kalib9

នារីដែលអនុវត្តន៍ ១២ ចំណុច នេះបាន ធានាថាអ្នកនឹងក្លាយជាមនុស្ស​ដែល​ មាន​តម្លៃ​ក្នុង​ខ្សែ​ភ្នែក​មនុស្ស​ប្រុស!

នៅពេល​និយាយ​ពី​ប្រភេទ​មនុស្ស​ស្រី​ដែល​បុរស​ត្រូវ​ការ មនុស្ស​ប្រុស​ម្នាក់​ណា​ក៏​អាច​និយាយ​ប្រាប់​អ្នក​ដូចៗ​គ្នា​ថា ពួក​គេ​ត្រូវ​ការ​នារី​ម្នាក់​ដែល ស្អាត​ ឆ្លាត ​មាន​ភាព​ថ្លៃថ្នូរ​ និង​ជឿជាក់​ចំពោះ​ខ្លួន​ឯង។ ហើយ​ប្រសិន​បើ​ ប្រិយមិត្ត​នារីៗ​ទាំង​អស់​ចង់​ដឹង​ថា ត្រូវ​ធ្វើ​បែប​ណា​ដើម្បី​ក្លាយ​ទៅ​ជា​ មនុស្ស​ស្រី​ប្រភេទ​នេះ នៅ​ក្នុង​ក្រសែ​ម្នាក់​បុរសៗ​នោះ ថ្ងៃ​នេះ​ ​ពួកយើង​ មាន​អាថ៍​កំបាំង​ ១២​ចំណុច យក​មក​ចែករំលែក ទាក់​ទង​នឹង​បញ្ហា​មួយ​នេះ។

 

ដូច​ដែល​បាន​លើក​ឡើង​ខាង​លើ ដែល​ថា​បុរស​ស្ទើរ​តែ​គ្រប់​រូប សុទ្ធ​តែ​ត្រូវ​ការ​នារី​ដែល​ថ្លៃ​ថ្នូរ ប៉ុន្តែ​បញ្ហា​សំខាន់​មួយ​នោះ​គឺ មាន​មនុស្ស​ស្រី​ជា​ច្រើន ពួក​គាត់​មិន​បាន​ដឹង​ថា​ តើ​ពាក្យ​ថា​ថ្លៃ​ថ្នូរ​ដែល​មនុស្ស​ប្រុស​និយាយ​ចេញ​មក​នោះ គឺ​ចង់​សំដៅ​ទៅ​លើ​ចំណុច​អ្វី ឬ​ខ្លួន​ត្រូវ​ធ្វើ​បែប​ណា​នោះ​ទេ។ ហើយ​ពិត​ណាស់​ថា ​ជារឿយៗ​អ្នក​តែង​តែ​សង្កេត​ឃើញ​មនុស្ស​ស្រី​មួយ​ចំនួន ដែល​លេចធ្លោ និង​មាន​ភាព​ជឿជាក់​ចំពោះ​ខ្លួន​ឯង ប៉ុន្តែ​ពួក​នាង​បែរ​ជា​មិន​សូវ​មាន​ មនុស្ស​ប្រុស​ចាប់​អារម្មណ៍​ទៅ​វិញ។

ដូច្នេះ​តើ​ស្ដ្រី​ម្នាក់​គួរ​តែ​ធ្វើ​បែប​ណា ដើម្បី​កែ​ប្រែ​ខ្លួន​អោយ​ក្លាយ​ទៅ​ជា​មនុស្ស​ស្រី ដែល​ថ្លៃថ្នូរ មាន​ភាព​ជឿជាក់​ចំពោះ​ខ្លួន​ឯង ហើយ​ថែម​ទាំង​ជា​ទី​ត្រូវ​ការ​របស់​មនុស្ស​ប្រុស​បាន​ថែម​ទៀត​នោះ? តាម​ពិត​ទៅ​ ​វា​គឺ​ជា​រឿង​ដែល​យើង​អាច​និយាយ​បាន​ថា ពិបាក​ក៏​បាន តែ​មិន​មែន​ថា​មិន​អាច​ទៅ​រួច​នោះ​ដែរ ពី​ព្រោះ​ជា​ធម្មតា ភាព​ជា​មនុស្ស​ស្រី​ដែល ​ពួកយើង​ លើក​ឡើង​ខាង​លើ​ទាំង​ប៉ុន្មាន​នេះ គឺ​សុទ្ធ​តែ​អាច​កើត​ឡើង​ចំពោះ​ស្ដ្រី​គ្រប់ៗ​រូប ទៅ​តាម​ធម្មជាតិ នៅ​ពេល​ដែល​ពួក​នាង​មាន​វ័យ​កាន់​តែ​ច្រើន​។

ដូច្នេះ ប្រសិន​បើ​ប្រិយមិត្ត​នារី​ៗ​ទាំង​ឡាយ បាន​ត្រៀម​លក្ខណៈ​រួច​រាល់​ ក្នុង​ការ​កែប្រែ​ស្ថានភាព​របស់​ខ្លួន ដើម្បី​ក្លាយ​ទៅ​ជា​កំពូល​មនុស្ស​ស្រី​ម្នាក់ នៅ​ក្នុង​ខ្សែ​ភ្នែក​មនុស្ស​ប្រុស​រួច​ហើយ​នោះ តាម​ដាន​ជាមួយ​នឹង​ ​ពួកយើង​ ខាង​ក្រោម​ទាំង​អស់​គ្នា​នូវ “វិធីសាស្ដ្រ ១២យ៉ាង ជួយ​អោយ​អ្នក​ក្លាយ​ជា​ស្ដ្រី​ដែល​មាន​តម្លៃ​ក្នុង​ខ្សែ​ភ្នែក​មនុស្ស​ប្រុស ហើយ​ពួក​គេ​ពិបាក​នឹង​បដិសេធ”៖

១) ស្គាល់​ច្បាស់​ពី​តម្លៃ​របស់​ខ្លួន​ឯង

 

ប្រិយមិត្ត​នារី​ទាំង​អស់​ចាំ​បាច់​ត្រូវ​តែ​ដឹង​ថា ក្នុង​នាម​ជា​មនុស្ស​ស្រី​ម្នាក់ រូប​អ្នក​គឺ​មាន​តម្លៃ​ខ្លាំង​ណាស់​ទៅ​ហើយ នឹង​លើស​ពី​អ្វី​ដែល​អ្នក​ធ្លាប់​បាន​គិត និង​ធ្លាប់​អោយ​តម្លៃ​ខ្លួន​ឯង​ពី​មុន​មក​ទៅ​ទៀត។ ប្រសិន​បើ​អ្ន​កអាន​អត្ថបទ​មួយ​នេះ គឺ​អ្នក​មិន​ទាន់​បាន​យល់​ច្បាស់​ពី​តម្លៃ​របស់​ខ្លួន​រួច​ទៅ​ហើយ។ ផ្នត់​គំនិត​ដែល​គិត​ថា​ខ្លួន​ឯង​អន់ ឬ​គ្មាន​តម្លៃ​បែប​នេះ​ហើយ ដែល​ជា​កត្តា​ធ្វើ​អោយ​អ្នក​មិន​អាច​ទៅ​មុខ​រួច ឬ​ស្វែង​យល់​បាន​ច្បាស់​លាស់​នូវ​តម្លៃ​ និង​ភាព​ជា​មនុស្ស​ស្រី​របស់​អ្នក។

ដូច្នេះ​ប្រការ​សំខាន់​បំផុត​ដែល​អ្នក​គួរ​តែ​ដឹង​នោះ​គឺ ស្វែង​យល់​អោយ​បាន​ច្បាស់​ពី​តម្លៃ​ដែល​អ្នក​មាន។ ត្រូវ​គិត​ថា​ខ្លួន​ឯង​គឺ​ជា​មនុស្ស​ស្រី​ដែល​អស្ចារ្យ​ម្នាក់ ហើយ​បុរស​ណា​ក៏​ដោយ​ ដែល​អាច​មាន​លទ្ធភាព​ទទួល​បាន​រូប​អ្នក​នោះ គាត់​គឺ​ជា​បុរស​ដែល​មាន​សំណាង​ជាង​គេ​បំផុត​ នៅ​លើ​លោក​នេះ។ បន្ទាប់​ពី​អ្នក​មាន​ផ្នត់​គំនិត​ ហើយ​នឹង​យល់​ច្បាស់​ពី​តម្លៃ​របស់​ខ្លួន​ដូច្នេះ​ហើយ ពេល​នោះ​អ្នក​គឺ​កំពុង​តែ​ប្រែ​ខ្លួន​ទៅ​ជា​មនុស្ស​ស្រី​ម្នាក់ ដែល​បុរសៗ​ប៉ង​ប្រាថ្នា​យ៉ាង​ពិត​ប្រាកដ។

២) ទាមទារ​ការ​គោរព​ និង​ការ​អោយ​តម្លៃ ពី​អ្នក​ដទៃ

 

ត្រូវ​ចាំ​ថា ក្នុង​នាម​ជា​មនុស្ស​ស្រី​ម្នាក់ អ្នក​ចាំ​បាច់​ត្រូវ​តែ​ទទួល​បាន​នូវ​ការ​គោរព​ពី​អ្នក​ដទៃ។ ប្រិយមិត្ត​នារី​ៗ​ភាគ​ច្រើន ប្រាកដ​ជា​បាន​ដឹង​យ៉ាង​ច្បាស់​ហើយ​ថា ក្នុង​នាម​ជា​មនុស្ស​ស្រី​ម្នាក់ ជា​ពិសេស​មនុស្ស​ស្រី​ដែល​រស់​នៅ​ ក្នុង​ប្រទេស​កម្ពុជា​របស់​យើង រូប​អ្នក​ត្រូវ​ប្រឹង​ប្រែង​ខ្លាំង​ក្លា ជាង​មនុស្ស​ប្រុស​ទូទៅ មុន​ពេល​ដែល​រូប​អ្នក​អាច​ទទួល​បាន​នូវ​ការ​គោរព និង​ កោតសរសើរ​ពី​អ្នក​ដទៃ​នៅ​ក្នុង​សង្គម។ ហើយ​ជំនួស​អោយ​ការ​ខិត​ខំ​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង​ក្លា ទាំង​អស់​នោះ អ្នក​ចាំ​បាច់​ត្រូវ​តែ​ទាមទារ​នូវ​ការ​គោរព​នូវ​តម្លៃ​ជា​មនុស្ស​របស់​ អ្នក​ពី​អ្នក​ដទៃ។

ប្រសិន​បើ​មាន​មនុស្ស​ណា​ម្នាក់ មិន​អោយ​តម្លៃ ឬ​ ផ្ដល់​ការ​គោរព ចំពោះ​អ្នក​និង​គំនិត​ដែល​អ្នក​យល់​ឃើញ​ទេ ដាច់​ខាត​ត្រូវ​តែ​ដក​មនុស្ស​ប្រភេទ​នេះ ចេញ​ពី​ជីវិត​របស់​ខ្លួន។ ត្រូវ​ចាំ​ថា មនុស្ស​ដែល​មិន​យល់​ពី​តម្លៃ​របស់​អ្នក គឺ​មិន​គួរ​មាន​វត្តមាន​នៅ​ក្នុង​ជីវិត​របស់​អ្នក​ឡើយ ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ។

៣) មាន​ភាព​ជឿជាក់​ចំពោះ​ខ្លួន​ឯង

 

នេះ​គឺ​ជា​គន្លឹះ និង​អាថ៍កំបាំង​ដ៏​សំខាន់​មួយ។ ប្រសិន​បើ​អ្នក​គ្មាន​ភាព​ជឿជាក់​ចំពោះ​ខ្លួន​ឯង​ទេ អញ្ចឹង​ការ​ដែល​អ្នក​ចង់​ក្លាយ​ទៅ​ជា​មនុស្ស​ស្រី​ថ្លៃ​ថ្នូរ នៅ​ក្នុង​ក្រសែ​ភ្នែក​មនុស្ស​ប្រុស គឺ​ពិត​ជា​មិន​អាច​ទៅ​រួច​ឡើយ។ ដូច្នេះ​ចំណុច​បឋម និង​សំខាន់​បំផុត ដើម្បី​បង្ហាញ​អោយ​អ្នក​ដទៃ​ ជា​ពិសេស​បុរសៗ​បាន​មើល​ឃើញ​ថា អ្នក​គឺ​ជា​មនុស្ស​ស្រី​ដែល​អស្ចារ្យ​ម្នាក់ ទាមទារ​អោយ​អ្នក​មាន​ការ​ជឿជាក់​ចំពោះ​ខ្លួន​ឯង ហើយ​ចង​ចាំ​ថា​អ្នក​ជា​មនុស្ស​ស្រី​ដែល​អស្ចារ្យ​បំផុត​ម្នាក់។

៤) កុំ​យល់​ព្រម​ទទួល​យក​លក្ខ័ណ្ឌ​អ្វី​ក៏​ដោយ ដែល​ខ្លួន​របស់​អ្នក​គិត​ថា មិន​សាកសម​ស្មើ​នឹង​អ្វី​ដែល​អ្នក​គួរ​តែ​ទទួល​បាន

 

ចំណុច​នេះ​គឺ​សំខាន់​បំផុត ជា​ឧទាហរណ៍​នៅ​ក្នុង​ទំនាក់​ទំនង ប្រសិន​បើ​មិត្តប្រុស ឬ​ស្វាមី​របស់​អ្នក ធ្វើ​អំពើ​មិន​គប្បី​ចំពោះ​អ្នក ដូច​ជា​ការ​ក្បត់​ចិត្ត​ ឬ​ប្រើ​អំពើ​ហិង្សារ​មកលើ​ខ្លួន​របស់​អ្នក​ជា​ញឹក​ញាប់​នោះ ហើយ​អ្នក​ដឹង​ច្បាស់​ថា​ខ្លួន​ឯង​គឺ​សាកសម​នឹង​ទទួល​បាន​អ្វី​ ដែល​ល្អ​ប្រសើរ​ជាង​នេះ អញ្ចឹង​អ្នក​គួរ​តែ​ធ្វើ​នូវ​កិច្ចការ​ដែល​អ្នក​គួរ​តែ​ធ្វើ ហើយ​ដក​មនុស្ស​ប្រុស​បែប​នេះ ចេញ​ពី​ជីវិត​របស់​ខ្លួន​ឯង​ហើយ។ កុំ​ភ័យ​ខ្លាច​ចំពោះ​ពាក្យ​រិះគន់ របស់​អ្នក​ដទៃ​អោយ​សោះ ពី​ព្រោះ​ថា​មាន​តែ​ខ្លួន​អ្នក​ប៉ុណ្ណោះ ដែល​ដឹង​ថា​អ្វី​ដែល​សាកសម និង​ល្អ​បំផុត​សម្រាប់​ខ្លួន​ឯង។

៥) កម្រិត​នូវ​ស្ដង់​ដារ​ចំពោះ​អ្វី​ដែល​អ្នក​ត្រូវ​ការ អោយ​បាន​កាន់​តែ​ឆាប់​កាន់​តែ​ល្អ

 

អ្នក​ត្រូវ​តែ​អោយ​មនុស្ស​នៅ​ជុំវិញ​ខ្លួន ហើយ​នឹង​អ្នក​ដទៃ​បាន​ដឹង​ពី ស្ដង់​ដារ​ឬ​កម្រិត​នៃ​អ្វី​ដែល​ខ្លួន​របស់​អ្នក​ត្រូវ​ការ។ ជា​ឧទាហរណ៍​ ថា​តើ​អ្នក​ត្រូវ​ការ​មនុស្ស​ប្រុស​ប្រភេទ​ណា? តើ​មនុស្ស​ដែល​ជា​មិត្ត​ភក្ដ​របស់​អ្នក​ត្រូវ​តែ​ជា​មនុស្ស​បែប​ណា? ហើយ​ប្រសិន​បើ​មាន​មនុស្ស​ ដែល​មិន​ត្រូវ​ ឬ​ឈាន​ដល់​កម្រិត​ដែល​អ្នក​ចង់​បាន​ទេ អ្នក​មិន​ចាំ​បាច់​ត្រូវ​យល់​ព្រម​ទទួល​យក​ពួក​គេ​ចូល​មក​ក្នុង​ជីវិត​របស់​ខ្លួន​ដែរ។

ប្រសិន​បើ​អ្នក​ធ្វើ​ការ​ទទួល​យក នូវ​មនុស្ស​ដែល​អ្នក​គិត​ថា​សាក​សម​ចូល​មក​ក្នុង​ជីវិត​របស់​អ្នក នោះ​មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន​របស់​អ្នក គឺ​សុទ្ធសឹង​តែ​ជា​មនុស្ស​ដែល​យល់​ច្បាស់​ពី​តម្លៃ​ និង​អ្វី​ដែល​រូប​អ្នក​ត្រូវ​ការ។ ដូច្នេះ​ប្រការ​ចាំ​បាច់​បំផុត ដែល​អ្នក​គួរ​តែ​កម្រិត​នូវ​ប្រភេទ​មនុស្ស​ដែល​អ្នក​ទទួល​យក​ចូល​មក​នៅ​ក្នុង​ជីវិត ហើយ​អោយ​បាន​កាន់​តែ​លឿន​គឺ​កាន់​តែ​ល្អ។

៦) រស់​នៅ​ដោយ​ប្រើ​ជីវិត​ដែល​ជា​របស់​ខ្លួន

 

ត្រូវ​ចង​ចាំ​ថា ​សូម្បី​តែ​ស្វាមី ដែល​ជា​ដៃ​គូ​ជីវិត​ របស់​អ្នក​ គឺ​មិន​មែន​ជា​មនុស្ស​តែ​ម្នាក់​គត់​នៅ​ក្នុង​ជីវិត​របស់​អ្នក​នោះ​ទេ។ ហើយ​កិច្ចការ​ងារ​របស់​អ្នក​ ក៏​មិន​មែន​ជា​ជីវិត​របស់​អ្នក​ទាំង​ស្រុង​ដែរ។ អ្នក​គឺ​មាន​អ្វី​ដែល​ផ្សេង​ទៀត​ជា​ច្រើន​យ៉ាង ដែល​ជា​អត្តសញ្ញាណ និង​ជា​ចំណង់​ចំណូល​ចិត្ត​ផ្ទាល់​ខ្លួន។ ដូច្នេះ​វា​ជា​ការ​ចាំ​បាច់​បំផុត​ដែល​អ្នក​ត្រូវ​ធ្វើ​ការ​រស់​នៅ​អោយ​បាន​ពេញ​លេញ ហើយ​ប្រើ​ជីវិត​ធ្វើ​នូវ​កិច្ចការ​ដែល​អ្នក​ចូល​ចិត្ត ទោះ​បី​ជា​ពេល​នេះ​អ្នក​នៅ​ម្នាក់​ឯង ឬ​ក៏​មាន​ដៃ​គូ​រួច​ហើយ​ក៏​ដោយ។

ត្រូវ​ចាំ​ថា មនុស្ស​ប្រុស​ដែល​ស្រលាញ់​អ្នក​ក្នុង​នាម​ជា​អ្នក គឺ​រឹត​តែ​ពេញ​ចិត្ត និង​ផ្ដល់​តម្លៃ​អោយ​អ្នក​កាន់​តែ​ខ្លាំង ចំពោះ​ចំណុច​ទាំង​អស់​នេះ។

៧) ត្រូវ​មាន​មហិច្ឆតា និង​ការ​ចង់​បាន

 

មហិច្ឆតា​ដែល​មាន​នៅ​ក្នុង​ខ្លួន​មនុស្ស​ម្នាក់ៗ​ គឺ​ពិត​ជា​មាន​ថាមពល​ខ្លាំង​ក្លា​បំផុត ហើយ​ការ​មាន​មហិច្ឆតា​ដែល​ជា​របស់​ខ្លួន​ឯង នឹង​ធ្វើ​អោយ​មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន ហើយ​នឹង​អ្នក​ដទៃ មើល​ឃើញ​ពី​តម្លៃ​នៃ​ភាព​ជា​មនុស្ស​ស្រី​ដែល​អស្ចារ្យ​និង​ថ្លៃ​ថ្នូរ​ម្នាក់​ របស់​អ្នក។

ម៉្យាង​វិញ​ទៀត ចំពោះ​មនុស្ស​ដែល​មាន​មហិច្ឆតា ពួក​គេ​នឹង​ធ្វើ​អ្វី​គ្រប់​បែប​យ៉ាង​ដើម្បី​សម្រេច​នូវ​កិច្ចការ ដែល​ពួក​គេ​កំណត់​ទុក​ទាំង​នោះ ហើយ​ប្រសិន​បើ​អ្នក​ដទៃ ឬ​មនុស្ស​ប្រុស​បាន​មើល​ឃើញ​ពី​ចំណុច​ទាំង​អស់​នេះ ពួក​គេ​គឺ​ពិបាក​ព្រងើយ​កន្តើយ​ចំពោះ​អ្នក​ខ្លាំង​ណាស់។

៨) ធ្វើ​ខ្លួន​ជា​មនុស្ស​ស្រី​រឹងមាំ ប៉ុន្តែ​ពេល​ខ្លះ​អ្នក​ក៏​អាច​ទន់​ភ្លន់​បាន​ដូច​គ្នា​ដែរ

 

ត្រូវ​ចង​ចាំ​ទុក​ថា ក្នុង​នាម​ជា​មនុស្ស​ស្រី​ម្នាក់ អ្នក​អាច​ជា​មនុស្ស​ស្រី​ដែល​រឹង​មាំ ហើយ​ទន្ទឹម​នឹង​គ្នា​នោះ អ្នក​ក៏​អាច​បង្ហាញ​នូវ​ភាព​ទន់ភ្លន់ និង​ភាព​ជា​មនុស្ស​ស្រី​របស់​អ្នក​បាន​ដូច​គ្នា​ដែរ។ ចំណុច​នេះ​គឺ​ផ្ដើម​ចេញ​ពី ការ​ទទួល​បាន​នូវ​ការ​គោរព​ពី​អ្នក​ដទៃ។ ត្រូវ​ចាំថា នៅ​ពេល​ដែល​អ្នក ទាមទារ​នូវ​ការ​គោរព​ចំពោះ​ខ្លួន​ឯង​ពី​អ្នក​ដទៃ ​មាន​ន័យ​ថា​អ្នក​គឺ​កំពុង​តែ​ធ្វើ​ខ្លួន​ជា​មនុស្ស​ស្រី​ ដែល​រឹងប៉ឹង​ម្នាក់​រួច​បាត់​ទៅ​ហើយ។

ប្រការ​បែប​នេះ អ្នក​គឺ​បាន​បង្ហាញ​នូវ​ភាព​រឹង​មាំ​របស់​ខ្លួន ហើយ​ទន្ទឹម​នឹង​នោះ ក៏​បាន​បង្ហាញ​ថា​អ្នក​នៅ​តែ​អាច​ជា​មនុស្ស​ស្រី​ទន់ភ្លន់​មួយ​រូប​ដូច​គ្នា។ នេះ​ហើយ​គឺ​ជា​មនុស្ស​ស្រី​ថ្លៃ​ថ្នូរ នឹង​មាន​តម្លៃ ក្នុង​ខ្សែ​ភ្នែក​របស់​មនុស្ស​ប្រុស​គ្រប់​រូប។

 

៩) កុំ​ចំណាយ​ពេល​អោយ​នរណា​ម្នាក់​ច្រើន​ហួស​ហេតុ​ពេក

 

ចំណុច​នេះ​ក៏​សំខាន់​ខ្លាំង​ណាស់​ដែរ ដែល​អ្នក​ត្រូវ​ចង​ចាំ​ទុក​ថា ទោះ​បី​ជា​សម្រាប់​មិត្ត​ប្រុស ឬ​មួយ​ក៏​ស្វាមី​របស់​អ្នក​ក៏​ដោយ ពេលវេលា​ដែល​អ្នក​ចំណាយ​អោយ​គាត់​គឺ​ត្រូវ​តែ​មាន​កម្រិត។ ហើយ​អ្នក​គឺ​ពិត​ជា​មិន​អាច​លះបង់​ពេល​វេលា​អោយ​ទៅ​រូប​គាត់​ បាន​គ្រប់​កាលៈទេសៈ និង​រៀងរាល់​ពេល​ដែល​គាត់​ស្នើ​សុំ​នោះ​ទេ។ ពេល​វេលា​ដែល​អ្នក​ត្រូវ​ការ​សម្រាប់​ខ្លួន​ឯង គឺ​មាន​សារៈសំខាន់​ដូច​គ្នា។

ការ​ធ្វើ​បែប​នេះ គឺ​អ្នក​កំពុង​តែ​ផ្ដល់​តម្លៃ​ដល់​ពេល​វេលា​របស់​ខ្លួន​ឯង ហើយ​ក៏​ជា​ការ​កំពុង​ធ្វើ​ខ្លួន​ជា​មនុស្ស​ស្រី​ដែល​មាន​តម្លៃ​ម្នាក់​ដូច​គ្នា​ដែរ ពីព្រោះ​វា​ជា​ការ​បង្ហាញ​ប្រាប់ និង​បង្រៀន​ដល់​មិត្ត​ប្រុស ឬ​ស្វាមី​របស់​អ្នក​ថា ពេលវេលា​របស់​អ្នក ហើយ​និង​របស់​គាត់ គឺ​មាន​តម្លៃ​ស្មើ​គ្នា ហើយ​នឹង​ធ្វើ​អោយ​គាត់ ​ពេញ​ចិត្ត​និង​យល់​ពី​តម្លៃ​នៃ​ពេល​វេលា​របស់​អ្នក​ នៅ​រៀង​រាល់​ពេល​ដែល​គាត់​បាន​នៅ​ក្បែរ​អ្នក​បាន​កាន់​តែ​ច្រើន​ឡើង។

១០) រៀន​និយាយ​ពាក្យ​បដិសេធ

 

គ្រប់​កិច្ចការ​ទាំង​អស់ អ្នក​មិន​ត្រូវ​ធ្វើ​ការ​យល់​ព្រម​តាម​ការ​ស្នើ​សុំ​របស់​នរណា​ម្នាក់​រៀង​រាល់​ពេល​នោះ​ទេ ត្រូវ​រៀន​បដិសេធ ចំពោះ​កិច្ចការ​ដែល​អ្នក​គិត​ថា​ខ្លួន​ឯង​មិន​អាច​ធ្វើ​ទៅ​រួច។ មាន​មនុស្ស​ស្រី​មួយ​ចំនួន​ធំ ដែល​យល់​ខុស​ពី​បញ្ហា​នេះ ដោយ​ពួក​គេ​គិត​ថា ដើម្បី​ធ្វើ​អោយ​បុរស​ណា​ម្នាក់​ មាន​ចិត្ត​ស្រលាញ់ ឬ​ចូល​ចិត្ត​ចំពោះ​ខ្លួន​នោះ គឺ​ត្រូវ​សម្រប​តាម​ការ​ស្នើ​សុំ​របស់​មនុស្ស​ប្រុស​ម្នាក់​នោះ​ទាំង​អស់។ ចំណុច​នេះ​ក្នុង​នាម​ជា​មនុស្ស​ប្រុស​ម្នាក់ ​ពួកយើង​ ហ៊ាន​អះអាង​ថា មនុស្ស​ស្រី​ដែល​មិន​ចេះ​បដិសេធ​សោះ គឺ​គួរ​អោយ​ឆាប់​ធុញ​ទ្រាន់​ខ្លាំង​ណាស់ ហើយ​ប្រសិន​បើ​ទោះ​ជា​នាង​យល់​ស្រប​គ្រប់​ចំណុច​នូវ​អ្វី​ដែល មនុស្ស​ប្រុស​ម្នាក់​លើក​ឡើង​ក៏​ដោយ ក៏​ពិបាក​នឹង​ធ្វើ​អោយ​មនុស្ស​ប្រុស​ម្នាក់​នោះ​ចូល​ចិត្ត​នាង​វិញ​ដែរ។

ដូច្នេះ​អ្វី​ដែល​សុភាព​នារី​ទាំង​ឡាយ​គួរ​តែ​ធ្វើ​នោះ​គឺ គួរ​តែ​រៀន​បដិសេធ​ខ្លះ ពីព្រោះ​ការ​បដិសេធ គឺ​ជា​ការ​បង្កើត​នូវ​តម្លៃ​សម្រាប់​ខ្លួន​ឯង ទោះ​ជា​ជាមួយ​នឹង​មនុស្ស​ប្រុស​ដែល​អ្នក​ចូល​ចិត្ត​កម្រិត​ណា​ក៏​ដោយ។ ការ​ធ្វើ​បែប​នេះ នឹង​បង្កើត​ជា​ភាព​ទាក់​ទាញ​ម៉្យាង​នៅ​ក្នុង​ខ្សែ​ភ្នែក​មនុស្ស​ប្រុស ហើយ​ពួក​គេ​នឹង​លួច​កោត​សរសើរ ​ចំពោះ​ការ​តាំង​ចិត្ត​របស់​អ្នក និង​ចំពោះ​អ្វី​ដែល​អ្នក​ជឿជាក់។

១១) ផ្ដល់​ការ​គោរព​ដល់​អ្នក​ដទៃ

 

ការ​ទាម​ទារ​នូវ​ការ​គោរព​ពី​អ្នក​ដទៃ​តែ​ម៉្យាង​ គឺ​មិន​គ្រប់​គ្រាន់​ក្នុង​ការ​ក្លាយ​ខ្លួន​ជា​មនុស្ស​ស្រី​ថ្លៃ​ថ្នូរ និង​មាន​តម្លៃ​ម្នាក់​ទេ។ ប៉ុន្តែ​ចាំ​បាច់​បំផុត​នោះ​គឺ អ្នក​ក៏​ត្រូវ​តែ​ផ្ដល់​នូវ​ការ​គោរព​អោយ​ត្រលប់​ទៅ​អ្នក​ដទៃ​វិញ ដូច​គ្នា​ដែរ។ និយាយ​ជា​រួម​ អ្នក​គប្បី​ធ្វើ​ខ្លួន​ជា​មនុស្ស​ដែល​ មាន​អត្តចរិត​ល្អ​ម្នាក់ ដែល​រស់​នៅ​ក្នុង​សង្គម។ មាន​មនុស្ស​ស្រី​ភាគ​ច្រើន​យល់​ខុស​ថា ដើម្បី​ក្លាយ​ខ្លួន​ទៅ​ជា​មនុស្ស​ស្រី​ដែល​ថ្លៃ​ថ្នូរ ហើយ​មាន​តម្លៃ​នោះ គឺ​ការ​មាន​លទ្ធភាព​គ្រប់​គ្រង​និង​ត្រួតត្រា​ទៅ​លើ​ដៃ​គូ ឬ​ស្វាមី​របស់​ខ្លួន​បាន។

ប្រសិន​បើ​អ្នក​ជា​មនុស្ស​ស្រី​ដែល​កំពុង​តែ​គិត​ខុស ដូច​អ្វី​ដែល​ ​ពួកយើង​ បាន​លើក​ឡើង​ខាង​លើ​នេះ​មែន នោះ​ ​ពួកយើង​ ស្នើ​សុំ​អោយ​ប្រិយមិត្ត​ត្រូវ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ជា​បន្ទាន់។ ត្រូវ​ចាំ​ថា​មុន​ពេល​ដែល​អ្នក​អាច​ទទួល​បាន​ការ​គោរព​ពី​អ្នក​ដទៃ អ្នក​ចាំ​បាច់​ត្រូវ​ផ្ដល់​ការ​គោរព​ដល់​អ្នក​ដទៃ​ជា​មុន​សិន។ ហើយ​ប្រសិន​បើ​បុរស​បាន​មើល​ឃើញ ថា​អ្នក​ជា​មនុស្ស​ស្រី​ដែល​ល្អ​បែប​នេះ​ហើយ ​តើ​អោយ​ពួក​គេ​ព្រងើយ​កន្តើយ​ជា​មួយ​នឹង​អ្នក​ម្ដេច​នឹង​កើត​ទៅ?

១២) ជា​មនុស្ស​ស្រី​ថ្លៃ​ថ្នូរ ​ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា​អ្នក​មិន​អាច​ធ្វើ​ខ្លួន​សប្បាយ ឬ​ត្រូវ​ធ្វើ​ខ្លួន​ដូច​ជា​គល់​ឈើ​នោះ​ទេ

 

ចំណុច​ចុង​ក្រោយ​ ដែល​សុភាព​នារី​គួរ​តែ​ដឹង​នោះ​គឺ ទោះ​បី​ជា​អ្នក​ត្រូវ​ធ្វើ​ខ្លួន​ជា​មនុស្ស​ស្រី​ថ្លៃ​ថ្នូរ និង​មាន​តម្លៃ​ម្នាក់​ក៏​ពិត​មែន ក៏​ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា​អ្នក​មិន​អាច​ធ្វើ​ខ្លួន​អោយ​សប្បាយ​រីករាយ តុប​តែង​ខ្លួន​ស៊ិចស៊ី ហើយ​ត្រូវ​ធ្វើ​ខ្លួន​ដូច​ជា​គល់​ឈើ​នោះ​ទេ។ មនុស្ស​ស្រី​ដែល​យល់​ពី​តម្លៃ​របស់​ខ្លួន​ឯង​ យល់​ច្បាស់​ពី​ចំណុច​ទាំង​អស់​នេះ។

ត្រូវ​ចាំ​ថា ត្រូវ​ធ្វើ​ខ្លួន​ជា​មនុស្ស​ស្រី​ដែល​ថ្លៃ​ថ្នូរ និង​ចេះ​ផ្ដល់​ការ​គោរព​អោយ​អ្នក​ដទៃ ប៉ុន្តែ​អ្នក​ចាំ​បាច់​ក៏​ត្រូវ​បង្ហាញ​ដល់​មនុស្ស​ប្រុស​អោយ​បាន​ឃើញ​ផង​ដែរ​ថា អ្នក​ក៏​អាច​មាន​ពេល​វេលា​ដែល​សប្បាយ​សម្រាប់​ខ្លួន​ឯង​ បាន​ដូច​គ្នា​ដែរ។ មនុស្ស​ស្រី​បែប​នេះ មនុស្ស​ប្រុស​ម្នាក់​ណា​ក៏​ពិបាក​នឹង​ទប់​ចិត្ត​ មិន​អោយ​ចូល​ចិត្ត​ពួក​នាង​បាន​ដែរ ហើយ​បើ​អ្នក​ធ្វើ​ខ្លួន​ធ្មឹងៗ ឬ​ដូច​ជា​គល់​ឈើ​ខ្លាំង​ពេក មនុស្ស​ប្រុស​ប្រហែល​ជា​មិន​ហ៊ាន​ចូល​ទៅ​ជិត​អ្នក​នោះ​ទេ ចំណុច​នេះ ​ពួកយើង ហ៊ាន​ធានា។

បន្ទាប់​ពី​អាន​ចំណុច​ទាំង​ ១២​នេះ​ហើយ ប្រិយមិត្ត​នារី​ជា​ច្រើន ប្រាកដ​ជា​យល់​ឃើញ​ថា​ការ​ធ្វើ​ខ្លួន​ជា​មនុស្ស​ស្រី​ដែល​មាន​តម្លៃ​ម្នាក់ គឺ​ពិត​ជា​គ្មាន​អ្វី​ដែល​ពិបាក​នោះ​ទេ តើ​ពិត​មែន​ដែរ​ទេ?​ ចំណុច​ចាំបាច់​បំផុត​នោះ គឺ​អ្នក​ត្រូវ​តែ​យល់​ពី​តម្លៃ​របស់​ខ្លួន​ឯង ហើយ​ក្ដោប​ក្ដាប់​ និង​ប្រើ​ប្រាស់​វា​អោយ​បាន​ល្អ​។ ការ​ស្គាល់​ពី​តម្លៃ​របស់​ខ្លួន​ឯង​នេះ​ហើយ​ ដែល​នឹង​ធ្វើ​អោយ​មនុស្ស​ប្រុស ហើយ​នឹង​អ្នក​ដទៃ​យល់​ច្បាស់​ពី​តម្លៃ​របស់​អ្នក​បាន​ដូច​គ្នា​ដែរ៕

ប្រភព entrepreneur