kalib9

រឿងពិតមួយចំនួន របស់ មាស សុខសោភា ត្រូវបានគេទម្លាយ ដែលអ្នកមិនធ្លាប់ដឹងពីមុនមក

ភ្នំពេញ៖ កាលពីថ្មីៗនេះ តារាចម្រៀងដ៏មានប្រជាប្រិយភាព ប្រចាំផលិតកម្មថោនកញ្ញាមាស សុខសោភា ត្រូវបានហ្វេនមួយរូប ទម្លាយពីរឿងពិតរបស់នាង១៦យ៉ាង ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

មកទល់នឹងពេលនេះដែរ តារាស្រីរូបនេះបានចូលសិល្បៈអស់ច្រើនឆ្នាំទៅហើយ បើនិយាយពីអ្នកគាំទ្ររបស់នាងវិញ ក៏មានច្រើនមិនធម្មតាដែរ ស្របពេលដែលបច្ចុប្បន្នសន្ទុះ នៅក្នុងការគាំទ្ររបស់តារាស្រីរូបនេះ កាន់តែច្រើន ទោះបីមានតារាចំណូលថ្មីចូលច្រើនក៏ដោយ។

ជាមួយនឹងការពេញចិត្តនិងស្រលាញ់តារារូបនេះ ត្រូវបានហ្វេនមួយរូបរបស់នាងបានប្រាប់រឿងរ៉ាងទាំង១៦យ៉ាង ដោយបានរៀបរាប់គ្មានទាស់ចន្លោះត្រង់ណានោះទេ ដោយក្នុងនោះគេបាននិយាយយ៉ាងដូច្នោះថា៖

«រឿងពិតទាំង ១៦យ៉ាងរបស់បងស្រី មាស សុខសោភាៈ

១.ជាតារាចម្រៀងឯករាជ្យ តែអ្នកគាំទ្រមួយចំនួនអាចនឹងយល់ច្រលំថាគាត់ជាតារាចម្រៀងកុងត្រាជាមួយផលិតកម្មថោន តែការពិតគាត់មិនបានចុះកុងត្រាជាមួយផលិតកម្មមួយនេះទេ ព្រោះគាត់គិតថាការយោគយល់អធ្យាស្រ័យគ្នារឹងមាំជាងកុងត្រាទៅទៀត។

២.ជាតារាចម្រៀងស្រីរបស់ប្រទេសកម្ពុជាដែលមានអ្នកគាំទ្រក្នុងបណ្តាញសង្គមហ្វេសប៊ុកច្រើនជាងគេ (ជាង៤លាននាក់)។

៣.ក្រៅពីច្រៀងតាមបណ្តាផលិតកម្មផ្សេងៗ មាស សុខសោភា ក៏មានផលិតកម្មផ្ទាល់ខ្លួនមួយផ្សេងទៀតដែលមានឈ្មោះថា Camtrax Music ដែលផលិតតែបទចម្រៀងនិពន្ធថ្មីសុទ្ធសាធ។

៤.មិត្តភក្តិប្រុសជិតស្និទ្ធរបស់គាត់គឺ លោក ហ្សូណូ និងលោក ឆន សុវណ្ណរាជ (ទោះពួកគាត់នៅផលិតកម្មផ្សេងគ្នា តែមិត្តភាពពួកគាត់នៅតែស្អិតរមួត)។

៥.បទចម្រៀងដែលធ្វើឲ្យគេស្គាល់គាត់ និងធ្វើឲ្យគាត់ចាប់ផ្តើមល្បីគឺបទ«អូននឹកៗបង» និងបទ«រស់ក្បែរទ្រូងបងសែនកក់ក្តៅ» ។

៦.ផលិតកម្មដែលគាត់ធ្លាប់ច្រៀងមាន រស្មីស្ទឹងសង្កែ យូធូ ចេនឡាប្រាឌ័រ អិម សាន់ដេ និងផលិតកម្មថោន ក្រៅពីនោះនៅមានផលិតកម្ម ដែលផលិតបទចម្រៀងសម្រាប់លក់នៅក្រៅប្រទេសជាច្រើនផលិតកម្មទៀត។

៧.ជាតារាចម្រៀងដែលធ្លាប់ច្រៀង បទចម្រៀងនិពន្ធថ្មី ដែលល្បីតាំងពីយូរណាស់មកហើយ គ្រាន់តែមិនសូវមានអ្នកដឹង( បទ១នាទី)។

៨.ជាតារាចម្រៀងស្រី ដែលតែងតែយោងដៃគូចម្រៀងរបស់ខ្លួនអោយល្បីល្បាញ (តារាចម្រៀងប្រុសដែល បានច្រៀងដៃគូជាមួយគាត់តែងតែល្បី)។

៩.ក្រៅពីបទចម្រៀងសម័យ បទប្រជាប្រិយខ្មែរ គាត់នៅអាចច្រៀងបទប្រពៃណីខ្មែរ(ភ្លេងការ) បានយ៉ាងពិរោះរណ្តំ។

១០.ជាតារាចម្រៀងស្រីដំបូងគេ ដែលប្រកាសឈប់ច្រៀងបទចម្រៀងចម្លងពីបរទេស ។

១១.ជាតារាចម្រៀងខ្មែរដំបូងគេ ដែលបទចម្រៀងរបស់គាត់ ត្រូវបានអោយបញ្ចូលទៅក្នុង VEVO ។

១២.ជាតារាចម្រៀងដែលអាចធ្វើឲ្យបទប្រជាប្រិយខ្មែរមានសន្ទុះគាំទ្រប្រហាក់ប្រហែលទៅនឹងបទបែកស្លុយ នាពេលចូលឆ្នាំខ្មែរ ទាំងដែលបទបែកស្លុយជាបទដែល ពេញនិយមបំផុតនាពេលបច្ចុប្បន្ន។

១៣.អ្នករាំជំនិតរបស់គាត់ម្នាក់ឈ្មោះ តី ក្រៅពីចេះរាំយ៉ាងស្ទាត់ជំនាញក៏ចេះច្រៀងផងដែរ ម្ចាស់បទ «វាយម៉ាលុយ» ដែលកំពុងតែល្បីល្បាញក្នុងហ្វេសបុក យូធូប។

១៤.ក្រៅពីជាតារា ដែលពូកែថែសម្លេងអោយនៅតែពិរោះ រណ្តំ គាត់ក៏ជាតារាដែលពូកែថែរក្សាស្នេហាអោយនៅគង់វង្សផងដែរ ព្រោះបើតាមដឹងស្នេហារបស់គាត់មានអាយុកាលជាង១០ឆ្នាំហើយ តែគាត់នៅរក្សាបានយ៉ាងរឹងមាំ។

១៥.នៅពេលមានមហាជនរិះគន់ម្តងៗ គាត់មិនដែលចេញ មុខតតាំងតាមរយៈហ្វេសបុក រឺសារព័ត៌មានផ្សេងៗទេ ព្រោះគាត់គិតថាគាត់ជាមនុស្សរបស់មហាជន ហើយអំពើល្អរបស់គាត់នឹងជ្រាបដល់បេះដូងអ្នកគាំទ្ររបស់គាត់បន្តិចម្តងៗ។

១៦.ជាតារាចម្រៀងដែលមិនសូវមានហ្វេន តាមហ៊ោតាមឆាកតន្រ្តី តែហ្វេនស្តាប់បទចម្រៀងគាត់តាម ផ្ទះមានច្រើន ព្រោះអ្នកគាំទ្ររបស់គាត់ភាគច្រើនជាមនុស្សវ័យកណ្តាលច្រើនជាងយុវវ័យ និយាយតាមត្រង់សូម្បីតែខ្ញុំគាំទ្រគាត់ជាង១០ឆ្នាំហើយ តែមិនដែលបានទៅមើលគាត់ច្រៀងសូម្បីតែម្តង។

ទាំងនេះគ្រាន់តែជាអ្វីដែលខ្ញុំដឹងខ្លះដោយខ្លួនឯង និង តាមរយះសារពត៌មានប៉ុណ្ណោះ បើខុសត្រង់ចំណុចណា១ សូមហ្វេនរបស់គាត់ទាំងអស់មេត្តាជួយកែតម្រូវគ្នា»៕

Credit: ហុង វាសនា

ចុះប្រិយមិត្តយល់យ៉ាងណា? 

 

ប្រភព៖ khmerload