក ទើបនឹងចេញពីក្លឹបកំសាន្ត 2nd ហើយដើរនៅតាមបណ្តោយផ្លូវ៥១ បម្រុងទៅក្លឹបកំសាន្តមួយទៀត ដោយក្នុងនោះ មាននារីម្នាក់ដើរបណ្តើរកាន់ទូរស័ព្ទចុចបណ្តើរ ដើម្បីមើលទិសដៅ លុះដើរមកដល់ចំណុចផ្លូវកែងនឹងលេខ២២២ ស្រាប់តែលេចមុខជនសង្ស័យប្រុសស្រី២នាក់ខាងលើ ដោយខាងប្រុសជាអ្នកបើកម៉ូតូ ចំណែកខាងស្រីជាអ្នកជិះពីក្រោយ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GW-3648 បានជិះមកអែបជិតនារីជាជនបរទេសដែលកាន់ទូរស័ព្ទក្នុងដៃ ហើយភ្លាមនោះ

ជនសង្ស័យជាអ្នកបើកម៉ូតូបានធ្វើសកម្មភាពឆក់យកទូរស័ព្ទពីនារីរងគ្រោះ ហើយព្យាយាមបន្ថែមល្បឿនម៉ូតូ បំណងរត់គេចខ្លួន តែភ្លាមនោះ កម្លាំងអាវុធហត្ថខណ្ឌដូនពេញ កំពុងល្បាតប្រទះឃើញ ក៏ធ្វើការប្រដេញតាមពីក្រោយ រហូតដល់ផ្លូវ៣៦០ កែងនឹងផ្លូវ៦៣ ទើបធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រីទាំង២នាក់បានសម្រច ដោយឆែកឃើញទូរស័ព្ទដៃនារីរងគ្រោះនៅក្នុងកាបូបរបស់ខាងស្រីដែលអង្គុយពីក្រោយទៀតផង បន្ទាប់ក៏សម្រេចនាំខ្លួនមកមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញ ដើម្បីធ្វើការសាកសួរ។

តាមប្រភពពីមន្ត្រីអាវុធហត្ថបានឱ្យដឹងថា តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះប៊ុន សុវណ្ណរ៉ា បានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីរងគ្រោះជាជនបរទេសមែន ដោយរូបគេជាអ្នកធ្វើសកម្មភាពតែម្នាក់ឯងប៉ុណ្ណោះ ចំណែកនារីជាសង្សារដែលអង្គុយពីក្រោយ មិនបានដឹងរឿងអីនោះទេ ហើយពិសេសពួកគេនឹងត្រូវភ្ជាប់ពាក្យជាមួយគ្នា នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ នេះទៀតផង។









error: Content is protected !!