kalib9

តោះ​ក្រឡេកមកស្គាល់ រថយន្ត​របស់​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀរ ពូ​ទីន!!!

រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម លោក ដេ​នី​ស ម៉ាន់​ទូ​រូ​វ បាន​បញ្ជាក់ថា ប្រធានាធិបតី វ្ល៉ា​ឌី​មៀរ ពូ​ទីន បាន​សាកល្បង​ជិះ​រថយន្ត​ផលិត​នៅ​រុស្ស៊ី ដែលជា​ផ្នែក​មួយ​នៃ​គម្រោងការ​រថយន្ត Cortege​។ រថយន្ត​ផ្លូវការ​ថ្មី​សន្លាង​នេះ​ត្រូវគេ​រំពឹងថា​នឹង​បញ្ចេញ​នៅ​អំឡុងពេល​ស្បថ​ឡើងកាន់តំណែង​មេដឹកនាំ​ថ្មី បន្ទាប់ពី​ការបោះឆ្នោត​ប្រធានាធិបតី​នៅ​ឆ្នាំក្រោយ​។​

​ថ្លែង​ទៅកាន់​កាសែត Izvestia របស់​រុស្ស៊ី នាយករដ្ឋមន្ត្រី​និយាយថា ប្រធានាធិបតី​បានធ្វើ​តេស្ត​រថយន្ត​នេះ​ដោយផ្ទាល់​រួចហើយ ហើយ​ថា​លោកពូ​ទីន​ពេញចិត្ត​ពេញ​ថ្លើម​ជាមួយនឹង​ស្ថានភាព​នៃ​គម្រោង​នេះ​ណាស់​។

​ដោយ​សំដៅ​ទៅលើ​រថយន្ត​ថ្មី​ពីរ​គ្រៀង ដែល​កំពុងស្ថិត​ក្រោម​កា​រ​ផលិត​នៅក្រោម​គម្រោង Cortege លោក​ដេ​នី​ស ម៉ាន់​ទូ​រូ​វ បាន​បកស្រាយ​ថា “​លោកពូ​ទីន​បាន​សាក​ឱ្យ​ស្គាល់​គម្រោង​រថយន្ត​ថ្មី​នេះ​រួចទៅហើយ និង បាន​មើលឃើញ​ដំណាក់កាល​អភិវឌ្ឍ​ផ្សេងៗ​គ្នា​។ គាត់​ថែមទាំង​បាន​សាក​ជិះ​រថយន្ត​គំរូ Prototype A ទៀតផង ប៉ុន្តែ​មិនមាន​ពេល​គ្រប់គ្រាន់​ដើម្បី​បង្ហាញ​រថយន្ត​គំរូ Prototype B”​។​

​គម្រោង​ការផលិត​រថ​យន្ត Cortege ដែល​បង្កើតឡើង​ក្រោម​គំនិត​ផ្តួចផ្តើម​របស់​ពូ​ទីន បាន​កំពុងស្ថិត​ក្នុងការ​អភិវឌ្ឍ តាំងពី​ឆ្នាំ ២០១២​។ ក្រៅពី​រថយន្ត​របស់​ប្រធានាធិបតី គម្រោង​នេះ​បាន​បង្កើត​នូវ​រថយន្ត​ផ្តាច់មុខ​ពិសេស​ជាច្រើន​ប្រភេទ​ទៀត​ដែរ រួមមាន​រថយន្ត​ធុន​តូច រថយន្ត​វ៉ែន​ខ្នាតតូច និង អាច​រថយន្ត SUV ផងដែរ​។

រថយន្ត​ប្រធានាធិបតី ដែល​ចេញ​ម៉ូត​ដោយ​វិទ្យាស្ថាន​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​រថយន្ត និង​ម៉ាស៊ីន (NAMI) ក្នុង​ក្រុង​មូ​ស្គូ ត្រូវគេ​រំពឹងថា​នឹង​បង្ហាញខ្លួន​អំឡុង​ពិធី​ស្បថ​កាន់តំណែង បន្ទាប់ពី​ការបោះឆ្នោត​ប្រធានាធិបតី​នៅ​រដូវ​ស្លឹកឈើ​លាស់​ឆ្នាំក្រោយ​។ ទីភ្នាក់ងារ​សន្តិសុខ​សហព័ន្ធ​រំពឹង​ទទួលបាន​រថយន្ត ១៤ គ្រឿង​ដំបូង នៅត្រឹម​ដំណាច់​ឆ្នាំនេះ ដើម្បី​ធ្វើតេស្ត​ឱ្យ​ស៊ាំ​៕ ​ដោយ ៖កញ្ញាដាលីស