kalib9

ហេតុផលបែបវិទ្យាសាស្ត្រ ៧ យ៉ាង​ដែលបង្ហាញថាអ្នកគួរតែដេកស្រាត

ការសិក្សាបានបង្ហាញថា​ មានមនុស្សតែ ៣០% ប៉ុណ្ណោះដែលមានទម្លាប់គេងលែងខ្លួនទទេដោយគ្មានសម្លៀកបំពាក់ ហើយ ៧០% ទៀតគេងជាមួយនឹងឈុតគេងយប់ ឬស្លៀកតែខោក្នុង។ ប៉ុន្តែក្នុងជម្រើសទាំងពីរ តើវិធីមួយណាផ្ដល់ភាពល្អប្រសើរដល់សុខភាពជាងនោះ គឺស្ថិតនៅក្នុងការជជែកពិភាក្សានៅឡើយ។ អ្នកខ្លះយល់ថា ការគេងដោយស្លៀកសម្លៀកបំពាក់ ឬយ៉ាងហោចណាស់មានខោក្នុងនោះ ធ្វើអោយមានសុខភាពល្អជាងលែងខ្លួនទទេ។ ទន្ទឹមនឹងនេះដែរ អ្នកខ្លះទៀតយល់ថា វាមិនសុទ្ធតែល្អបែបនេះសម្រាប់មនុស្សគ្រប់គ្នានោះទេ។

សព្វថ្ងៃនេះ មនុស្សមួយចំនួនជ្រើសរើសគេងលែងខ្លួនទទេ ដោយសារវាធ្វើអោយពួកគេមានផាសុកភាព និងគេងលក់បានស្កប់ស្កល់ជាងការស្លៀកឈុតគេងយប់។ លើសពីការគិតធម្មតាៗនេះ ភស្តុតាងវិទ្យាសាស្ត្របានបង្ហាញថា ការគេងលែងខ្លួនទទេ មានគុណសម្បត្តិ ៧ យ៉ាង ដែលលោកអ្នកប្រហែលជា​មិនធ្លាប់បានដឹង ៖

១. វាធ្វើអោយអ្នកគេងលក់ស្កប់ស្កល់

អ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ University of Amsterdam បានរកឃើញថា កម្ដៅស្បែកថយចុះ នឹងបង្កើនគុណភាពនៃការបិទភ្នែកគេង ហើយកាត់បន្ថយការដឹងខ្លួននៅពេលយប់។ ការគេងលែងខ្លួនទទេ គឺជាវិធីដ៏ល្អមួយក្នុងការបញ្ចុះសីតុណ្ហភាពស្បែករបស់អ្នក (ស្បែកត្រជាក់) ដោយមិនចាំបាច់ផ្លាស់ប្ដូរសីតុណ្ហភាពក្នុងបន្ទប់គេងរបស់អ្នកនោះទេ។

ម៉្យាងទៀត ការគេងដោយគ្មានសម្លៀកបំពាក់ អាចធ្វើអោយអ្នកប្រែខ្លួន ឬគេងក្នុងឥរិយាបថបែបណាក៏ដោយយ៉ាងមានសេរីភាព ដែលនេះជួយអោយអ្នកគេងលក់ស៊ប់ និងស្កប់ស្កល់។

២. វាជួយអោយអ្នកស្រកទម្ងន់

ការគេងតែម្យ៉ាង មិនអាចធ្វើអោយអ្នកស្រកទម្ងន់បានទេ ប៉ុន្តែដោយរួមផ្សំនឹងរបបអាហារត្រឹមត្រូវ និងលំហាត់ប្រាណទៀងទាត់ ការគេងលក់ស្កប់ស្កល់នឹងអាចជួយអោយអ្នកស្រកគីឡូបានខ្លះដែរ។ យោងតាមការសិក្សារបស់ក្រុមអ្នកស្រាវជ្រាវមកពីវិទ្យាស្ថានសុខាភិបាលជាតិ បានបង្ហាញថា ការគេងលែងខ្លួនទទេធ្វើអោយរាងកាយអ្នកងាយទទួលភាពត្រជាក់ពីខាងក្រៅ ដែលបណ្ដាលអោយរាងកាយខំបង្កើនការធ្វើមេតាបូលីសបំបែកសារធាតុដែលស្តុកទុកក្នុងខ្លួនដើម្បីបំភាយកម្ដៅទប់ទល់នឹងភាពត្រជាក់ពីខាងក្រៅ ហើយជាលទ្ធផលអ្នកនឹងស្រកទម្ងន់បានខ្លះ និងបង្ការការវិវត្តនៃជម្ងឺទឹកនោមផ្អែមផងដែរ។

៣. វាជួយដល់ស្បែក

ពេញមួយថ្ងៃ រាងកាយរបស់អ្នកត្រូវបានគ្របដណ្ដប់ដោយសម្លៀកបំពាក់ច្រើនជាន់។ ការគេងលែងខ្លួនទទេ ជាការអនុញ្ញាតអោយរាងកាយរបស់អ្នក ជាពិសេសកន្លែងដែលមានញើសច្រើន មានឱកាសដកដង្ហើម មិនបែកញើសដែលអាចនាំអោយកើតជម្ងឺសើរស្បែក​​នោះទេ។

មួយវិញទៀត ការដែលរាងកាយទទួលបានភាពត្រជាក់គ្រប់គ្រាន់ពីបរិយាកាសខាងក្រៅ នឹងជួយបង្ការការឆាប់ខូចខាតរបស់កោសិកាស្បែក។

៤.​ វាធ្វើអោយសក់អ្នកនៅតែស្រស់ស្អាត

ការបែកញើសក្បាល នឹងធ្វើអោយសក់ងាយខូចខាត។ ការគេងលែងខ្លួនទទេ នឹង​ធ្វើអោយរាងកាយទាំងមូលត្រជាក់ ជាពិសេសក្បាលមិនសូវបែកញើសដែលធ្វើអោយសក់អ្នកនៅតែរឹងមាំ និងស្រស់ស្អាត។

៥. វាជួយបង្ការជម្ងឺនៅត្រង់ប្រដាប់ភេទ

ប្រដាប់ភេទបុរស និងស្រ្តី ជាកន្លែងងាយនឹងមានមេរោគទំនៅហើយបង្កជាជម្ងឺ ដោយសារតែវានៅហប់បែកញើសពេញមួយថ្ងៃ។ ការគេងលែងខ្លួនទទេ មិនស្លៀកសូម្បីតែខោក្នុងនោះ​ នឹងជួយកាត់បន្ថយជម្ងឺដែលអាចកើតមានត្រង់ប្រដាប់ភេទ។

៦. បង្កើនទំនុកចិត្តលើខ្លួនឯង

ទំនុកចិត្តគឺជាគន្លឺះដ៏សំខាន់សម្រាប់ភាពជោគជ័យលើអាជីវកម្ម និងការរស់នៅ ។ បើយោងតាមការស្រាវជ្រាវការដេកអាក្រាតកាយនឹងជួយឲ្យអ្នកកាន់តែមានទំនុកចិត្តលើខ្លួនឯង។ ហើយនៅពេលអ្នកមានអារម្មណ៍សុខស្រួលជាមួយនឹងរាងកាយបែបអាក្រាតពេលគេងបែបនេះ វាក៏ធ្វើឲ្យអ្នកកាន់តែមានទំនុកចិត្តលើសម្លៀកបំពាក់ដែលអ្នកពាក់នៅពេលថ្ងៃផងដែរ។

៧. ធ្វើឲ្យពេលរាត្រីរបស់អ្នកកាន់តែមានភាពល្អប្រសើរ

យោងតាមការស្ទង់មតិពីមនុស្សជាង 1000 នាក់ដែលបានរៀបការរួច ឬ មានដៃគូរលើគ្រែ អ្នកដែលគេងអាក្រាតកាយគឺមានភាពរីករាយជាង ។

ប៉ុន្តែអ្នកក៏ព៉ំគូរគេងអាក្រាតកាយដែរ ប្រសិនបើ ៖

ឧស្សាហ៍គេងមមើដើរ

មានបញ្ហាប្រតិកម្មស្បែក

ចាញ់រងារ

រស់នៅក្នុងស្ថានភាព គ្មានឯកជនភាព ៖ ដែលមានដូចជា រស់នៅក្នុងផ្ទះដែលមានសមាជិកគ្រួសារច្រើន គ្មានបន្ទប់បិទជិត ឬ គេងក្នុងបន្ទប់ជាមួយនឹងសាច់ញាតិ ជាដើម ។

ប្រភព ៖ Brightside