kalib9

កំពូលតារាម៉ូដែល ១២រូបកើតមកខុសប្លែកពីមនុស្សធម្មតា តែអាចផ្លាស់ប្តូរពីការបាក់ទឹកចិត្ត ទៅជាកម្លាំងចិត្ត តស៊ូរហូតក្លាយខ្លួនជាជនល្បីឈ្មោះក្នុងពិភព Model

បរទេស៖ សព្វថ្ងៃនេះ តារាម៉ូដែលស្រី មិនមែនផ្តោតសំខាន់ទៅលើតែភាពស្រស់ស្អាតមួយមុខនោះទេ។ អ្វីដែលត្រូវបានបន្ថែមទៅលើសម្រស់ នោះគឺ ភាពខុសប្លែកពីអ្នកដទៃ។

ជាក់ស្តែង តារាម៉ូដែលស្រី១២រូបខាងក្រោមនេះ មានចំណុចពិសេស និងប្លែកខុសពីតារាម៉ូដែល ឬមនុស្សទូទៅធម្មតា ប៉ុន្តែពួកគេទទួលបានភាពល្បីល្បាញមកដល់សព្វថ្ងៃនេះ ក៏ដោយសារតែចំណុចប្លែកទាំងនោះដែរ។

ចង់ដឹងថាតារាម៉ូដែលទាំង១២រូបនោះមានអ្នកណាខ្លះ ហើយចំណុចប្លែករបស់ពួកគេបែបណាវិញ សូមតាមដាននៅខាងក្រោម៖

១. កញ្ញា Jean Turner

តារាសម្តែងស្រីវ័យក្មេង កញ្ញា Jean Turner មិនមានសក់សូម្បីតែមួយសរសៃនៅលើក្បាល ប៉ុន្តែនាងបានសម្រេចចិត្តដាក់ពាក្យប្រកួតនៅក្នុងកម្មវិធី “America’s Next Top Model” ជាមួយភាពក្លាហានក្នុងការបង្ហាញចំណុចពិសេសរបស់នាង ហើយក៏បានធ្វើឲ្យនាងមានមោទនភាពចំពោះខ្លួនឯងផងដែរ។

២. កញ្ញា Lauren Elyse

ក្នុងនាមជាតារាបង្ហាញម៉ូត និងជាអ្នកជំនាញតុបតែងមុខមកពីទីក្រុង Chicago កញ្ញា Lauren Elyse មិនមានភាពអៀនខ្មាស ដោយសារតែស្លាកស្នាមនៅត្រង់រង្វង់ភ្នែកទាំងសងខាងរបស់នាងឡើយ។ ដោយមានការបន្ថែមពណ៌ និងតុបតែងបន្ថែមទៅលើមុខ ទើបធ្វើឲ្យ Lauren កាន់តែទទួលបានការចាប់អារម្មណ៍ខ្លាំង ហើយវាក៏បានក្លាយជាការចងចាំដ៏ល្អដែរ។

៣. កញ្ញា Somalia Knight

កាលពីក្មេង Somalia តែងតែត្រូវបានគេសើចចម្អក ដោយសារតែត្រចៀកដ៏ធំរបស់នាង។ ប៉ុន្តែនៅពេលដែលនាងធំឡើង ទើបនាងដឹងថា នេះគឺជាចំណុចពិសេសរបស់នាង ហើយនាងក៏បានក្លាយជាតារាម៉ូដែល និងទទួលបានជោគជ័យខ្លាំងនៅក្នុងឧស្សាហកម្មមួយនេះ។ លើសពីនេះ នាងក៏ជាវាគ្មិនដែលតែងតែនិយាយលើកទឹកចិត្តគ្រប់គ្នាឲ្យចេះឲ្យតម្លៃលើចំណុចពិសេសរបស់ខ្លួនផងដែរ។

៤. កញ្ញា Julia Nobis

មនុស្សជាច្រើនមានភាពអៀនខ្មាស និងមិនពេញចិត្តជាមួយទម្រង់ច្រមុះធំឡើយ ប៉ុន្តែ Julia Nobis ដែលជាតារាម៉ូដែលជនជាតិអូស្ត្រាលីមួយរូបនេះ មិនដែលគិតថា ចង់ទៅវះកាត់កែសម្ផស្សដោយសារតែច្រមុះធំរបស់នាងឡើយ ព្រោះតែនាងមើលឃើញពីចំណុចពិសេសនេះ ហើយក៏បានតស៊ូរហូតទទួលបានភាពល្បីល្បាញ។

៥. កញ្ញា Carissa Pinkston

មុខរបស់កញ្ញា Carissa ពោរពេញទៅដោយអាចម៍រុយ ប៉ុន្តែនាងពេញចិត្តនឹងវាខ្លាំងណាស់ ព្រោះដោយសារតែវាហើយ ទើបអាចឲ្យនាងប្រឹងប្រែង និងធ្វើឲ្យគ្រប់គ្នាសម្លឹងទៅរកនាងបែបនេះ។

៦. កញ្ញា Iman Mariah

កាលពីមុន Iman គឺជាគ្រូបង្រៀនដែលពោរពេញដោយភាពអៀនខ្មាស ដោយសារតែចិញ្ចើមពណ៌ទង់ដែងទាំងសងខាងរបស់នាង។ ក្រោយមក នាងបានសម្រេចចិត្តធ្វើទៅតាមក្តីស្រមៃរបស់នាង គឺធ្វើជាតារាម៉ូដែលមួយរូប។ ដោយសារតែចិញ្ចើមពណ៌ទង់ដែងនេះហើយ ដែលជាចំណុចពិសេស ធ្វើឲ្យនាងសម្រេចក្តីស្រមៃដ៏ធំនេះ។

៧. កញ្ញា Tia Jonsson

តារាម៉ូដែលមកពី ក្រុមហ៊ុន Anti-Agency កញ្ញា Tia Jonsson មានបញ្ហាទៅលើជាតិពណ៌នៃរាងកាយរបស់នាង ប៉ុន្តែនាងបានប្រើប្រាស់ចំណុចពិសេសនេះ ធ្វើជាអត្តសញ្ញាណរបស់នាងតែម្តង។

៨. កញ្ញា Khrystyana Kazakova

កញ្ញា Khrystyana Kazakova ជាតារាម៉ូដែលទំហំធំ ប៉ុន្តែនាងពេញចិត្តនឹងរូបរាងរបស់នាងខ្លាំងណាស់ ហើយនាងក៏ជោគជ័យខ្លាំងនៅក្នុងឧស្សាហកម្មបង្ហាញម៉ូតផងដែរ។

៩. កញ្ញា Kyla Coleman

ច្រមុះរីកធំ បបូរមាត់ស្ពេស ភ្នែកតូចៗ មិនស្របទៅតាមលក្ខខណ្ឌដែលត្រូវបានគេជ្រើសរើសធ្វើជាតារាម៉ូដែលនោះទេ ប៉ុន្តែ កញ្ញា Kyla Coleman បានក្លាយជាមនុស្សដំបូងដែលអាចបំបែកលក្ខខណ្ឌនេះ ហើយក៏មានមនុស្សជាច្រើនបានបាក់ចិត្តស្រឡាញ់ទម្រង់មុខដូចជានាងដែរ។

១០. កញ្ញា Ikram Abdi Omar

កញ្ញា Ikram Abdi Omar គឺជាតារាម៉ូដែលជនជាតិអ៊ីស្លាមដែលស្រស់ស្អាតបំផុតនៅក្នុងពិភពបង្ហាញម៉ូត។ ដោយសារតែនាងត្រូវតែពាក់ក្រណាត់ hijab ដូច្នេះអ្នកច្នៃម៉ូតល្បីៗក៏បានច្នៃម៉ូត ដោយគោរពទៅតាមសាសនារបស់នាងដែរ។

១១. កញ្ញា Sarah McDaniel

ភាពខុសប្លែករបស់ កញ្ញា Sarah McDaniel នោះគឺ កែវភ្នែកទាំងសងខាងមានពណ៌ផ្សេងគ្នា ហើយវាក៏បានក្លាយជាចំនុចខ្លាំងរបស់នាងដែរ។ នាងធ្លាប់ជាតារាគ្របមុខប្រចាំទស្សនាវដ្តី Playboy ហើយក៏បានចូលរួមសម្តែងក្នុងវីដេអូចម្រៀង របស់ Mark Ronson និង Kevin Parker ផងដែរ។

១២. កញ្ញា Connie Chiu

កញ្ញា Connie គឺជាមនុស្សកើតជំងឺភឿកដំបូងបំផុត ដែលអាចប្រឡូកក្នុងវិស័យដើរម៉ូត។ ជាក់ស្តែង នាងត្រូវការពារស្បែករបស់នាងពីកម្តៅព្រះអាទិត្យ ដូចជាអ្នកកើតភឿកផ្សេងៗទៀតដែរ។ ហេតុដូច្នេះហើយទើបបានជានាង ត្រូវបានគ្រួសារបញ្ជូនពីទីក្រុងហុងកុង ឲ្យមករស់នៅ ប្រទេសស៊ុយអ៊ែត ហើយនេះក៏ជាដើមចមដែលនាំឲ្យនាងឈានជើងចូលវិស័យដើរម៉ូតនេះដែរ៕