kalib9

ជំនាញ​ជីវិត​៦​យ៉ាង​ដែល​គួរ​រៀន​ក្នុង​វ័យ​សិក្សា តែ​អ្នក​ប្រហែល​​មើល​រំលង​

ក្នុង​វ័យ​សិក្សា​ ក្រៅ​ពី​ការ​រៀន​សូត្រ​​តាម​កម្មវិធី​សិក្សា​របស់​សាលារៀន​ នូវ​មុខវិជ្ជា និង​ជំនាញ​ផ្សេងៗ​នោះ​ សិស្ស​ទាំង​អស់​ក៏​អាច​រៀន​នូវ​ជំនាញ​ជីវិត​សំខាន់ៗ​មួយ​ចំនួន​ផង​ដែរ​ ប៉ុន្តែ​សិស្ស​ខ្លះ​ក៏​បាន​ចាប់​អារម្មណ៍​ពី​ជំនាញ​ជីវិត​ទាំង​នោះ​ ហើយ​អ្នក​ខ្លះ​ទៀត​ក៏​មើល​រំលង​ និង​មិន​​បាន​រៀន​វា​​ផង​ដែរ​។ ជំនាញ​ជីវិត​សំខាន់ៗ​ទាំង​៦​ដែល​អ្នក​អាច​រៀន​សូត្រ​ក្នុង​ពេល​នៅ​រៀន​នោះ​មាន​ដូចជា៖

១. ការ​គ្រប់គ្រង​លុយ​កាក់​​

មាន​សិស្ស​ និស្សិត​ជា​ច្រើន​ដែល​បញ្ចប់​ការ​សិក្សា​ដោយ​មាន​បំណុល​ជាប់​ខ្លួន​ជា​ច្រើន​ ហើយ​ក៏​មិន​ដឹង​ថា​ត្រូវ​គ្រប់គ្រង​វា​ដោយ​របៀប​ណា​ដែរ​ ព្រោះ​ទីផ្សារ​ការងារ​មាន​ភាព​លំបាក​ ហើយ​ក៏​ប្រហែល​មិន​មាន​ប្រាក់​ចំណូល​​ជា​និរន្តរភាព​សម្រាប់​ដោះស្រាយ​បំណុល​ទាំង​នោះ​ដែរ​​​។ ដូចនេះ​ គេ​ត្រូវ​មាន​ការ​គ្រប់គ្រង​លុយ​កាក់​សម្រាប់​ការ​ចាយវាយ​ និង​ការ​ចំណាយ​សម្រាប់​ការ​​សិក្សា​ឲ្យ​បាន​ត្រឹមត្រូវ​តាំង​ពី​នៅ​វ័យ​សិក្សា​។

២. ការ​ចម្អិន​អាហារ​​សុខភាព

សិស្ស​ និស្សិត​មួយ​ចំនួន​ចូលចិត្ត​បរិភោគ​អាហារ​​ចម្អិន​ស្រាប់​ ព្រោះ​ថា​វា​មាន​ភាព​ងាយ​ស្រួល​ ដោយ​ភ្លេច​ចាប់​អារម្មណ៍​ពី​ការ​ចម្អិន​អាហារ​សុខភាព​បរិភោគ​ដោយ​ខ្លួន​ឯង​។ ដូចនេះ​ គេ​ត្រូវ​រក្សា​ឲ្យ​បាន​នូវ​​តុល្យភាព​រវាង​អាហារ​ជាមួយ​និង​អ្វី​ដែល​គេ​មាន​នូវ​ក្នុង​ដៃ​ មិនថា​ជា​លុយ​កាក់​ ឬ​អ្វី​ដែល​គេ​អាច​ចម្អិន​អាហារ​​បរិភោគ​ដោយ​ខ្លួន​ឯង​បាន​​។

៣. ការ​តុបតែង​លំអ​ទីកន្លែង​របស់​ខ្លួន​

សិស្ស​ និស្សិត​ត្រូវ​ចេះ​ពី​ការ​រៀបចំ​កន្លែង​របស់​ខ្លួន​ ទាំង​ការ​រៀបចំ​គ្រឿង​សង្ហារិម​ ការ​តាំង​ព្យួរ​រូបភាព​​និង​ការ​តុបតែង​ផ្សេងទៀត​ ដែល​នេះ​នឹង​ធ្វើ​ឲ្យ​ទីកន្លែង​​កាន់​តែ​មាន​លក្ខណៈ​ជា​កន្លែង​របស់​ខ្លួន​​ច្រើន​ឡើង។

៤. ការ​រៀបចំ​ឯកសារ​របស់​ខ្លួន​ឲ្យ​មាន​របៀបរៀបរយ​

វា​មាន​សារៈសំខាន់​ក្នុង​ការ​រៀបចំ​រាល់​ឯកសារ​របស់​អ្នក និង​ព័ត៌មាន​របស់​អ្នក​ក្នុង​ឯកសារ​ឲ្យ​មាន​របៀប​រៀបរយ​​ ដើម្បី​មាន​ភាព​ងាយ​ស្រួល​នៅ​ពេល​អ្នក​ត្រូវ​ការ​វា​ ជាពិសេស​សម្រាប់​អ្នក​ដែល​ចាប់​ផ្តើម​ការងារ​ ឬ​ក៏​ផ្លាស់​ប្តូរ​ការងារ​។

៥. ការ​រៀបចំ​កាលវិភាគ​នៃ​ការ​ណាត់​ជួប​

ក្នុង​វ័យ​នេះ​ សិស្ស​ និស្សិត​ក៏​ត្រូវ​រៀប​ចំ​ពេល​វេលា​សម្រាប់​ការ​ណាត់​ជួប​ផ្សេងៗ​ និង​ចេះ​ធ្វើ​ការ​ណាត់​ជួប​ដោយ​ខ្លួន​ឯង​ ដោយ​មិន​ចាំ​បាច់​ពឹង​ពាក់​អាណាព្យាបាល​​ឬ​ឪពុក​ម្តាយ​រៀបចំ​ការ​ណាត់​ជួប​ឲ្យ​ខ្លួន​។

៦. ការ​ទំនាក់ទំនង​ប្រកប​ដោយ​ប្រសិទ្ធភាព​

ការ​ស្នើ​សុំ​នូវ​អ្វី​ដែល​អ្នក​ចង់​បាន​ ឬ​​ត្រូវ​ការ​គឺ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ​ ប៉ុន្តែ​បើ​អ្នក​ចេះ​ នោះ​វា​នឹង​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​ងាយ​ស្រួល​សម្រាប់​រយៈ​ពេល​យូរ​។ ដើម្បី​​ធ្វើ​បាន​ដូច្នេះ​ អ្នក​ត្រូវ​យល់​ដឹង​ពី​ទំនាក់​ទំនង​ ការ​សន្ទនា​ក្នុង​ពេល​សម្ភាសន៍​ការងារ​ ការ​ធ្វើ​ជា​មិត្ត​ល្អ​ ការ​ទំនាក់​ទំនង​ជាមួយ​មិត្តភក្តិ​ ការ​ដឹង​ពី​ពេល​ត្រូវ​កំណត់​ព្រំដែន​សម្រាប់​ការ​ទំនាក់ទំនង​ និង​ការ​និយាយ​ថា​ “ទេ​” ចំពោះ​អ្វី​មួយ​។
​​
ជំនាញ​ជីវិត​ដូច​បាន​លើក​ឡើង​ខាង​លើ​ ​អ្នក​អាច​ចាប់​ផ្តើម​រៀន​សូត្រ​នៅ​ពេល​ដែល​អ្នក​នៅ​ក្នុង​វ័យ​សិក្សា​ ហើយ​វា​ពិត​ជា​មាន​សារៈសំខាន់​សម្រាប់​ជីវិត​របស់​អ្នក​ទាំង​ពេល​បច្ចុប្បន្ន​ និង​នា​ពេល​ខាង​មុខ​បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​។

ប្រែ​សម្រួល​៖ Sophany
ប្រភព៖ Business Insider