kalib9

អាថ៌កំបាំងនៃសុបិន្តអាក្រក់ទាំង១០ដែលមនុស្សភាគច្រើនធ្លាប់យល់សប្តិឃើញ

សុបិន្តគឺជារឿងមួយដែលគេពិបាកពន្យល់ឱ្យបានជាក់លាក់ ប៉ុន្តែអ្នកដែលមានជំនាញតែងព្យាយាមពន្យល់ពីប្រភេទសុបិន្តនីមួយៗប្រកបដោយភាពសមហេតុផល។ តួយ៉ាងអ្នកចិត្តវិទ្យាជឿថា សុបិន្តគឺមានជាប់ទាក់ទងយ៉ាងស៊ីជម្រៅនឹងស្ថានភាពផ្លូវចិត្ត និងរាងកាយរបស់មនុស្ស។ តាមរយៈនេះ គេបានទម្លាយនូវអាថ៌កំបាំង ឬមូលហេតុនៃសុបិន្តអាក្រក់១០យ៉ាងដូចខាងក្រោម។

10. សុបិន្តថាវង្វេងផ្លូវ ឬត្រូវជាប់ឃុំឃាំង

សុបិន្តនេះបង្ហាញថាអ្នកកំពុងស្ថិតនៅក្នុងស្ថានភាពត្រូវគេបង្ខិតបង្ខំ ឬអសមត្ថភាពក្នុងការស្វែងរកដំណោះស្រាយឬផ្លូវចេញ។ អ្នកដែលមានអារម្មណ៍ខ្វល់ខ្វាយ អន្ទះសារ រសាប់រសល់ រមែងសុបិន្តបែបនេះ។

9. សុបិន្តថាធ្លាក់ពីទីខ្ពស់ ឬលង់ទឹក

អ្នកដែលបារម្ភពីកាតព្វកិច្ចរបស់ខ្លួន​ ឬខ្លាចថាមិនបានជោគជ័យច្រើនសុបិន្តបែបនេះ។ យ៉ាងណាក៏ដោយ បើអ្នកសុបិន្តថាលង់ទឹក អ្នកត្រូវខំប្រឹងហែល បើសុបិន្តថាធ្លាក់ពីទីខ្ពស់ អ្នកត្រូវព្យាយាមហោះ ព្រោះអ្នកចិត្តវិទ្យាជឿថា វានឹងធ្វើឱ្យអ្នកមានអារម្មណ៍ប្រសើរពេលភ្ញាក់ឡើង។

8. សុបិន្តថាទូរស័ព្ទ​ ឬឧបករណ៍ដែលខ្លួនប្រើខូច ឬមិនដំណើរការ

សុបិន្តនេះបង្ហាញថា អ្នកហាក់មិនសូវបានខ្វល់ពីអារម្មណ៍មនុស្សជុំវិញខ្លួន ឬមនុស្សជាទីស្រឡាញ់ដូចជា គូស្នេហ៍ ឬមិត្តភក្តិ ដោយមិនបានទាក់ទងជាមួយពួកគេយូរហើយ។ សុបិន្តនេះជាសញ្ញាបង្ហាញថា អ្នកគួរយកចិត្តទុកដាក់លើអារម្មណ៍របស់អ្នកទាំងនោះ។

7. សុបិន្តថាខ្លួនស្រាត ឬស្លៀកពាក់មិនសមរម្យក្នុងទីសាធារណៈ

សុបិន្តនេះបង្ហាញថា អ្នកមានអាថ៌កំបាំងដែលព្យាយាមលាក់វាមិនឱ្យអ្នកដទៃដឹង។ បើអ្នកមានអារម្មណ៍ខ្មាសអៀនខ្លាំងក្នុងសុបិន្ត នោះមានន័យថាអ្នកក៏មិនចង់ឱ្យគេដឹងអាថ៌កំបាំងនោះខ្លាំងដែរ។

6. សុបិន្តថាមានគ្រោះមហន្តរាយ

មិនថាជាគ្រោះមហន្តរាយធម្មជាតិ ឬបង្កដោយមនុស្ស ការយល់សប្តិបែបនេះបង្ហាញថា អ្នកកំពុងតែត្រូវបានហ៊ុមព័ទ្ធដោយបញ្ហាផ្សេងៗដែលអាចជាបញ្ហាមកពីអ្នករួមការងារ ឬអ្នកផ្សេង ហើយអ្នកមានអារម្មណ៍ថា ពួកគេនឹងធ្វើឱ្យអ្នកបរាជ័យ។

5. សុបិន្តថាប្រឡងធ្លាក់

ទោះបីគេមិនមែនកំពុងរៀនក៏ដោយ ក៏គេអាចសុបិន្តឃើញប្រឡងធ្លាក់ដែរ។ ការសុបិន្តបែបនេះគឺព្រោះតែការព្រួយបារម្ភពីជីវិតពិត ដោយអ្នកអាចព្រួយបារម្ភពីលទ្ធផលនៃអ្វីដែលអ្នកកំពុងធ្វើ។ ប្រសិនបើអ្នកយល់សប្តិឃើញបែបនេះ អ្នកត្រូវប្រឹងប្រែងឱ្យខ្លាំងឡើង។

4. សុបិន្តថាបាត់បង់ទ្រព្យសម្បត្តិ ឬឆេះផ្ទះ

ផ្ទះ ឬទ្រព្យសម្បត្តិគឺដូចជាធាតុខាងក្នុងមួយរបស់អ្នក។ បើអ្នកសុបិន្តឃើញបែបនេះ អាចមានន័យថាស្ថានភាពផ្លូវចិត្តរបស់អ្នកអាចត្រូវបានបំផ្លាញ ឬស្ថិតក្នុងស្ថានភាពមិនល្អ។ វាក៏អាចបណ្តាលមកពីអារម្មណ៍បាត់បង់អ្វីមួយដូចជា ស្នេហា ឬទំនុកចិត្ត។

3. សុបិន្តថាយានជំនិះមានបញ្ហា

បើអ្នកយល់សប្តិថាកំពុងតែធ្វើដំណើរស្រាប់តែយានជំនិះខូច ឬមានបញ្ហា នោះវាប្រហែលជាបង្ហាញថាអ្នកមានអារម្មណ៍ទន់ខ្សោយ ឬមិនសប្បាយរីករាយ។

2. សុបិន្តថាឈឺចាប់ដោយសាររបួស ឬការស្លាប់

ប្រសិនបើយល់សប្តិថាឈឺ ឬស្លាប់ នោះប្រហែលជាសំដៅលើរបួសផ្លូវចិត្ត ប៉ុន្តែបើយល់សប្តិឃើញថានរណាម្នាក់ឈឺ ឬស្លាប់ នោះមានន័យថាអ្នកកំពុងបារម្ភថា អ្វីសំខាន់មួយសម្រាប់អ្នកនឹងត្រូវបាត់បង់ឬបំផ្លាញ។

  1. សុបិន្តថាត្រូវបានគេដេញ ឬបំពារបំពាន

អ្នកដែលយល់សប្តិឃើញបែបនេះញឹកញាប់ មានន័យថាអ្នកខ្លាច ឬបារម្ភពីបញ្ហាដែលកំពុងតែដេញតាមហើយអ្នកខ្លាចនៅក្នុងប្រឈមមុខនឹងវានៅថ្ងៃណាមួយ។

ប្រភព៖ Wtfintheworld