kalib9

ភាពរុងរឿង អាប់ឱន និងគង់វង្សរលំរលាយ ពុំមានទាក់ទងនឹងទេវតាជាអ្នកកំណត់នោះទេ

​ក្សត្រអាយកុង​​ទ្រង់​មានបន្ទូលទៅ​ខុងជឺ​ថា “​ប្រទេស​ជាតិរុងរឿងឬអាប់ឱន ​គង់​វង្សឬរលំ​រលាយ ​​ជួន​កាលអាច​កើតឡើងព្រោះទេវតាកំណត់​ មិនមែនជារឿងដែលមនុស្សយើងអាចកំណត់​ជាដរាបនោះទេ!…”

ខុងជឺ​​ ទូលថ្វាយវិញថា “ទូលបង្គំយល់ឃើញថា​ប្រទេសជាតិរុងរឿងឬអាប់ឱន គង់វង្សឬរលំរលាយ ​សុទ្ធតែកើតឡើង
ដោយសារស្នាដៃមនុស្ស…រីឯគ្រោះធម្មជាតិឬវិញ្ញាណក្ខន្ធខ្មោចព្រាយបិសាច​សុទ្ធតែមិនអាចបង្កឲ្យរឿងនេះកើត​ឡើង
បានទេ!”

​ក្សត្រអាយកុង​ទ្រង់លើកសំណើ “បើអញ្ចឹង!​ សូមលាកម្ចាស់ជួយលើកជាឧទាហរណ៍ឲ្យឃើញជាក់សែ្ដងបានដែរឬទេ? ខុងជឺ ​ក្រាបទូលថា​ “កាលសម័យអធិរាជចូវ កើតមានអព្ភូតហេតុចម្លែកមួយ! បក្សីតូចញាស់ពងឲ្យកំណើតជាបក្សីដ៏ធំ…​ ព្រះចៅអធិរាជចូវ​ ទ្រង់មានព្រះរាជបញ្ជា​ឲ្យហោរាជួយទស្សន៍ទាយក៏កើតជាសេចកី្ដថា តូចឲ្យកំណើតធំ​គឺ នាំឲ្យប្រទេស​ជាតិសម្បូរសប្បាយ ​រឹងមាំ​ លី្បល្បាញខ្លាំងឡើងជាលំដាប់…ពេលនោះក្សត្រចូវ ក៏ទ្រង់ព្រះតម្រិះថា ទេវតាបានកំណត់មកដូច្នេះ។ ទើបព្រះអង្គមិនគិតខ្វល់ព្រះទ័យទុកដាក់ក្នុងកិច្ចការរៀបចំគ្រប់គ្រងរាជកិច្ចផែនដីអ្វីឡើយ ព្រះអង្គរវល់តែងប់ងល់នឹងស្រីស្រា មិនព្រមទទួលស្តាប់ពាក្យដាស់តឿនក្រើនរំលឹករបស់បណ្តាសេនាអាមាត្រ… ផែនដីក៏ចលាចល បង្ករការបះបោរឡើងគ្រប់ច្រកល្ហក អរិយរដ្ឋក៏លើកកងទ័ពមកឈ្លានពានរហូតដល់ព្រះរាជវង្សសាំងរលំរលាយ…នេះគឺជារឿងដែលផ្ទុយពីអ្វីដែលហៅថាទេវតា កំណត់របស់ព្រះអង្គយ៉ាងពិតប្រាកដ…មានន័យថា និមិត្តរូបជាមង្គល ក៏ប្រែក្លាយជាចំណុចចាប់ផ្តើមនៃក្តីវិនាសអន្ត រាយទៅវិញ…” ។

“ផ្ទុយទៅវិញនៅសម័យថៃអ៊ូ មុនសម័យក្សត្រចូវ នៃរាជវង្សសាំង ក្នុងកំឡុងពេលមួយរាជការផែនដីចុះទន់ខ្សោយ ច្បាប់គ្មានប្រសិទ្ធភាព ទេវតាបានដាស់តឿនក្រើនរំលឹក ដោយនិមិត្តឲ្យដើមមននិងសន្ទូងស្រូវដុះនៅចំកណ្តាលក្រឡាបន្ទំ ទំហំ២រទេះ លុះគម្រប់រយៈពេល ៧ថ្ងៃ ហោរាបានទស្សន៍ទាយថា ដើមមននិងសន្ទូងស្រូវជារុក្ខជាតិដែលដុះតាមវាលស្រែ និងព្រៃភ្នំ មិនគួរដុះកណ្តាលបន្ទំដូច្នោះទេ…។ នេះជាអព្ភូតហេតុទុកឲ្យដឹងជាមុនថាប្រទេសជាតិនឹងត្រូវរលំរលាយ ព្រះរាជវាំងនឹងក្លាយជាគំនរបាក់បែកខ្ទេចខ្ទី… ” ។

“ក្សត្រថៃអ៊ូ ទ្រង់ភិតភ័យនិងតក់ស្លុតជាខ្លាំងព្រះអង្គក៏ទ្រង់ព្យាយាមបំពេញធម៌អាថ៌ ប្រព្រឹត្តតែអំពើល្អ ប្រតិបត្តិតាមច្បាប់និងដំបូន្មានរបស់បុព្វក្សត្រ យកព្រះទ័យទុកដាក់ចំពោះប្រជារាស្រ្តដែលជួបប្រទះនឹងទុក្ខលំបាក… លុះដល់បីឆ្នាំក្រោយមកផែន ដីក៏ស្ងប់សុខសន្តិភាព នគរគ្រប់ទិសទីនាំគ្នាបញ្ជូនទូតមកចងសម្ពន្ធមិត្ត…ចំណែកនគរ ដែលនៅឆ្ងាយត្រូវបញ្ជូនអ្នកបកប្រែដល់ទៅពីរត្រឡប់មានដល់ទៅ ១៦នគរ… រឿងនេះផ្ទុយគ្នាជាមួយនឹងអ្វីដែលហៅថា ‍​«ទេវតាកំណត់» របស់ព្រះអង្គយ៉ាងពិតប្រាកដ…មានន័យថា អព្ភូតហេតុអាក្រក់នៃការរលំរលាយជាតិប្រែក្លាយជាចំណុចចាប់ផ្តើមនៃភាពចម្រើនរុងរឿងទៅវិញ” ។

“គ្រោះភ័យនិងបាតុភូតធម្មជាតិ មិនមែនជាដើមហេតុក្នុងការសម្រេចយ៉ាងដាច់ណាច់អំពីរឿងដែលកើតឡើងនោះទេ… អ្វីដែលកើតឡើង គឺគ្រាន់តែដើម្បីដាស់តឿនតួអង្គព្រះមហាក្សត្រប៉ុណ្ណោះ… ឯរឿងសុបិនអាក្រក់ក៏មិនមានអ្វីគួរឲ្យភ័យរន្ធត់នោះដែរ…គឺគ្រាន់តែដាស់តឿនពួកនាម៉ឺនមន្រ្តីដែលមានអំណាចលើប្រជារាស្រ្តទូទៅឲ្យងាកត្រឡប់មកធ្វើអំពើល្អនោះឯង …ព្រឹត្តិការណ៍ចម្លែកទាំងនេះសុទ្ធតែមិនមានសិទ្ធិអំណាចឲ្យហួសពីមាគ៌ាដឹកនាំគ្រប់គ្រង និងការប្រព្រឹត្តអំពើល្អរបស់ពួកមនុស្សយើងនេះទេ…បើទ្រង់បានជ្រាបជាក់ពីហេតុផលនេះហើយ ព្រះអង្គក៏នឹងអាចឈ្វេងពីខ្លឹមសាររបស់មាគ៌ានៃការដឹកនាំគ្រប់គ្រង ហើយព្រះអង្គក៏នឹងក្លាយជាក្សត្រដែលប្រកបដោយទសពិធរាជធម៌ មិនអន់ជាងក្សត្រសម័យមុនអ្វីឡើយ!…” ។

ក្សត្រអាយកុង ទ្រង់មានបីតិសោមន្សរីករាយជាខ្លាំង​ “សូមអរគុណដល់ពាក្យណែនាំរបស់លោកម្ចាស់អម្បាញ់មិញនេះ…បើសិនជាយើងមិនបានថ្លែងវាចាដ៏ឆោតល្ងង់ចេញទៅទេ ប្រហែលជាគ្មានឱកាសបានស្តាប់ហេតុផលដ៏ជ្រាលជ្រៅ ដូច្នេះឡើយ…”៕

(អត្ថបទដកស្រង់៖ mindbooks)