kalib9

សាហាវឃោឃៅមែន! បែកគ្នាហើយ មកសុំត្រូវគ្នាវិញតែសង្សារមិនព្រម បែជាដកកាំភ្លើងបាញ់សម្លាប់ឆៅៗ! (មានវីដេអូ)

ថៃ៖ នារីវ័យក្មេងជានិស្សិតជនជាតិថៃម្នាក់ ត្រូវបានអតីតមិត្តប្រុសរបស់ខ្លួន ដកកាំភ្លើងបាញ់ប្រហារ ស្លាប់ភ្លាមៗនៅនឹងកន្លែង ក្រោយខឹងសុំត្រូវរ៉ូវគ្នាវិញតែនាងបដិសេធមិនព្រម។

ហេតុការណ៍ដ៏គួរឲ្យរន្ធត់ចិត្ត និងភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីព្រឹកថ្ងៃច័ន្ទ ទី៤ មិថុនា ឆ្នាំ២០១៨ ម្សិលមិញនេះ នៅមុខផ្ទះរបស់នារីរងគ្រោះ (ផ្ទះស្នាក់អាស្រ័យដែលខាងសាលាផ្តល់ឲ្យនិស្សិត) ស្ថិតក្នុងទីក្រុងបាងកក ប្រទេសថៃ។

បើយោងតាមប្រភពសារព័ត៌មាន បានរាយការណ៍ឲ្យដឹងថា ជនសង្ស័យជាអតីតមិត្តប្រុសរូបនោះ ត្រូវបានគេស្គាល់ឈ្មោះថា Pukkapong Chittarom មានអាយុ ២៤ឆ្នាំ។ ចំណែកឯ នារីរងគ្រោះជាសង្សារវិញ មានឈ្មោះ Nachareeya Thaprajit អាយុ ២១ឆ្នាំ ជានិស្សិតស្រីឆ្នាំទី៣ ផ្នែកធុរកិច្ច នៃសាកលវិទ្យាល័យ Suan Sunandha Rajabhat University ។

អ្នកទាំងពីរនេះ ត្រូវបានគេដឹង បានស្គាល់គ្នាអស់រយៈពេលប្រហែលជា ៥ឆ្នាំមកហើយ។ ប៉ុន្តែទើបតែមួយរយៈពេលចុងក្រោយមកនេះ ពួកគេទាំងពីរមានបញ្ហាទាស់ទែងជាមួយគ្នា រហូតធ្វើឲ្យខាងស្រីសុំបែក ខណៈខាងប្រុសសុំសម្របសម្រួលត្រូវរ៉ូវគ្នាវិញ តែនាងប្រកែក។

ប្រភពដដែលបន្តថា រហូតមកដល់ថ្ងៃកើតហេតុនោះ នៅគ្រាដែលនាង Nachareeya បានចេញពីផ្ទះដើរទៅរៀនជាមួយនឹងមិត្តភក្តិស្រីរបស់នាងម្នាក់ទៀត នៅម៉ោងខ្ទង់ប្រហែលជា ១១និង៣០នាទីថ្ងៃត្រង់នោះ ក៏ស្រាប់តែប្រទះឃើញអតីតមិត្តប្រុសរបស់នាង កំពុងតែឈររង់ចាំនាងនៅខាងក្រៅផ្ទះ។

ប៉ុន្តែនៅគ្រានោះ Nachareeya ត្រូវបានគេរាយការណ៍ថា នាងបានព្យាយាមដើរចេញ ដោយបដិសេធមិនចង់ជួប និយាយតទល់វែងឆ្ងាយជាមួយនឹង Pukkapong ដែលជាអតីតមិត្តប្រុសនាងនោះឡើយ។

ប៉ុន្តែភ្លាមៗនោះ នៅពេលដែលនាងប្រកែកមិនចង់និយាយ មិត្តប្រុសរបស់នាង ក៏បានដកកាំភ្លើងគំរាមប្រុងបាញ់នាងម្តងជាពីរដង រហូតនៅទីបំផុត ជនសង្ស័យជាឃាតក អត់ទ្រាំមិនបាន ក៏បានដាច់ចិត្តបាញ់ប្រហារនាង ចំដើមទ្រូងបណ្តាលឲ្យដួលដេកនឹងដី ស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។

បន្ទាប់មកជនសង្ស័យជាឃាតក ក៏បានស្ទុះទៅអង្គុយអោបសង្សាររបស់ខ្លួន រួចយកកាំភ្លើងភ្ជង់បាញ់មាត់ខ្លួនឯង ប៉ងធ្វើអត្តឃាតតាមក្រោយ។ ប៉ុន្តែចៃដន្យបែរជាមិនស្លាប់ គ្រាន់តែបណ្តាលឲ្យធ្លុះថ្ពាល់ រងរបួសធ្ងន់តែប៉ុណ្ណោះ។

ក្រោយកើតហេតុ ប៉ូលិស និងក្រុមភ្នាក់ងារសង្គ្រោះបន្ទាន់ ក៏បានចុះទៅដល់ទីតាំងកើតហេតុ ដោយធ្វើការពិនិត្យនិងប្រកាសថា នារីរងគ្រោះបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ។ ចំណែកឯ មិត្តប្រុសនាងវិញ ក៏ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យផងដែរ ដោយសារតែ រងរបួសធ្លុះថ្ពល់ធ្ងន់ធ្ងរ។

បច្ចុប្បន្នប៉ូលិសក៏កំពុងតែធ្វើស៊ើបអង្កេតលើករណីមួយនេះ និងបានសាកសួរព័ត៌មានមួយចំនួន ពីក្រុមគ្រួសារនៃសព ដើម្បីរៀបចំចាត់ការបន្តទៅតាមផ្លូវច្បាប់ផងដែរ ៕

ទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ khmerload