kalib9

មិនចាញ់បទបែកស្លុយទេ! បទចម្រៀងចង្វាក់រាំវង់មួយបទរបស់ ខេម និង មាស សុខសោភា មានអ្នកមើលដល់ខ្ទង់លាន

បើគិតមកដល់បច្ចុប្បន្ន ចម្រៀងមួយបទដែលបកស្រាយរួចគ្នាដោយ លោក ខេម និង កញ្ញា មាស សុខសោភា នៅក្នុងផលិតកម្មថោន មានចំណងជើងថា “ឱ្យអត់ស្រឡះទៅ” គឺត្រូវបានបង្ហោះរយៈពេលជាង ១ ខែទៅហើយ ។ បទចម្រៀងមួយបទនេះគឺត្រូវផលិតនិពន្ធឡើងសម្រាប់បញ្ចេញលក់ក្នុងរដូវកាលចូលឆ្នាំប្រពៃណីជាតិខ្មែរយើងនេះ ដែលវាមិនមែនជាចង្វាក់ញាក់ដែលគ្រប់គ្នាហៅតៗគ្នាថាបែកស្លុយនោះទេ ប៉ុន្តែវាជាចម្រៀងចង្វាក់រាំវង់ ដែលជាចង្វាក់ប្រពៃណីជាតិខ្មែរយើង ។

បើទោះបីយើងសង្កេតឃើញថាសម័យបច្ចុប្បន្ននេះយុវវ័យភាគច្រើននាំគ្នាចូលចិត្តតែបទបែកស្លុយយ៉ាងណាក្ដី ប៉ុន្តែបទចម្រៀងចង្វាក់រាំវង់មួយបទនេះបានទាក់ទាញចំណាប់អារម្មណ៍យុវវ័យដែលធ្លាប់តែស្ដាប់តែបទបែកស្លុយនោះមករីករាយជាមួយនឹងវា ដែលធ្វើឲ្យចំនួននៃការចូលទស្សនាបទចម្រៀងមួយបទនេះកើតឡើងរហូតដល់ទៅ 1,354,223 ដង (នេះគិតត្រឹមម៉ោង ១ និង ៣០ នាទីថ្ងៃត្រង់ ថ្ងៃទី ១៧ មីនា ២០១៨) ។

ប្រិយមិត្តមួយចំនួនដែលមិនទាន់បានស្ដាប់ប្រហែលជាចង់ដឹងហើយថា តើបទចម្រៀងមួយបទនេះពិរោះបែបណា បើអីញ្ចឹងតោះទស្សនា និងស្ដាប់កម្សាន្តទាំងអស់គ្នា ៖

គួរបញ្ជាក់ឲ្យដឹងផងថា ជារៀងរាល់ឆ្នាំស្ទើរតែគ្រប់ផលិតកម្មទាំងអស់តែងតែសំរិតសំរាំងចម្រៀងយ៉ាងពិសេសសម្រាប់ចេញលក់នៅរដូវកាលចូលឆ្នាំប្រពៃណីខ្មែរ ប៉ុន្តែអ្វីដែលយើងសង្កេតឃើញនោះគឺថាប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនោរទៅរកការផលិតចម្រៀងបែបញាក់ ឬ គេហៅថាបែកស្លុយ ហាក់មានភាគគគ្រឹកគគ្រែងជាងការផលិតចម្រៀងបែបចង្វាក់ប្រពៃណីទៅវិញ ។

ការផ្លាស់ប្ដូរបែបនេះត្រូវបានគេមើលឃើញថា ភាគច្រើនគឺបណ្ដាលមកពីយុវវ័យស្រករក្រោយចូលចិត្តចង្វាក់បែបសប្បាយៗនេះ ជាងចង្វាក់ប្រពៃណីរបស់ខ្លួន ហើយបើនិយាយអំពីចម្រៀងបែបចង្វាក់ប្រពៃណី និងចង្វាក់បែកស្លុយនៅពេលបង្ហោះទៅលើបណ្ដាញសង្គមមិនថា Youtube ឬ Facebook នោះទេ ចង្វាក់បែកស្លុយហាក់ទទួលបានប្រជាប្រិយភាពលឿនជាង និងមានអ្នកចូលទស្សនាច្រើនជាងផងដែរ ចំណែកឯចម្រៀងបែបចង្វាក់ប្រពៃណីហាក់មានភាពល្បីល្បាញតិចជាង ដែលមហាជនខ្លះបានរិះគន់ថាមកពីក្មេងៗជំនាន់ក្រោយនាំគ្នាចូលចិត្តតែបទបែកស្លុយ ប៉ុន្តែមហាជនខ្លះបែរជារិះគន់ទៅលើផលិតកម្មវិញថាមកពីផលិតតែបទចម្រៀងប្រពៃណីដែលមានភ្លេងដដែលៗ ដូរតែទំនុកច្រៀង និង មេឡូឌីបន្តិចបន្តួច ខណៈដែលដែលព្យាយាមសម្រិតសម្រាំងតែបទបែកស្លុយ ។

ចុះប្រិយមិត្តគិតយ៉ាងណាដែលចំពោះបញ្ហានេះ ?