kalib9

បំបាត់ស្នាមមុន និងរោគមុនលើផ្ទៃមុខ ដោយគ្រាន់តែអនុវត្តន៍តាមវិធីសាស្ត្រងាយៗ ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់ទាំងនេះ

ស្បែកមុខរលោងស្អាតគ្មានមុន ឬស្នាមមុន គឺជាអ្វីដែលមនុស្សភាគច្រើនប្រាថ្នាចង់បាន។ ខាងក្រោមជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពប្រយុទ្ធប្រឆាំងទៅនឹងបញ្ហានៃការកើតមុន ក៏ដូចជាជួយបំបាត់ចោលនូវស្នាមមុនផ្សេងៗបានយ៉ាងងាយ និងឆាប់រហ័សដោយមិនចាំបាច់ត្រូវចំណាយប្រាក់អស់ច្រើនទៀតផង ៖

១. កម្ចាត់រោគមុន ដោយការប្រើប្រាស់ទឹកខ្មេះផ្លែប៉ោម ៖ អ្វីដែលអ្នកត្រូវធ្វើនោះ គឺគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោមចំនួន ១ ស្លាបព្រាបាយ ជាមួយនឹងទឹកបិត ឬទឹកចម្រោះចំនួន ២ ទៅ ៣ ស្លាបព្រាបាយ។ លាយឲ្យសព្វចូលគ្នា បន្ទាប់ពីលាងសម្អាតមុខរួច ចូរចាប់ផ្ដើមលាបទឹកល្បាយទៅលើស្បែកមុខដោយប្រើបន្ទះសំឡី។

ចាំរហូតទាល់ទឹកល្បាយស្ងួតពីមុខសិន សឹមធ្វើការលាបផលិតផលថែរក្សាស្បែកផ្សេងៗទៀតតាមក្រោយ។ អនុវត្តន៍តាមគន្លឹះនេះឲ្យបាន ២ ដង ក្នុងមួយថ្ងៃ ឬរៀងរាល់ក្រោយពេលដែលអ្នកលាងសម្អាតមុខរួច។ ទឹកខ្មេះផ្លែប៉ោមមានផ្ទុកនូវអាស៊ីតអាសេទិច រួមទាំងមីក្រូសារធាតុមួយចំនួនដូចជា ប៉ូតាស្យូម និងម៉ាញ៉េស្យូម។

វាជាភ្នាក់ងារបំបាត់ជាតិពុលដ៏មានឥទ្ធិពល ឬប្រសិទ្ធភាពខ្ពស់បំផុតជាមួយនឹងលក្ខណៈសម្បត្តិប្រឆាំងពពួកបាក់តេរី ក៏ដូចរោគផ្សិតជាដើមដែលអាចជួយអ្នកក្នុងការបញ្ឈប់ឲ្យបាននូវបញ្ហារោគមុន ប្រសិនបើអ្នកព្យាយាមសាកល្បងប្រើទឹកជូតសម្អាតមុខដែលផ្សំឡើងពីទឹកខ្មេះផ្លែប៉ោម។


២. បំបាត់ស្នាមមុន ដោយការប្រើប្រាស់តែបៃតង ៖ អ្វីដែលអ្នកត្រូវធ្វើ គឺដាក់តែថង់តែចំនួន ២ ឬ ២ស្លាបព្រា នៃស្លឹកតែក្រៀមចូលទៅក្នុងចានគោមមួយ។ បន្ទាប់មកធ្វើការដាំទឹកចំនួន ៥០០ មីលីលីត្រឲ្យពុះ រួចសឹមចាក់ចូលទៅលើតែក្នុងចាន។ នៅពេលដែលតែត្រូវបានឆុងហើយ ចូរយកថង់តែ ឬស្រង់ស្លឹកតែចេញ។

សកម្មភាពត្រូវអនុវត្តន៍បន្ត គឺយកក្រណាត់ស្អាត ហើយទន់មួយដាក់ចូលក្នុងចាន។ ទុកចោលរហូតទាល់តែក្រណាត់សើមជោក ឬឆ្អែតទឹក សឹមស្រង់ចេញ និងដាក់ទៅលើផ្ទៃមុខ ហើយទុកចោលបែបនេះឲ្យបានរយៈពេលពី ៥​​​ ទៅ ១០ នាទី។

អ្នកអាចអនុវត្តន៍តាមវិធីសាស្ត្រនេះបានពី ៣ ទៅ ៤ ដងក្នុងមួយថ្ងៃ។ តែបៃតងមានផ្ទុកនូវសារធាតុ phenols ដែលជាសារធាតុប្រឆាំងនឹងប្រតិកម្មអុកស៊ីត ក៏ដូចជាការរលាក ហើយថែមទាំងផ្តល់ផលប្រយោជន៍ក្នុងការព្យាបាលជាលិកាស្លាស ឬជាលិកាស្លាកស្នាមផងដែរ៕

អត្ថបទ ៖ Bee

ប្រភព ៖ Khmer Note