kalib9

៨ យ៉ាងដែលអ្នកមិនគួរសន្សំសំចៃទោះកំពុងដាច់លុយក៏ដោយ

យើងដឹងហើយថា ថវិកាមិនងាយស្រួលរកនោះទេ តែចាយវិញងាយអស់ណាស់។ ដូច្នេះហើយទើបយើងនាំគ្នាចាយដោយរិះថាំបំផុត ជាពិសេសពេលទិញទំនិញម្ដងៗ។ វាមិនខុសនោះទេដែលយើងត្រូវសន្សំសំចៃបែបនេះ ប៉ុន្តែយើងក៏ត្រូវដឹងដែរថា មានពេលខ្លះយើងត្រូវសុខចិត្តចំណាយលើរឿងមួយចំនួនដើម្បីសុខភាព និងការរស់នៅបានល្អប្រសើរ។ ថ្ងៃនេះ គេហទំព័រ ចង់ដឹង សុំបង្ហាញជូននូវ របស់ ៨យ៉ាងដែលអ្នកគួរតែហ៊ានចំណាយទោះវាថ្លៃបន្តិចក៏ដោយចុះ ៖

១. ស្បែកជើង

ការប្រើប្រាស់ស្បែកជើងថោកៗនឹងធ្វើអោយប្រអប់ជើងអ្នកគ្មានផាសុកភាព ប៉ះពាល់ដល់ចរន្តឈាមរត់ បញ្ហាសន្លាក់ និងចលនារបស់ជើង។ អ្នកអាចនឹងរុញរាក្នុងការទិញស្បែកជើងប៊្រែនៗ ដោយសារតម្លៃថ្លៃពេកបើប្រៀបធៀបនឹងស្បែកជើងជជុះ ឬស្បែកជើងរោងចក្រ ប៉ុន្តែអ្នកត្រូវដឹងថា អ្នកនឹងចំណាយលុយលើសុខភាពអស់ច្រើនជាងនេះ បើសិនជាអ្នកពាក់ស្បែកជើងធូរថ្លៃនោះហើយមានបញ្ហារៀបរាប់ដូចខាងលើ។

២. ខោទ្រនាប់

លោកអ្នកគួរជ្រើសរើសខោទ្រនាប់ណាដែលធ្វើឡើងពីសាច់ក្រណាត់មានគុណភាពល្អ ទោះវាមានតម្លៃថ្លៃបន្តិចក៏ដោយ ព្រោះខោទ្រនាប់ដែលមានតម្លៃថោកច្រើនធ្វើពីក្រណាត់មានគុណភាពទាប និងអាចធ្វើអោយស្បែកឡើងកន្តួល ក្រហម រមាស់ និងប៉ះពាល់ដល់សុខភាពច្រើនជាងនេះទៀត។

៣. ខោខូវប៊យ

ខោខូវប៊យដែលមានគុណភាពខ្ពស់ ប្រើបានយូរ ស្លៀកទៅមានផាសុកភាព តែងតែមានតម្លៃថ្លៃចៀសមិនផុត។ ប៉ុន្តែអ្នកមិនត្រូវស្ដាយក្នុងការទិញរបស់ល្អ ហើយទៅទិញខោខូវប៊យដែលគ្មានគុណភាព ស្លៀកទៅមិនស្រួល ហើយមិនបានប៉ុន្មានក៏ខូចស្លៀកលែងកើតនោះទេ។

៤. ធ្មេញ

អ្នកដឹងហើយថា ធ្មេញគឺសំខាន់ខ្លាំងណាស់ ដូច្នេះបើអ្នកខូចធ្មេញហើយត្រូវព្យាបាល ឬដាក់ថ្មីនោះ អ្នកគប្បីហ៊ានចំណាយថវិកាជាមួយទន្តបណ្ឌិតដែលមានជំនាញ ដើម្បីជៀសវាងអស់លុយច្រើនដង ហើយបណ្ដាលអោយមានបញ្ហាកាន់តែធ្ងន់ធ្ងរទៅៗ។

៥. ស្ករសូកូឡា

សូកូឡាខ្មៅ ជាសូកូឡាដែលមានគុណភាពល្អសម្រាប់សុខភាព មិនសម្បូរជាតិខ្លាញ់ដូចសូកូឡាដទៃ ប៉ុន្តែវាក៏មានតម្លៃថ្លៃជាងផងដែរ។ យ៉ាងណាមិញ អ្នកត្រូវតែហ៊ានចំណាយលើសូកូឡាដែលល្អនេះ ជាជាងទិញសូកូឡាដែលគ្រាន់តែឆ្ងាញ់ តែបន្សល់ជាតិខ្លាញ់ក្នុងរាងកាយរបស់អ្នក។

៦. ទូរសព្ទដៃ

ទូរសព្ទដៃដែលល្អ មានគុណភាពខ្ពស់ ធន់ប្រើបានយូរ គឺសុទ្ធតែជារបស់ក្រុមហ៊ុនល្បីឈ្មោះលើពិភពលោក។ ដូចនេះ តម្លៃរបស់វាមិនថោកនោះទេ។ ប៉ុន្តែអ្្នកគប្បីចំណាយលើវា បើអ្នកចង់បានរបស់ល្អ និងប្រើបានយូរ។

៧. ស្រា

ផឹកស្រា គឺមិនល្អចំពោះសុខភាពនោះទេ ប៉ុន្តែទទួលទានបរិមាណស្រាក្រហមបន្តិចបន្តួច គឺល្អសម្រាប់រាងកាយ ថ្វីបើវាថ្លៃជាងស្រាផ្សេងក៏ដោយ។

៨. សុវត្ថិភាព

អ្នកអាចគិតថា ធានារ៉ាប់រង មានតម្លៃថ្លៃ ប៉ុន្តែអ្នកដែលគិតទេថា អនាគតមើលមិនឃើញទេ ទោះបីអ្នកប្រុងប្រយ័ត្នយ៉ាងណា រឿងមិនល្អអាចនឹងកើតឡើងគ្រប់ពេល។ បើរង់ចាំដល់ពេលនោះ គ្រប់យ៉ាងអាចនឹងហួសពេល។ ដូច្នេះហើយអ្នកដែលមានលទ្ធភាពមិនគួរខ្លាចនឹងចំណាយនឹងការទិញធានារ៉ាប់រងនោះទេ។

ប្រភព ៖ Brigtside