kalib9

មិននឹកស្មានថាការបង្កើតថ្មីដ៏ល្បីទាំង១០នេះផ្តើមចេញពីការយល់សប្តិសោះ

ជាទូទៅមនុស្សភាគច្រើនមើលរំលងការយល់សប្តិ ដោយសារតែគេគិតថា វាគ្រាន់តែជាគំនិតរវើរវាយពេលគេងលក់ មិនមានអ្វីជាសំខាន់ទេ។ ក្នុងនោះដែរ គេនៅមិនទាន់អាចយល់ទាំងស្រុងពីលក្ខណៈនៃសុបិន្តទេ ព្រោះថាសុបិន្តសុទ្ធតែមានលក្ខណៈខុសប្លែកគ្នា។ យ៉ាងណាក៏ដោយ មិនមែនការយល់សប្តិទាំងអស់សុទ្ធតែអត់ប្រយោជន៍នោះទេ ពោលគឺមានការយល់សប្តិខ្លះបានផ្តល់ជាគំនិត និងជួយជំរុញមនុស្សឱ្យច្នៃប្រឌិតបង្កើតអ្វីថ្មីៗ តួយ៉ាងការបង្កើតថ្មីដ៏ល្បីទាំង១០នេះគឺផ្តើមចេញពីការយល់សប្តិ។

10. ម៉ាស៊ីនដេរស្វ័យប្រវត្តិ

នៅសតវត្សទី១៩ វិស្វករអាមេរិក Elias Howe​ បានគិតចេញនូវគំនិតបង្កើតម៉ាស៊ីនដេរនេះពីការយល់សប្តិរបស់ខ្លួន។ លោកបានព្យាយាមរចនាបង្កើតម៉ាស៊ីននេះឡើង ប៉ុន្តែបរាជ័យរហូត ដែលធ្វើឱ្យលោកឆ្ងល់ជាខ្លាំងថាហេតុអ្វី? ដោយសារចម្ងល់ដ៏ខ្លាំងនេះ ឱ្យលោកយល់សប្តិអាក្រក់ឃើញគេវាយប្រហារនឹងលំពែងដែលមានរន្ធរាងភ្នែកនៅចុងលំពែង។ សុបិន្តនេះជួយផ្តល់ជាគំនិតឱ្យលោកបង្កើតម៉ាស៊ីននេះឡើងនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ១៨៤៦ (២ឆ្នាំបន្ទាប់ពីការយល់សប្តិ)។

9. Benzene Ring ធាតុផ្សំមួយនៃប្រេងសាំង

Friedrich August Kekule អ្នកគីមីជនជាតិអាល្លឺម៉ង់ ជាអ្នករកឃើញនូវ Benzene Ring ដែលជាធាតុមួយក្នុងប្រេងសាំង និងមានសារៈសំខាន់ចំពោះឧស្សាហកម្មតេលសិលាគីមី។ ពេលលោកកំពុងសរសេរសៀវភៅគីមី លោកបានយល់សប្តិឃើញទម្រង់អាតូម ហើយពេលលោកក្រោកឡើង លោកបានសរសេរទ្រឹស្តី Benzene Ring។ រហូតមកដល់បច្ចុប្បន្ន Benzene នៅតែជាធាតុផ្សំនៃប្រេងសាំង ហើយដែលនៅតែសំខាន់សម្រាប់យានជំនិះ។

8. តារាងខួបធាតុគីមី

ជឿថាអ្នកទាំងអស់គ្នាស្គាល់តារាងខួបធាតុគីមី ហើយក៏មានអ្នកខ្លះធុញទ្រាន់នឹងវាផងដែរនៅក្នុងមុខវិជ្ជាគីមីវិទ្យា។​ តារាងខួបនេះបង្កើតឡើងដោយអ្នកគីមីជនជាតិរូស្ស៊ីឈ្មោះ Dimitri Mendeleev ។ លោកបានឱ្យដឹងថា លោកបានគំនិតបង្កើតតារាងនេះពីការយល់សប្តិ នៅពេលកំពុងសរសេរអត្ថបទ និងមានបំណងធ្វើចំណាត់ថ្នាក់ធាតុគីមីទាំងអស់ ប៉ុន្តែពិបាកធ្វើ។ បន្ទាប់ពី៣ថ្ងៃ ៣យប់នៅនឹងតុធ្វើការដោយមិនបានសម្រាក លោកក៏បោះបង់ហើយគេងសម្រាក។ ភ្លាមៗបន្ទាប់ពីគេងលក់ លោកក៏ទទួលបានចម្លើយយ៉ាងច្បាស់សម្រាប់ជួយបង្កើតតារាងខួបនេះ។

7. Book of Dreams របស់ Jack Kerouac

អ្នកនិពន្ធលោក Jack Kerouac បានសរសេរប្រលោមលោក Book of Dreams ដែលដកស្រង់ទាំងស្រុងពីការយល់សប្តិរបស់លោក។ សៀវភៅនេះមានភាពល្បីល្បាញយ៉ាងខ្លាំង។

6. ការវិភាគចិត្តរបស់ Freud

អ្នកចិត្តវិទ្យាលោក Sigmund Freud បានបង្កើតនូវការវិភាគចិត្ត (Psychoanalysis) បន្ទាប់ពីលោកបានសិក្សាលើសុបិន្តរបស់ខ្លួន ហើយបង្កើតបាននូវវិធីដើម្បីទាញចេញនូវការគិតនានាមកក្នុងចិត្តរបស់លោក ហើយសរសេរវាទុក។ តាមរយៈនេះលោកបានសរសេរសៀវភៅ The Interpretation of Dreams បោះពុម្ពនៅឆ្នាំ១៨៩៩ ដែលធ្វើឱ្យលោកមានភាពល្បីល្បាញជាអន្តរជាតិ។

5. Lorenzo’s Oil

នៅពេល Lorenzo Odone ត្រូវបានពិនិត្យឃើញថាមានជម្ងឺ Adrenoleucodystrophy (ALD) ដែលជាជម្ងឺមានពាក់ព័ន្ធនឹងអាស៊ីតខ្លាញ់ក្នុងឈាម និងអាចបណ្តាលឱ្យស្លាប់បាននោះ ឪពុកម្តាយរបស់គេបានខិតខំប្រឹងប្រែងឥតឈប់ឈរក្នុងការស្វែងរកវិធីជួយព្យាបាលកូនប្រុស។ នៅថ្ងៃមួយបន្ទាប់ពីហត់នឿយនឹងការស្វែងយល់ពីមូលហេតុនៃជម្ងឺ និងស្វែងរកវិធីព្យាបាល ឪពុករបស់ Lorenzo បានសម្រាកលក់ ហើយយល់សប្តិ ដែលការយល់សប្តិនេះបានជួយជាគំនិតឱ្យលោករកឃើញវិធីជួយព្យាបាលកូនប្រុសរបស់ខ្លួន។ វិធីព្យាបាលនោះត្រូវបានដាក់ឈ្មោះថា Lorenzo’s Oil។

4. ភាពយន្តរឿង Avatar

អ្នកដឹកនាំរឿងដ៏ល្បីក្នុងពិភពលោក លោក James Cameron បានប្រាប់សារព័ត៌មានថា ភាពយន្តរឿង Avatar នេះគឺយកចេញពីការយល់សប្តិរបស់លោកកាលពីនៅជានិស្សិតមហាវិទ្យាល័យ។ ក្រៅពីនេះ រឿងហូលីវូដល្បីៗរបស់លោកមួយចំនួនទៀតក៏យកចេញពីការយល់សប្តិដែរ។

3. បទចម្រៀង River of Dreams របស់ Billy Joel

លោក Billy Joel បានលើកឡើងថា បទចម្រៀងដ៏ល្បីរបស់លោកដែលមានចំណងជើងថា  River of Dreams កើតចេញពីការយល់សប្តិរបស់លោក។

2. អាំងស៊ុយលីន (Insulin) ឱសថព្យាបាលរោគទឹកនោមផ្អែម

នៅឆ្នាំ១៩២០ វេជ្ជបណ្ឌិត Frederick Banting បានរកឃើញនូវវិធីព្យាបាលរោគទឹកនោមផ្អែមដោយប្រើអាំងស៊ុយលីននេះ។ លោកបាននិយាយថា គំនិតនេះបានលេចឡើងក្នុងការយល់សប្តិរបស់លោក ហើយនៅពេលដែលលោកភ្ញាក់ឡើងនៅថ្ងៃទី៣១ តុលា ឆ្នាំ១៩២០ វេលាម៉ោង២យប់ លោកបានសរសេរទុកនូវពាក្យមួយចំនួនដែលនាំឱ្យលោកឈានទៅរកឃើញនូវវិធីព្យាបាលនេះ។

  1. តន្រ្តី ‘Rite of Spring’ របស់ Stravinsky​ ដែលនាំឱ្យមានចលាចល

អ្នកនិពន្ធតន្រ្តី Classic លោក Stravinsky បានលើកឡើងថា លោកបានសុបិន្តលឺតន្ត្រីនេះ ហើយក៏សរសេរវាឡើង។ លក្ខណៈមិនធម្មតានៃតន្រ្តីនេះបានធ្វើឱ្យមានចលាចលនៅយប់នៃការសម្តែងដំបូងក្នុងឆ្នាំ១៩១៣ ដោយអ្នកទស្សនាបានដាល់គ្នាទៅវិញទៅមក និងកប់របស់ទៅលើឆាក។ ទោះបីជាមានភាពចលាចលក៏អ្នកទស្សនាភាគច្រើននៅមើលការសម្តែងរហូតដល់ចប់។ Rite of Spring ត្រូវបានគេយល់ថាជាតំណាងឱ្យកំណើតនៃតន្រ្តីទំនើប។

ប្រភព៖ Wonderslist

error: Content is protected !!