kalib9

រំភើបបំផុតក្នុុងឆាកជីវិត! បើថ្ងៃទទួលសញ្ញាបត្រ មិត្តប្រុសលុតជង្គង់ដកចិញ្ចៀនសុំរៀបការបែបនេះ តែបែរជារងការរិះគន់មិនស្ទើរ លើអ៊ីនធើណែត (មានវីដេអូ)

អាមេរិក៖ បុរសជាសង្សារស្ម័គ្រស្មោះ ស្រលាញ់មិត្តស្រីអស់ពេលជាង ៦ឆ្នាំ ទីបំផុតដាច់ចិត្តលុតជង្គង់សុំនាងរៀបការ នៅកណ្តាលហ្វូងមនុស្សជាច្រើន ក្នុងថ្ងៃដែលនាងបញ្ចប់ការសិក្សា ទទួលសញ្ញាបត្រ តែផ្ទុយទៅវិញ បែរជារងពាក្យរិះគន់មិនសំចៃមាត់ ពីសំណាក់អ្នកលេងបណ្តាញសង្គម។

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា លោក James Clark អាយុ ២៣ឆ្នាំ កាលពីពេលថ្មីៗកន្លងទៅនេះ បានបង្ហោះចែករំលែកវីដេអូឃ្លីបមួយ នៅលើបណ្តាញសង្គម Twitter ដែលលោកបានលុតជង្គង់សុំមិត្តស្រីរបស់ខ្លួនរៀបការ គឺនាង Marquell ពោលគឺ នៅក្នុងថ្ងៃដែលមិត្តស្រីលោក បានបញ្ចប់ការសិក្សា (ទទួលសញ្ញាបត្រ) ក្នុងទីក្រុង Baton Rouge រដ្ឋ Louisiana សហរដ្ឋអាមេរិក ដែលវីដេអូឃ្លីបនេះទទួលបានអ្នកចុចចូលមើល រហូតដល់ទៅច្រើនជាង ២,៦លានដងឯណោះ។

ជាក់ស្តែង ក្នុងវីដេអូឃ្លីបនោះ ដំបូងឡើយគេឃើញលោក James បានឈរថតរូបជាធម្មតា ជាមួយនឹងមិត្តស្រីរបស់លោក នាង Marquell ។ បន្ទាប់មក លោកក៏បានពោលពាក្យសរសើរហូរហែ មិនដាច់ពីមាត់ទៅកាន់មិត្តស្រី ជាមួយនឹងកាយវិការ និងទឹកមុខយ៉ាងញញឹមញញែម សម្រាប់នៅក្នុងថ្ងៃដ៏ពិសេសរបស់នាង។

«ខ្ញុំពិតជាមានមោទនភាព ចំពោះមិត្តស្រីដ៏ស្រស់ស្អាត និងវៃឆ្លាតរបស់ខ្ញុំខ្លាំងណាស់! នាងតែងតែដាក់ការងារជាច្រើន រៀនសូត្រដល់យប់ជ្រៅ ជារៀងរាល់យប់។ ដូច្នេះវាពិតជាអស្ចារ្យខ្លាំងណាស់ ដែលនាងគួរតែទទួលបានភ្ញាក់ផ្អើលនៅក្នុងពេលនេះ» លោក James និយាយ។

ហើយភ្លាមៗនោះ ដោយមិនបង្អង់យូរ លោក James ក៏ស្រាប់តែដកប្រអប់ចិញ្ចៀនចេញពីអាវធំរបស់ខ្លួន រួចលុតជង្គង់សុំមិត្តស្រី Marquell រៀបការ នៅចំពោះមុខមនុស្សម្នាជាច្រើនតែម្តង ដោយពោលពាក្យថា «តើអូននឹងព្រមរៀបការជាមួយបងទេ?» (Will you marry me?) ។

នៅគ្រានោះ នាង Marquell ជាមិត្តស្រី ក៏បានយល់ព្រមតាមសំណើរ ទាំងញញឹមបិទមាត់មិនជិត ស្របពេលដែលសំឡេងស្រែកហ៊ោរកញ្ជៀវ ពីអ្នកឈរមើលនៅទីនោះក៏បានបន្លឺឡើង ដោយក្តីរំភើបជំនួស។

ប៉ុន្តែបើទោះបីជាយ៉ាងណាក្តី ក្រោយវីដេអូឃ្លីបដ៏ផ្អែមល្ហែមនេះ ត្រូវបានបង្ហោះចែកចាយ ក្នុងនោះអ្នកលេងបណ្តាញសង្គមជាច្រើន បានបញ្ចេញមតិរិះគន់ដូចៗគ្នា ទៅកាន់លោក James ថា លោកមិនគួរណាយកឱកាស ឬពេលវេលាដ៏សំខាន់របស់មិត្តស្រី មកសុំនាងរៀបការយ៉ាងដូច្នេះនោះទេ។ វាពិតជាមិនសមរម្យទាល់តែសោះ! លោក គួរណាស់ត្រូវរើសថ្ងៃផ្សេងពីនេះ។ គួរតែបញ្ឈប់មិនឲ្យមានសកម្មភាពបែបនេះតទៅទៀត ក្នុងថ្ងៃបញ្ចប់ការសិក្សា ទទួលសញ្ញាបត្រ។ ខណៈឯអ្នកខ្លះទៀតលើកឡើងថា លោក James ពិតជាមនុស្សអាត្មានិយមជាទីបំផុត។

គួរឲ្យដឹងថាផងដែរថា ដើម្បីឆ្លើយតបទៅនឹងមតិរិះគន់ពីអ្នកលេងបណ្តាញសង្គម នាង Marquell ក៏បានសរសេរទៅវិញថា នាងពិតជារំភើបនិងសប្បាយចិត្តជាខ្លាំង ទទួលបានសញ្ញាបត្រហើយ ថែមទាំងបានភ្ជាប់ពាក្យគ្នាក្នុងថ្ងៃតែមួយទៀត។

ចំណែកឯអ្នកដែលពូកែរិះគន់ ពេបជ្រាយនាងនិងមិត្តប្រុស គឺប្រហែលសុទ្ធតែអ្នកដែលច្រណែនគេខ្លាំងហើយមើល៎ទៅ! ។

នាងបន្តថា ភាពច្រណែនពេបជ្រាយលើអ្នកដទៃ ច្បាស់ណាស់វាជាជំងឺមួយហើយ អ្នកទាំងអស់គ្នាគួរតែទៅសុំជំនួយពីព្រះ (យីស៊ូវ) ដើម្បីព្យាយាមបាលទៅ! ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖  

error: Content is protected !!