kalib9

គួរតែអាន! អាហារ ១០ ប្រភេទដែលរក្សាទុកបានយូរហួសការគិតរបស់អ្នក ហើយខ្លះទៀតមិនចេះផុតកំណត់ទៀតផង

ការទទួលទានអាហារដែលហួសកំណត់ ធ្វើអោយមានគ្រោះថ្នាក់ចំពោះសុខភាពបំផុត ប៉ុន្តែមានផលិតផលអាហារមួយចំនួនដែលអ្នកអាចទទួលទានវាបានដោយមិនប៉ះពាល់ដល់សុខភាពនោះទេ ព្រោះវានៅតែមានគុណភាពល្អដដែលក្នុងរយៈពេលរាប់ឆ្នាំ។ ចង់ដឹងទេថា តើអ្វីខ្លះទៅដែលគ្មានថ្ងៃផុតកំណត់នោះ? តោះមកមើលទាំងអស់គ្នា ៖

១. អង្ករ

សីតុណ្ហភាពល្អបំផុតសម្រាប់រក្សាទុកអង្ករ គឺ 4,5 អង្សារសេ ឬក្រោមនេះ។ វានឹងកាន់តែប្រសើរបើលោកអ្នកទុកអង្ករក្នុងថង់ប្លាស្ទិចច្រកអាហារ ឬក្នុងក្រឡកែវ។ ការសិក្សាមួយបានបង្ហាញថា ក្រោមលក្ខខណ្ឌទាំងនេះ អង្ករនឹងអាចរក្សាគុណភាពដល់ទៅជាង ៣០ឆ្នាំ ដោយមិនបាត់បង់ក្លិន និងជីជាតិ។

២. ម្សៅទឹកដោះគោ

ម្សៅទឹកដោះគោដែលបានផលិតតាមស្ដង់ដាសុខាភិបាលត្រឹមត្រូវ អាចរក្សាទុកយ៉ាងយូរដោយមិនខូច ឬថយចុះគុណភាពនោះទេ ប្រសិនបើលោកអ្នកទុកវាក្នុងកែវបិតជិត។

៣. ទឹកស៊ីអ៊ីវ

ទឹកស៊ីអ៊ីវអាចស្តុកទុកយ៉ាងហោចណាស់ ៣ឆ្នាំ ទោះបីជាដបបានបើគម្របហើយក៏ដោយ ហើយបើសិនលោកអ្នកទុកក្នុងដបបិតជិត នោះទឹកស៊ីអ៊ីវអាចរក្សាគុណភាពយូរជាងនេះទៅទៀត។ យូរប៉ុណ្ណានោះ គឺវាអាស្រ័យនឹងប្រភេទទឹកស៊ីអ៊ីវនោះ ចលនការផលិត គុណភាព និងសីតុណ្ហភាពរក្សាទុក។

៤. ស៊ីរ៉ូ maple

យោងទៅតាម Massachusetts Maple Producers Association បានអោយដឹងថា ទឹកស៊ីរ៉ូ maple ដែលមិនទាន់បានបើកអាចរក្សាទុកដោយគ្មានថ្ងៃកំណត់ ហើយទោះជាបានបើកប្រើហើយក៏ដោយ លោកអ្នកនៅតែអាចប្រើវារាប់ឆ្នាំដោយគ្រាន់តែក្លាសេក្នុងទូទឹកកក។

៥. សណ្ដែកក្រៀម

ក្រុមអ្នកស្រាវជ្រាវពីសាកលវិទ្យាល័យ Brigham Young University បានរកឃើញថា បន្ទាប់ពីស្តុកសណ្ដែកប្រភេទនេះអស់ ៣០ឆ្នាំ សណ្ដែកប្ដូររូបរាង តែគុណភាពនៅអាចទទួលយកបាន បើសិនលោកអ្នកត្រូវការប្រើប្រាស់ក្នុងករណីបន្ទាន់ណាមួយនោះ។

៦. អំបិល

អំបិល ជាសារធាតុរ៉ែមួយប្រភេទ។ ជាទូទៅ សារធាតុរ៉ែងាយនឹងហួតទឹក ហើយក្លាយជារឹងដូចថ្មមួយដុំនៅពេលណាមួយ។ ប៉ុន្តែ អំបិលនៅតែជាអំបិល។ អ្នកនៅតែអាចប្រើប្រាស់វាទោះជាវាត្រូវស្ដុកទុកយូរហើយក៏ដោយ គ្រាន់តែជាតិអ៊ីយ៉ូតក្នុងអំបិលបានបាត់បង់តាំងពីរយៈពេលមួយឆ្នាំ។

៧. ភេសជ្ជៈមានជាតិអាល់កុលខ្លាំង

ស្រាខ្លាំងដូចជា vodka, whisky, rum និង cognac គ្មានថ្ងៃផុតកំណត់នោះទេ ប៉ុន្តែលោកអ្នកត្រូវរក្សាវានៅកន្លែងម្លប់ត្រជាក់ និងក្នុងដបបិតជិត។

៨. ទឹកខ្មេះ

ទឹកខ្មេះ ជាផលិតផលដែលគ្មានថ្ងៃផុតកំណត់ទេ ប៉ុន្តែលោកអ្នកត្រូវរក្សាទុកវានៅក្នុងដបបិតអោយជិត នៅកន្លែងម្លប់ត្រជាក់ ឆ្ងាយពីកម្ដៅ។

៩. ស្ករស

ស្ករស ក៏មិនខុសពីអំបិលដែរ។ វាអាចរក្សាទុកបានដោយគ្មានថ្ងៃផុតកំណត់ ហើយបើទោះទុកយូរវាកករឹង ក៏វាមិនបាត់គុណភាពដែរ។

១០. ទឹកឃ្មុំ

ទឹកឃ្មុំ គឺល្អជាងគេបំផុត ព្រោះវាអាចរក្សាគុណភាពដូចដើមជារៀងរហូត ដោយសារធាតុផ្សំគីមីរបស់វាធ្វើអោយបាក់តេរីមានការពិបាកនឹងលូតលាស់។ ជាភស្តុតាង អ្នកបុរាណវិទូបានរកឃើញក្រឡផ្ទុកទឹកឃ្មុំនៅប្រាសាទពីរ៉ាមីតប្រទេសអេហ្ស៊ីប ដែលមានអាយុកាលប្រហែល 2000-3000 ឆ្នាំ ហើយទឹកឃ្មុំនោះនៅអាចទទួលទានបានជាមួយគុណភាពឥតខ្ចោះដូចដើម។

ប្រភព ៖ Brightside