kalib9

អត្ថប្រយោជន៍សុខភាព ១០ យ៉ាង បានពីការរួមភេទ!

ដោយសារវិទ្យាសាស្ត្រមានការរីកចម្រើន ការនិយាយដោយបើកចំហពីការរួមភេទមានភាពទូលំទូលាយជាងមុនគួរអោយកត់សម្គាល់។ ជាការពិតណាស់ វាគ្មានអ្វីត្រូវលាក់បាំងនោះ ព្រោះគ្រប់គ្នាសុទ្ធតែដឹងថាវាជាតម្រូវការធម្មជាតិរបស់មនុស្ស។ ប៉ុន្តែចំណង់មួយនេះ ក៏មានអត្ថប្រយោជន៍របស់វាដែរ គ្រាន់តែអ្នកប្រហែលជាមិនបានដឹងពីមុនមកថាវិទ្យាសាស្ត្របានបំភ្លឺអ្វីខ្លះទាក់ទងនឹងការរួមភេទនេះ។ តោះ ឥឡូវមកមើលផលល្អពីការរួមភេទចំពោះសុខភាពអ្នកទាំងអស់គ្នា ៖

១. ជួយបំបាត់ភាពតានតឹង (ស្ត្រេស)

ប្រសិនបើអ្នកកំពុងស្ត្រេស ការរួមភេទប្រហែលជារឿងចុងក្រោយដែលអ្នកនឹកដល់។ ប៉ុន្តែបើអ្នកបានដឹងថា ការរួមភេទអាចជួយអោយអ្នកបាត់ស្ត្រេសនោះ អ្នកប្រហែលជាអាចផ្លាស់ប្ដូរការគិតរបស់អ្នកមិនខាន។ ការសិក្សាខាងវេជ្ជសាស្ត្របានបង្ហាញថា សកម្មភាពរួមភេទ នឹងភ្ញោចខួរក្បាលរបស់អ្នកអោយ ៖ -បន្ថយការបញ្ចេញអរម៉ូនករទីសូល (Cortisol) ដែលធ្វើអោយស្ត្រេស -បញ្ចេញអរម៉ូនដូប៉ាមីន (Dopamine) ជាអរម៉ូនបង្កើនអារម្មណ៍រីករាយ និងអរម៉ូនអង់ដរហ្វីន (Endorphine) ជាអរម៉ូនបន្ថយការឈឺចាប់ និងបន្ថយស្រ្តេស។

២. ជួយអោយមានអារម្មណ៍ល្អ

អុកស៊ីតូស៊ីន (Oxytocine) ជាអរម៉ូនដែលធ្វើអោយមានអារម្មណ៍ល្អ និងរីករាយ ហើយត្រូវបានបញ្ចេញយ៉ាងច្រើននៅពេលរួមភេទ និងមានបរិមាណលើសលុបក្រោយដល់ចំណុចកំពូល។ ការសិក្សាពីឆ្នាំ 1989 ដល់ 2012 លើបុរស និងស្ត្រីអាមេរិកចំនួន 30000 នាក់ បានបង្ហាញថា ការរួមភេទជាមួយដៃគូដោយការពេញចិត្តយ៉ាងហោចណាស់ម្ដងក្នុងមួយសប្ដាហ៍ អាចធានាកម្រិតអុកស៊ីតូស៊ីនគ្រប់គ្រាន់ ដែលជួយអោយពួកគេមានអារម្មណ៍ល្អ និងរីករាយស្រស់ស្រាយ។

៣. ជួយអោយគេងលក់ស្រួល

ការស្រាវជ្រាវបានបង្ហាញថា បន្ទាប់ពីការរួមភេទហើយភ្លាម កម្រិតអរម៉ូនប្រូឡាក់ទីន (Prolactin) ក្នុងខ្លួនអ្នកកើនឡើង 400% ជាងបរិមាណធម្មតា ដែលជាមូលហេតុធ្វើអោយអ្នកគេងលក់ស្រួលក្រោយពេលរួមភេទហើយ។

៤. បង្កើនប្រព័ន្ធភាពស៊ាំ

ការរួមភេទទៀងទាត់អាចអោយរាងកាយមានប្រព័ន្ធភាពស៊ាំរឹងមាំ ប្រឆាំងនឹងជម្ងឺបានទៀតផង។ ការសិក្សារបស់សាកលវិទ្យាល័យ Pennsylvania’s Wilkes សហរដ្ឋអាមេរិក បានបង្ហាញថា អ្នកដែលបានរួមភេទយ៉ាងហោចណាស់ ម្ដង ឬក៏២ដងក្នុងមួយសប្ដាហ៍ មានបរិមាណ Immunoglobulin A ខ្ពស់ជាងអ្នកដែលមិនបានរួមភេទសោះដល់ទៅ ៣០%។ Immunoglobulin A ជាអង់ទីករដ៏សំខាន់ដែលមានតួនាទីជាអ្នកកម្ចាត់មេរោគ មិនអោយបង្កជម្ងឺ។

៥. កាត់បន្ថយជម្ងឺមហារីកក្រពេញប្រស្តាត

វាជាដំណឹងល្អសម្រាប់បុរស ៖ ការបញ្ចេញទឹកកាមញឹកញាប់នឹងជួយកាត់បន្ថយអត្រាជម្ងឺមហារីកក្រពេញប្រូស្ដាត។ ការសិក្សានៅឆ្នាំ ២០០៤ លើជីវិតសិចរបស់បុរសអាមេរិកអាយុចាប់ពី ៤០ ទៅ ៧៥ ឆ្នាំ ប្រមាណ ៥ ម៉ឺននាក់ ដែលបានចេញផ្សាយលើព្រឹត្តិបត្រសុខភាពអង់គ្លេស បានបញ្ជាក់ថា​ មនុស្សប្រុសដែលបានបញ្ចេញទឹកកាម យ៉ាងតិច ២១ដង​ក្នុងមួយខែ មានអត្រាកើតជម្ងឺមហារីកក្រពេញប្រូស្ដាតទាបជាងបុរសដែលបញ្ចេញទឹកកាមត្រឹម ៤ ទៅ ៧ដងក្នុងមួយខែ។ ជាមួយគ្នានេះដែរ មានការសិក្សាបន្តទៀតលើករណីដូចគ្នានេះ នៅឆ្នាំ ២០១៦ បង្ហាញលទ្ធផលដូចគ្នាផងដែរ។

៦. ជាជំនួយសុខភាពបេះដូង

យោងតាមការសិក្សារបស់វិទ្យាស្ថានស្រាវជ្រាវ New England Research Institute បានបង្ហាញថា បុរសដែលបានរួមភេទយ៉ាងតិច ២ដង ក្នុងមួយសប្ដាហ៍ មានអត្រាកើតជម្ងឺបេះដូង ៤៥% តិចជាងបុរសដែលរួមភេទតែម្ដងក្នុងមួយខែ ឬតិចជាងនេះ​ ។

ទន្ទឹមនឹងនេះ មានការសិក្សាមួយទៀតនៅឆ្នាំ ២០១៦ បានបង្ហាញថាស្ត្រីដែលបានរួមភេទដោយការពេញចិត្តញឹកញាប់ មានអត្រាកើតជម្ងឺលើសឈាមទាប ដែលនាំអោយអត្រាកើតជម្ងឺបេះដូងទាបដូចគ្នា។

៧. បង្កើនភាពស្និទ្ធស្នាល និងក្ដីស្រឡាញ់ជាងមុន

ការសិក្សាលើគូស្នេហ៍នៅសហរដ្ឋអាមេរិក និង Switzerland បានអោយដឹងថា ការរួមភេទបង្កើនក្ដីស្រឡាញ់ និងភាពស្និទ្ធស្នាលទ្វេដង ទោះពួកគេមានកូន ឬទើបតែរៀបការថ្មោងថ្មីក៏ដោយ ហើយមិនមែនត្រឹមតែពេលរួមភេទនោះទេ តែមានឥទ្ធិពលដល់ការរស់នៅប្រចាំថ្ងៃផងដែរ។

៨. បង្កើនការចងចាំ

យោងតាមការសិក្សាផ្សាយចេញពីសាកលវិទ្យាល័យ Oxford University បានអោយដឹងថា​ ការរួមភេទអាចជួយបង្កើនការចងចាំចំពោះមនុស្សវ័យចំណាស់។ ទាំងបុរស និងស្ត្រីដែលមានអាយុលើសពី ៥០ឆ្នាំ ហើយមានការរួមភេទញឹកញាប់នោះ គឺមានការចងចាំបានល្អជាងអ្នកដែលកម្ររួមភេទ ឬឈប់រួមភេទតែម្ដង។

៩. បន្ថយការឈឺចាប់

ការសិក្សានានាបានរកឃើញថា ការរួមភេទញឹកញាប់អាចកាត់បន្ថយការឈឺចាប់ពេលមករដូវ ការចុករោយខ្នង ចង្កេះ​ ឬជើង និងការឈឺក្បាលប្រកាំង។ ដូច្នេះហើយ កុំយកហេតុផលឈឺចុកចាប់ទាំងអស់នេះ មកបដិសេធសិចជាមួយដៃគូអោយសោះ ព្រោះគ្រប់យ៉ាងនឹងប្រសើរឡើងក្រោយពេលរួមភេទហើយ។

១០. ជាលំហាត់ប្រាណមួយបែប

ការរួមភេទ អាចចាត់ទុកជាទម្រង់ហាត់ប្រាណមួយបែប ជាពិសេសចំពោះមនុស្សវ័យក្មេងមានសុខភាពល្អ គួរតែរួមភេទយ៉ាងហើចណាស់ 30នាទីក្នុងមួយថ្ងៃ។ ការសិក្សាលើគូស្នេហ៍វ័យក្មេង 20នាក់ បានបង្ហាញថា រាងកាយពួកគេបានស្រកអស់ 85 កាឡូរីជាមធ្យម ក្រោយរួមភេទអស់កន្លះម៉ោង (បុរស : 100 កាឡូរី ស្ត្រី: 69 កាឡូរី) ។

ប្រភព ៖ CNN