kalib9

រំភើបជំនួស! ព្រោះតែកម្មវិធី Cambodian Idol ធ្វើឲ្យបេក្ខនារីមួយរូបបានជួបមុខម្ដាយបង្កើត ដែលបែកគ្នាអស់ជិត ៣០ ឆ្នាំ

កម្មវិធី​ប្រកួតសមត្ថភាពលំដាប់ពិភពលោក គឺ Cambodian Idol បានបន្តខ្លួនដល់រដូវកាលទី ៣ ហើយទទួលបានការគាំទ្រជាច្រើនពីសំណាក់ពុកម៉ែ បងប្អូន ទូទាំងប្រទេស។ ក្នុងការប្រកួតនេះ មានបេក្ខជនពីតាមបណ្ដាខេត្តនានារួមទាំងទីក្រុងភ្នំពេញ ដែលជឿជាក់លើសមត្ថភាពខ្លួនឯងចូលមកបញ្ចេញសមត្ថភាពបង្ហាញទៅកាន់ពិភពលោក។

យ៉ាងណាមិញ Cambodian Idol មិនត្រឹមតែអាចជួយឲ្យបេក្ខភាពសម្រេចក្តីស្រម៉ៃនោះទេ តែថែមទាំងជួយឲ្យបេក្ខនារីមួយរូបទទួលបានដំនឹងរីករាយមួយឥតឧបមាតាមរយៈកម្មវិធីនេះផងដែរ។

ជាក់ស្ដែង តាមការឲ្យដឹងរបស់លោក ណុប បាយ៉ារិទ្ធ ជាគណកម្មការក្នុងកម្មវិធីនេះផ្ទាល់ក៏បានឲ្យដឹងថា បេក្ខនារី សំ សារ័ត្ន វ័យ ២៧ឆ្នាំ ទោះបីជាមិនបានក្លាយជាម្ចាស់ពានពិតមែន តែនាងបែរជាបានជួបម្ដាយបង្កើតដែលបែកគ្នាតាំងពីមិនទាន់ដឹងក្ដីមកម្ល៉េះ។

នាងបានរៀបរាប់ក្នុងហ្វេសប៊ុកខ្លួនទាំងរំភើបថា៖ «ជំរាបសួរចា៎ នាងខ្ញុំ សំ សារ័ត្ន នេះហើយម្តាយរបស់ខ្ញុំដែលរកឃើញតាមកម្មវីធីប្រលង Cambodian idol រដូវកាលទី3 នាងខ្ញុំសប្បាយចិត្តណាស់ បានស្រង់ព្រះអោយអ្នកម្តាយ និងជូនលុយគាត់តិចតួច រួមជាមួយបងប្រុសទី1បងស្រីទី2 និងខ្ញុំពៅគេ» ។

តាមរយៈសារនេះ លោក ណុប បាយ៉ារិទ្ធិ ក៏បានចូលរួមអបអរ និងជូនពរថា៖ «អបអរសាទរប្អូនស្រី សំ សារ័ត្នបេក្ខនារី Cambodian idol រដូវកាលទី៣ ដែលបានជួបម្តាយបង្កើតរបស់ប្អូនវិញ ដែលប្អូនបានបែកពីគាត់តាំងពីប្អូនមិនទាន់ធំដឹងក្តី។ ជូនពរអោយប្អូនស្រីបានរស់នៅជួបជំុ មានសេចក្តីសុខជាមួយគ្រួសារ និងជោគជ័យក្នុងឆាកជីវិតបានធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្រជាច្រើនជួយអបអរ និងរំភើបជំនួស​» ។ ក្រៅពីនេះក៏មានមហាជនជាច្រើន បានបង្ហាញអារម្មណ៍រំភើប និងអបអរដល់នាងផងដែរ៕