kalib9

សំខាន់ណាស់សម្រាប់ស្រ្តី! ពណ៌នៃឈាមរដូវបង្ហាញពីបញ្ហាសុខភាពមួយចំនួនដែលស្ត្រីគ្រប់រូបមិនគួរមើលរំលង

ការយល់ដឹង និងការចេះពិនិត្យមើលទៅលើពណ៌នៃឈាមរដូវ គឺពិតជាសំខាន់ខ្លាំងណាស់សម្រាប់នារីៗគ្រប់រូប។ ហើយការយល់ដឹងអំពីថាតើឈាមរដូវគួរតែមានរូបរាង ឬសភាពដូចម្ដេចនោះក៏អាចសង្គ្រោះអ្នកឲ្យរួចផុតពីស្ថានភាពគ្រោះថ្នាក់បំផុតបានផងដែរ។ ឧទាហរណ៍ ឈាមរដូវមានពណ៌ផ្កាឈូកស្រាលអាចជាសញ្ញានៃកម្រិតអ៊ីស្ត្រូសែនចុះទាប ហើយបញ្ហានេះនឹងបង្កឲ្យស្ត្រីកើតមានជម្ងឺពុកឆ្អឹងនៅពេលអនាគត។ ខាងក្រោមជាពណ៌នីមួយៗនៃឈាមរដូវដែលអាចប្រាប់អ្នកឲ្យដឹងអំពីសុខភាពរបស់ខ្លួនឯង ៖

៧. ពណ៌ផ្កាឈូក ៖ ឈាមរដូវដែលមានពណ៌ផ្កាឈូកអាចជាសញ្ញាបញ្ចាក់ឲ្យដឹងពីអ័រម៉ូនអឺស្ត្រូសែនមានកម្រិតទាបនៅក្នុងរាងកាយរបស់ស្ត្រី។ ការលេងកីឡាប្រភេទផ្សេងៗ ពិសេស គឺការរត់ អាចជាមូលហេតុចម្បងដែលបណ្ដាលឲ្យកម្រិតនៃអ័រម៉ូនអឺស្ត្រូសែនធ្លាក់ចុះទាប ហើយធ្វើឲ្យឈាមរដូវប្រែជាមានពណ៌ថ្លាជាងធម្មតា។ ការធ្លាក់ចុះទាបនៃកម្រិតអ័រម៉ូននេះជាអ្វីដែលស្ត្រីគ្រប់រូបគួរតែអើពើយកចិត្តទុកដាក់ ក៏ព្រោះមានការសិក្សាស្រាវជ្រាវជាច្រើនបានរកឃើញអំពីទំនាក់ទំនងមួយរវាងអ័រម៉ូនអឺស្ត្រូសែន និងជម្ងឺពុកឆ្អឹងនៅពេលក្រោយក្នុងជីវិត។

៦. ពណ៌ដូចទឹក ៖ សំដៅដល់ឈាមរដូវដែលស្ទើរតែគ្មានពណ៌ ឬមានពណ៌ផ្កាឈូកស្រាលខ្លាំងពេក។ ឈាមរដូវប្រភេទនេះ គឺអាចជាសញ្ញាមួយបង្ហាញឲ្យដឹងពីបញ្ហានៃកង្វះសារធាតុចិញ្ចឹមក្នុងរាងកាយ ឬអាចជាសញ្ញាមួយដែលបញ្ជាក់ឲ្យដឹងពីជម្ងឺមហារីកក្រពេញអូវែ។ ប៉ុន្តែអ្នកមិនចាំបាច់ត្រូវភ័យព្រួយពេកទេ ក៏ព្រោះជំងឺមហារីកបំពង់ស្បូននេះបានកើតមានតិចជាង ២ ភាគរយនៃជម្ងឺមហារីករោគស្ត្រីផ្សេងៗ។ មិនថាយ៉ាងណាក៏ដោយ ដើម្បីជាការប្រសើរអ្នកគួរតែទៅជួបពិនិត្យជាមួយគ្រូពេទ្យជំនាញ។

៥. ពណ៌ត្នោតចាស់ ៖ ពណ៌ត្នោតចាស់ ឬពណ៌ក្រហមដិតនៃឈាមរដូវ គឺបណ្ដាលមកពីមានឈាមមួយចំនួនត្រូវបានស្ថិតជាប់នៅក្នុងស្បូនយូរពេក។ គ្មាននរណាម្នាក់ដឹងថាហេតុអ្វីបានជាបញ្ហានេះកើតឡើងឡើយ ប៉ុន្តែវាត្រូវបានគេចាត់ទុកថាជារឿងធម្មតាមួយប៉ុណ្ណោះ។

៤. ឈាមរដូវមានសភាពក្រាស់ពណ៌ក្រហមដិត ​​​ហើយមើលទៅដូចដំណាប់ផ្លែឈើ ឬដុំចាហ៊ួយ ៖ បញ្ហានេះកើតឡើងដោយសារតែអតុល្យភាពនៃអ័រម៉ូនទាំង ២ របស់ស្ត្រី គឺអ័រម៉ូនប្រូហ្គេស្តេរូន (progesterone) មានកម្រិតទាប ហើយអ័រម៉ូនអឺស្ត្រូសែនមានកម្រិតខ្ពស់។ ដុំសាច់ដែលមានជាលិកាជាសរសៃហ្វ៊ីបជាធម្មតានៅក្នុងស្បូន (ពុំមែនមហារីកស្បូនទេ) ក៏អាចជាមូលហេតុមួយដែលបង្កឲ្យមានបញ្ហាបែបនេះកើតឡើងផងដែរ។ ប៉ុន្តែទោះជាយ៉ាងណា ស្ថានភាពនេះ គឺមិនត្រូវបានគេចាត់ទុកថាជាបញ្ហាធ្ងន់ធ្ងរគួរឲ្យបារម្ភឡើយ។

៣. ពណ៌ប្រផេះលាយក្រហមស្រគាំ ៖ ឈាមរដូវដែលមានពណ៌ប្រផេះ ឬប្រផេះលាយក្រហមស្រគាំ អាចមានន័យ ២ ផ្សេងពីគ្នា។ ន័យទី ១ គឺប្រសិនបើអ្នកគ្មានផ្ទៃពោះទេនោះ វាអាចជាសញ្ញាមួយនៃការឆ្លងមេរោគ STD ឬ STI ដែលជាប្រភេទរោគឆ្លងតាមរយៈការរួមភេទ។ ចំពោះន័យទី ២ គឺប្រសិនបើអ្នកបានរាំងរដូវយ៉ាងហោចណាស់ម្ដងនៃការមករដូវរាល់ខែ នោះវាអាចជាសញ្ញានៃការរលូតកូនតំណាក់កាលដំបូង។

២. ពណ៌ក្រហមដូចផ្លែ Cranberry ឬពណ៌ក្រហមស្រស់ ៖ ឈាមរដូវដែលមានពណ៌ក្រហមស្រស់ គឺជាសញ្ជាក់បញ្ជាក់អំពីសុខភាពល្អ។ ទោះជាយ៉ាងណាក៏ដោយ ក៏អ្នកគួរទៅជួបពិនិត្យសុខភាពជាមួយនឹងគ្រូពេទ្យជំនាញឲ្យបានទៀងទាត់ទើបជាការប្រសើរ។

១. ពណ៌ទឹកក្រូច ៖ ប្រសិនបើឈាមរដូវរបស់អ្នកមានពណ៌ទឹកក្រូច អមមកជាមួយនឹងក្លិនមិនល្អ ហើយផ្ដល់ការឈឺចាប់នោះមានន័យថា អ្នកកំពុងឆ្លងមេរោគ
STD ឬ STI (ប្រភេទនៃរោគឆ្លងតាមទ្វារមាស) ហើយ។ ដូច្នេះអ្នកគួរប្រញាប់ទៅជួបពិនិត្យជាមួយនឹងគ្រូពេទ្យជំនាញជាបន្ទាន់៕

ប្រភព ៖ Khmer Note

error: Content is protected !!