kalib9

វិធីសាស្ត្រដ៏ងាយ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់ក្នុងការសម្លាប់កោសិកាមហារីក បង្កើនភាពប្រសើរនៃសុខភាពផ្លូវចិត្ត និងជួយដល់ការសម្រកទម្ងន់

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែចាប់ផ្ដើមផ្លាស់ប្ដូររបបអាហារប្រចាំថ្ងៃរបស់អ្នកទៅជារបបអាហារ Ketogenic។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីជាការប្រសើរអ្នកគួរតែធ្វើការពិភាក្សាជាមួយនឹងវេជ្ជបណ្ឌិត ឬគ្រូពេទ្យឯកទេសខាងចំនីអាហារជាមុនសិន សឹមចាប់ផ្ដើមធ្វើការផ្លាស់ប្ដូួរ។

១. ការចាប់ផ្ដើមរបបអាហារ Ketogenic ឬរបបអាហារដែលមានជាតិកាបូអ៊ីដ្រាតទាប ៖ ដើម្បីចាប់ផ្ដើមជាដំបូង អ្នកត្រូវកាត់បន្ថយនូវរាល់ការទទួលទានអាហារផ្លែឈើ ឬភេសជ្ជៈប្រភេទណាដែលមានផ្ទុកសម្បូរទៅដោយជាតិកាបូអ៊ីដ្រាត គឺមិនត្រូវទទួលទាន ឬផ្ដល់ឲ្យរាងកាយនូវសារជាតិនេះលើសពី ៥០ ក្រាមក្នុងមួយថ្ងៃឡើយ។

ចំពោះប្រូតេអ៊ីន គឺគួរត្រូវបានកំណត់ ឬកម្រិតត្រឹមបរិមាណតិចជាង ១២០ ក្រាម ក្នុងមួយថ្ងៃ ខណៈដែលជាតិខ្លាញ់ល្អអាចឡើងដល់ ២០០ ក្រាមជារៀងរាល់ថ្ងៃ។ ទោះជាយ៉ាងណា ប្រសិមបើអ្នកចង់ស្រកទម្ងន់ ចូរកាត់បន្ថយជាតិខ្លាញ់ ៣០ ក្រាម។

ប្រភពនៃជាតិខ្លាញ់ល្អដែលអ្នកគួរទទួលទានមានដូចជា បឺរ (ខ្លាញ់ទឹកដោះគោ) ផ្លែបឺ ឬអាវូកាដូ ប្រេងដូង ប្រេងអូលីវ ត្រី គ្រាប់ធញ្ញជាតិ ឈីស និងគ្រាប់ផ្លែឈើ។ អ្នកក៏អាចបំពេញនូវរបបអាហាររបស់អ្នកជាមួយនឹងសាច់ដែលសម្បូរដោយជាតិប្រូតេអ៊ីន ស៊ុត និងសណ្ដែកបាយ ជាដើមបានផងដែរ។

២. មូលហេតុដែលអ្នកគួរតែចាប់ផ្ដើមរបបអាហារ Ketogenic

– ជួយសម្រកទម្ងន់ ៖ ប្រភពនៃថាមពលដំបូងបង្អស់របស់រាងកាយ គឺគ្លុយកូស។ ជាចម្បងវាត្រូវបានប្រើក្នុងបរិមាណខ្ពស់ដោយ ខួរក្បាល និងថ្លើមរបស់អ្នក។ ជាតិគ្លុយកូសក៏ជារបស់ដំបូងបំផុតដែលត្រូវស្តុកទុកជាខ្លាញ់ក្នុងពេលដែលអ្នកទទួលទានលើសពេក ឬហួសប្រមាណ ហើយមិនធ្វើសកម្មភាពរាងកាយ ឬហាត់ប្រាណសោះ។

ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលអ្នករឹតត្បិត ឬកំណត់ការទទួលទានកាបូអ៊ីដ្រាតនោះរាងកាយនឹងមិនទទួលបានគ្លុយកូសគ្រប់គ្រាន់ឡើយ។ ដំណើរការនេះនឹងបង្ខំឲ្យរាងកាយធ្វើការដុតបំលែងជាតិខ្លាញ់ទៅជាប្រភពនៃថាមពល។ របបអាហារនេះក៏បង្កើនល្បឿននៃការស្រកទម្ងន់ ដោយការកាត់បន្ថយកម្រិតនៃជាតិស្ករក្នុងឈាម និងកម្រិតអាំងស៊ុយលីន។ ហើយវាក៏មានឥទ្ធិពលរារាំងការស៊ាំនឹងអរម៉ូនអាំងស៊ុយលីន រួមទាំងបង្ការនូវលក្ខខ័ណ្ឌផ្សេងៗដែលបណ្ដាលឲ្យធាត់។

– គ្របគ្រងលើជម្ងឺទឹកនោមផ្អែមប្រភេទទី ២ ៖ ដោយសាររបបអាហារ Ketogenic មានប្រសិទ្ធភាពជួយលើកកម្ពស់ភាពប្រែប្រួលនៃអាំងស៊ុយលីននោះ គឺមានន័យថា វាអាចជួយកាត់បន្ថយបរិមាណអាំងស៊ុយលីនដែលជាស្ថានភាពសុខភាពល្អបំផុតសម្រាប់អ្នកជម្ងឺទឹកនោមផ្អែម ហើយខណៈនោះអ្នកជម្ងឺនឹងមិនចាំបាច់ការទទួលទានថ្នាំជាប្រចាំទៀតទេ។

វាក៏មានប្រសិទ្ធិភាពខ្ពស់ក្នុងជួយគ្រប់គ្រងទៅលើភាពខុសប្រក្រតីនៃស្ថានភាពមួយចំនួនទៀតដូចជា ជម្ងឺខ្លាញ់រុំថ្លើម ធាត់លើសទម្ងន់ បញ្ហាចំណង់អាហារ ជាតិស្ករក្នុងឈាមឡើងខ្ពស់ រោគប្រគ្រីវ និងសម្ពាធឈាមឡើងខ្ពស់ផងដែរ។

– ព្យាបាលជម្ងឺមហារីក ៖ របបអាហារ Ketogenic បង្ការជម្ងឺមហារីកដោយប៉ះពាល់ទៅលើកោសិកាមហារីកផ្ទាល់តែម្ដង។ កោសិកាមហារីក គឺលូតលាស់ចេញពីជាតិគ្លុយកូសដែលមានម៉ូលេគុលដូចគ្នានៅក្នុងជាតិស្ករ និងកាបូអ៊ីដ្រាត។

ដូច្នេះការកាត់​​​បន្ថយនូវជាតិគ្លុយកូសចេញពីជីវិតរបស់អ្នក គឺប្រៀបដូចជាការបង្អត់សារធាតុចិញ្ចឹមដែលជម្ងឺមហារីកត្រូវការ ហើយវានឹងងាប់ ដោយសារតែវាមិនអាចរស់នៅពឹងលើប្រភពថាមពលជំនួសផ្សេងទៀត។ វេជ្ជបណ្ឌិតមួយចំនួន រួមទាំងអ្នកស្រាវជ្រាវជំងឺមហារីកលោកវេជ្ជបណ្ឌិត Thomas Seyfried បាននិយាយថា របបអាហារ  ketogenic អាចមានប្រសិទ្ធភាពខ្ពស់ក្នុងការព្យាបាលជំងឺមហារីកជាងការព្យាបាលដោយថ្នាំគីមី។

– ផ្ដល់ឲ្យសុខភាពផ្លូវចិត្តនូវភាពប្រសើរឡើង ៖ សារធាតុ Ketones ដែលត្រូវបានផលិតឡើងនៅពេលដែលរាងកាយបំបែកជាតិខ្លាញ់ គឺដើរតួជាប្រភេទនៃថាមពលជំនួសម្រាប់ខួរក្បាលរបស់អ្នក។ ពួកវាថែមទាំងអាចជួយឲ្យសសៃប្រសាទបង្កើតថ្មីឡើងវិញ ហើយជួសជុលការខូចខាតដោយខ្លួនឯង។ នៅពេលដែលអ្នកជម្ងឺទទួលរងនូវជម្ងឺភ្លេចភ្លាំង កោសិកាខួរក្បាលនឹងមិនអាចប្រើប្រាស់ជាតិគ្លុយកូសដែលជាប្រភពនៃថាមពលបានទេ ហើយវានឹងងាប់។

របបអាហារដែលមានជាតិកាបូអ៊ីដ្រាតទាប គឺមានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺភ្លេចភ្លាំង ដោយការផ្តល់ឲ្យខួរក្បាលរបស់អ្នកនូវប្រភពថាមពលជំនួសដើម្បីកាត់បន្ថយការភ្លេចភ្លាំង ឬការចុះអន់ថយនៃចងចាំយល់ដឹង។ លើសពីនេះទៀតការស្រាវជ្រាវមួយបានរកឃើញថា របបអាហារ Ketogenic ក៏មានឥទ្ធិពលកាត់បន្ថយនូវរោគសញ្ញានៃជំងឺវិកលចរិកចំពោះការពិសោធន៍នៅលើសត្វកណ្តុរ ខណៈពេលដែលករណីសិក្សាជាច្រើនផ្សេងទៀតបានរកឃើញអត្ថប្រយោជន៍ដ៏ល្អប្រសើរជាច្រើននៃរបបអាហារនេះសម្រាប់អ្នកដែលមានជំងឺធ្លាក់ទឹកចិត្ត និងជំងឺបាយផូឡា។

ហើយក៏ព្រោះតែវារក្សាកម្រិតនៃជាតិអាស៊ីត gamma-aminobutyric (GABA) នៅក្នុងខួរក្បាលនោះវាពីតជាមានសារៈសំខាន់សម្រាប់សុខភាពផ្លូវចិត្ត ហើយរបបអាហារ Ketogenic ក៏មានប្រយោជន៍បំផុតសម្រាប់មនុស្សដែលមានការថប់បារម្ភ និងជំងឺសរសៃប្រសាទផងដែរ៕

អត្ថបទ ៖ Bee

ប្រភព ៖ Khmer Note