kalib9

រំភើបចិត្តជំនួស! តើមានមនុស្សប្រុសប៉ុន្មាននាក់អាចធ្វើបានដូចគាត់? នារីម្នាក់ត្រូវគូស្នេហ៍ចាស់បោះបង់ចោលទាំងដែលកំពុងមានផ្ទៃពោះ ប៉ុន្តែក្រោយមកនាងក៏បានជួបបុរសល្អម្នាក់ដែលស្ម័គ្រចិត្តមើលថែនាងនិងកូន!

ម៉ាឡេស៊ី៖ មនុស្សជាច្រើនចំណាយពេលក្នុងជីវិតរបស់ពួកគេ សម្រាប់ស្វែងរកដៃគូរួមជីវិត ដើម្បីចំណាយពេលដែលនៅសេសសល់ទាំងប៉ុន្មានរស់នៅមានសុភមង្គលជា​​​មួយគ្នា ហើយមានពេលខ្លះពួកយើងក៏បានលួចគិតថាតើពេលណាទើបអាចរកឃើញគូព្រងត្រឹមត្រូវម្នាក់។

ការស្វែងរក ការសម្រេចចិត្ត​​​ ក៏ដូចជាការព្រមរស់នៅជាមួយនរណាម្នាក់នោះ ពេលខ្លះអាចនឹងមិនបានដូចអ្វីដែលយើងបានគិតទេ មនុស្សដែលយើងគិតថាជាដៃគូត្រឹមត្រូវសមជាមួយយើងអាចធ្វើឲ្យយើងជួបនឹងការឈឺចាប់ខ្ទិចបេះដូងក៏ថាបាន។ យ៉ាងណាមិញ ជីវិតគឺវាពោរពេញទៅដោយជោគវាសនាដែលនឹកស្មានមិនដល់។

ជាក់ស្ដែងដូចជារឿងរ៉ាវស្នេហារបស់នារីវ័យក្មេងជនជាតិម៉ាឡេស៊ីឈ្មោះ Nicole Tee ដែលនាងបានសរសេរចែករំលែកបង្ហាញពីភាពរំជួលចិត្តនឹកស្មានមិនដល់ដែលនាងបានជួបប្រទះក្នុងជីវិត ក្រោយពីបានជួបគូស្នេហ៍បច្ចុប្បន្នរបស់នាង។

Nicole ត្រូវបានអតីតមិត្តប្រុសរបស់នាងបោះបង់ចោលទាំងដែលនាងកំពុងមានផ្ទៃពោះ ប៉ុន្តែវាពិតជាសំណាងដ៏ល្អមួយសម្រាប់នាង ដោយនាងបានជួបនូវមនុស្សម្នាក់ទៀតដែលអាចជួយនាងឲ្យមានភាពរឹងមាំនិងស្គាល់សុភមង្គលក្នុងជីវិតឡើងវិញ។

Nicole បានសរសេររៀបរ៉ាប់លើបណ្ដាញសង្គមរបស់នាងអំពីការដែលនាងបានជួបបុរសម្នាក់ទៀតដែលត្រូវជាមិត្តប្រុសបច្ចប្បន្នរបស់នាង បុរសម្នាក់នេះបានទទួលយកនូវរឿងរ៉ាវអតីតកាល ក៏ដូចជាព្រមទទួលយកកូនរបស់នាងជាមួយនឹងគូស្នេហ៍ចាស់ ហើយចាត់ទុកដូចជាកូនបង្កើតរបស់គាត់។

គ្មានអ្វីគួរឲ្យឆ្ងល់ទេ ដែលថារឿងវ៉ាវនេះបានកក្រើកល្បីយ៉ាងលឿនលើបណ្ដាញសង្គម។ Nicole បានសរសេររៀបរ៉ាប់ថា៖

“កាលពីប៉ុន្មានខែមុន នៅពេលដែលខ្ញុំកំពុងតែពពោះនៅឡើយ ខ្ញុំពិតជាមានអារម្មណ៍ពិបាកចិត្ត​​​ ព្រមទាំងមានសម្ពាធខ្លាំងណាស់ ខ្ញុំមិនចង់និយាយឬទាក់ទងជាមួយនរណាទៀតនោះទេ។ ប៉ុន្តែទោះជាយ៉ាងណា នៅពេលដែលខ្ញុំបានជួបជាមួយមិត្តប្រុសបច្ចុប្បន្ន ដំបូងពួកយើងបានក្លាយជាមិត្តភក្កិនឹងគ្នាទោះបីជាគាត់បានដឹងថាខ្ញុំកំពុងមានផ្ទៃពោះក៏ដោយ ក៏គាត់មិនគិតស្អប់ខ្ពើមខ្ញុំ គាត់បានពង្រឹងទំនុកចិត្តរបសខ្ញុំឡើងវិញជាមួយនឹងការយកចិត្តទុក ព្រួយបារម្ភដែលគាត់មានចំពោះខ្ញុំ។”

“ថ្ងៃមួយ គាត់បានសម្រេចចិត្តថាបើទោះបីជាខ្ញុំមានផ្ទៃពោះជាមួយបុរសផ្សេងដែលជាគូស្នេហ៍ចាស់របស់ខ្ញុំក៏ដោយ ក៏គាត់នៅតែស្រឡាញ់ខ្ញុំយ៉ាងស្មោះ គាត់ចង់មើលថែរក្សាខ្ញុំនិងកូន។ គាត់បានទិញផ្កាមួយបាច់ជូនខ្ញុំ ហើយបានសារភាពពីអារម្មណ៍ពិតគាត់ចំពោះខ្ញុំ ប៉ុន្តែភ្លាមៗនោះខ្ញុំមិនបានយល់ព្រមទទួលយកគាត់នោះទេ ដោយសារខ្ញុំមិនទាន់បានត្រៀមចិត្តឡើយ។”

បើទោះជាយ៉ាងនេះក្ដី មិត្តប្រុសបច្ចុប្បន្នរបស់នាងនៅតែបន្តព្យាយាមបង្ហាញថាគាត់ពិតជាស្រឡាញ់នាងមែន គាត់តែងមើលថែរក្សានាងនិងកូនដែលមិនទាន់កើត រហូតទាល់តែចុងក្រោយ Nicole បានបើកបេះដូងព្រមទទួលយកគាត់។

ថ្វីបើគាត់ប្រាប់ថាគាត់ទទួលយកកូនរបស់ខ្ញុំទុកដូចជាកូនរបស់គាត់ក៏ដោយ ម្ដាយវ័យក្មេងនៅតែបារម្ភថាគាត់យ៉ាងណាក៏មានចិត្តប្រកាន់នឹងនាងដែរ។ នាងបានសួរទៅគូស្នេហ៍បច្ចុប្បន្នថា “តើបងពិតជាប្រាកដចិត្តហើយមែនទេដែលព្រមទទួលយក ហើយមើលថែខ្ញុំនិងកូន បើទោះបីគេមិនមែនសាច់ឈាមបង្កើតបង? គាត់បានមើលមកខ្ញុំដោយទឹកមុខយ៉ាងមាំហើយបានឆ្លើយថា៖

“ទារកម្នាក់នេះប្រហែលជាមិនមាន DNA ដូចបង ប៉ុន្តែគេក៏ជាមនុស្សម្នាក់ ហើយអូនបានជំនះការលំបាកជាច្រើនពពោះគេអស់ជាច្រើនខែ។ ចាប់តាំងពីបងបានសម្រេចថារួមរស់ជាមួយនឹងអូនរួចនោះ បងក៏នឹងស្រឡាញ់ ហើយមើលថែកូនម្នាក់នេះឲ្យដូចជាកូនបង្កើតរបស់បងអ៊ីចឹងដែរ។”

ថ្វីបើគាត់បានទទួលយកទារកជាកូនរបស់គាត់ក៏ដោយគាត់ព្រួយបារម្ភថាគាត់នឹងគិត។

គាត់បានមើលថែយកចិត្តទុកដាក់ចំពោះ Nicole ពេញក្នុងរយៈពេលដែលនាងពពោះ ហើយគាត់ថែមទាំងបានរៀនទទួលយកចំណេះដឹងទាក់ទងនឹងការមើលថែស្ត្រីមានផ្ទៃពោះ ថាតើស្ត្រីមានផ្ទៃពោះត្រូវការអ្វីខ្លះ ចង់បានអ្វីខ្លះ ដើម្បីគាត់អាចមើលថែនារីដែលគាត់ស្រឡាញ់បានល្អបំផុត។ ជាការពិត នៅពេលរាល់ដែលអ្នកដទៃសួរគាត់អំពីរឿងកូន គាត់ថែមទាំងបានសារភាពថាទារកជារបស់គាត់។

ពិតជាបុរសល្អមែនទែន! នៅថ្ងៃដែលទារកដល់ពេលកើត គាត់មានអារម្មណ៍អន្ទះសារ រភើបចិត្តដូច Nicole ដែរ ខណៈនោះគាត់បានប្រញាប់ប្រញាល់បិទហាង ដើម្បីនាំ Nicoleទៅមន្ទីរពេទ្យ។ Nicole បាននិយាយថា៖

“ខ្ញុំពិតជារំភើបណាស់ ហើយរំជួលចិត្តដល់ហូរទឹកភ្នែកជាមួយនឹងសកម្មភាពដែលគាត់មាន ព្រមទាំងការលះបង់ទាំងអស់ដែលគាត់បានធ្វើសម្រាប់ខ្ញុំនិងកូន។ ឥឡូវនេះ ខ្ញុំនិងកូនដល់ពេលអាចចេញពីមន្ទីរពេទ្យបានហើយ គាត់នៅតែបង្ហាញការស្រឡាញ់របស់គាត់ចំពោះខ្ញុំនិងកូនជានិច្ច។”

Nicole បានសរសេរបញ្ចប់ការរៀបរ៉ាប់ ជាមួយនឹងការថ្លែងអំណរគុណយ៉ាងផ្អែមល្អែមចំពោះគូស្នេហ៍ដ៏ល្អរបស់នាង ហើយបាននិយាយថានាងពិតជាកោតសរសើរចំពោះអ្វីគ្រប់យ៉ាងដែលគាត់បានធ្វើសម្រាប់នាងនិងកូន៕

ប្រភព៖ Khmer  Note

error: Content is protected !!