kalib9

អស់​បញ្ហា​រឿង​ខ្សោយ​តម្រង​នោម បើ​បាន​បរិភោក​អាហារ ​៧​មុខ​នេះ!!!

តម្រង​នោម​ជា​សរីរាង្គ​ដែល​មាន​នាទី​ច្រោះ​ជាតិ​ពុល​នៅ​ក្នុង​សរសៃ​ឈាម​ និង​រក្សា​លំនឹង​នៃ​សារធាតុ​គីមី​ធម្មជាតិ​នៅ​ក្នុង​ឈាម។

តម្រង​នោម​មាន​ពីរ ដែល​មាន​ទីតាំង​នៅ​ខ្នង​ផ្នែក​ខាង​ក្រោម​ជិត​ត្រគាក។ កាលណា​មនុស្ស​ម្នាក់​ខ្សោយ​តម្រង​នោម អាច​បណ្ដាល​ឲ្យ​ជាតិ​ពុល​ជ្រាប​ចូល​ក្នុង​ឈាម និង​ខួរ​ក្បាល។

អាហារ​មួយ​ចំនួន​ដែល​មនុស្ស​បរិភោគ​ចូល​ទៅ ផ្ទុក​សារធាតុ​ដែល​ប៉ះ​ពាល​តម្រង​នោម ហើយ​បណ្ដាល​ឲ្យ​ចុះ​ខ្សោយ។ ដូចនេះ លោក​អ្នក​គួរ​យក​ចិត្ត​ទុក​ដាក់​ជា​ពិសេស​ចំពោះ​តម្រង​នោម។

ខាងក្រោម​នេះ​ជា​អាហារ​ចំនួន​ប្រាំពីរ​មុខ ដែល​ជួយ​ពង្រឹង​សមត្ថភាព​តម្រង​នោម​ឲ្យ​មាន​សុខភាព​ល្អ ឬ​ជួយ​កែខៃ​តម្រង​នោម ដែល​ចុះ​ខ្សោយ​ឲ្យ​វិល​ទៅ​រក​សភាព​ធម្មតា​វិញ។

១- ខ្ទឹម​ស ៖
ក្នុង​ចំណោម​អាហារ​ផង​ទាំង​ពួង អ្នក​វិទ្យាសាស្ត្រ​ចាត់​ទុក​ថា​ខ្ទឹម​ស​ស្ថិត​នៅ​ចំណាត់​ថ្នាក់​ល្អ​ផ្ដាច់​គេ និង​ជា​អាហារ​ដែល​មាន​តម្លៃ​ថោក​សមរម្យ ងាយ​ស្រួល​រក។ ខ្ទឹម​ស​ផ្ទុក​សារធាតុ​ពិសេស ដែល​ទប់​ស្កាត់ និង​កម្ចាត់​ជំងឺ​រលាក​តម្រង​នោម និង​កាត់​បន្ថយ​កូឡេស្តេរ៉ូល​មិន​ល្អ។

នៅ​ក្នុង​ការ​ចម្អិន​អាហារ គេ​អាច​ប្រើ​ខ្ទឹម​ស ដើម្បី​បង្កើន​រសជាតិ​ជំនួស​អំបិល ​ព្រោះ​អំបិល​ប្រភេទ​សូដ្យូម​ក៏​មិន​ល្អ​ណាស់​ណា​ដែរ គឺ​កាលណា​អស់​លោក​អ្នក​ពិសា​អាហារ​ផ្ទុក​អំបិល​កាន់​តែ​ច្រើន ធ្វើ​ឲ្យ​តម្រង​នោម​ធ្វើ​ការ​កាន់​តែ​ច្រើន និង​អាច​ចុះ​ទ្រុឌទ្រោម។

ខ្ទឹមស​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ (antioxidant) (អុកស៊ីតកម្ម​ក្នុង​សរីរាង្គកាយ​បណ្ដាល​ឲ្យ​កើត​ជំងឺ​មហារីក)។ តាម​ការ​ស្រាវជ្រាវ​ថ្មីៗ​បំផុត​បង្ហាញ​ថា​ប្រសិនបើ​លោក​អ្នក​បរិភោគ​អាហារ​ផ្ទុក​ខ្ទឹម​ស​ជា​ប្រចាំ លោក​អ្នក​អាច​គេច​ផុត​ពី​ជំងឺ​មហារីក​ច្រើន​ប្រភេទ។

២- ខ្ទឹម​បារាំង ៖
​ខ្ទឹម​បារាំង​និង​ខ្ទឹម​ស​ផ្ទុក​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ក្នុង​សរីរាង្គកាយ។ ការ​បរិភោគ​ខ្ទឹម​បារាំង​ជាប់​ជា​ប្រចាំ​នឹង​ជួយ​កម្ចាត់​ និង​ទប់​ស្កាត់​ជំងឺ​មហារីក​ច្រើន​ប្រភេទ។

ក្រៅ​ពី​នេះ ខ្ទឹម​បារាំង​ជួយ​ឲ្យ​បេះ​ដូង​មាន​សុខភាព​ល្អ និង​ជួយ​បើក​សរសៃ​ឈាម​ឲ្យ​ធំ​ជាង​មុន បណ្ដាល​ឲ្យ​ឈាម​រត់​បាន​ល្អ ដើម្បី​នាំ​យក​ឧស្ម័ន​អុកស៊ីហ្សែន​ទៅ​ចិញ្ចឹម​ខួរ​ក្បាល (ខួរ​ក្បាល​ត្រូវ​ការ​អុកស៊ីហ្សែន​បំផុត – អត់​ស្ករ​បណ្ដាល​ឲ្យ​សន្លប់ ប៉ុន្តែ​អត់​អុកស៊ីហ្សែន​តែ​ពីរ​ឬ​បី​វិនាទី មនុស្ស​នឹង​ដាច់​ខ្យល់​ស្លាប់​ភ្លាម)។

ប្រសិនបើ​អស់​លោក​អ្នក​អាច​ពិសា​ខ្ទឹម​បារាំង​ឆៅ​តែ​ម្ដង គឺ​ល្អ​វិសេសវិសាល​បំផុត ព្រោះ​វា​មាន​ប្រសិទ្ធភាព​ខ្ពស់​សម្រាប់​ទប់​ស្កាត់ និង​កម្ចាត់​ជំងឺ​រលាក ជា​ពិសេស លោក​អ្នក​ដែល​កើត​ជំងឺ​រលាក​តម្រង​នោម​រ៉ាំរ៉ៃ ឬ​ខ្សោយ​តម្រងនោម​គឺ​ត្រូវ​ប៉ាន់​តែ​ម្ដង។

៣- ពពួក​បន្លែ​ស្ពៃ​ក្ដោប និង​ខាត់ណា ៖
បន្លែ​សន្ដាន​ស្ពៃ​ក្ដោប​ដូចជា ស្ពៃ​ក្ដោប – ផ្កា​ខាត់ណា​ខៀវ ឬ​ប្រូខូលី (broccoli) – ផ្កា​ខាត់ណា​ស (cauliflower) សម្បូរ​សារធាតុ​សរសៃ សម្បូរ​វីតាមីន​ស៊ី (C) និង​វីតាមីន​ខេ (K)។ សារធាតុ​ទាំង​នេះ ជា​អ្វី​ដែល​តម្រង​នោម​ត្រូវ​ការ​បំផុត​ដើម្បី​ដំណើរ​ការ​ទៅ​ដោយ​រលូន និង​បំពេញ​តួនាទី​ប្រកប​ដោយ​សក្ដានុពល​ខ្លាំង។

ក្នុង​ចំណោម​បន្លែ​ទាំង​ប៉ុន្មាន​នេះ ខាត់​ណា​ក្ដោប ឬ​ខាត់ណា​ដើម ល្អ​ផ្ដាច់​គេ​ព្រោះ​សម្បូរ​ជាតិ​ដែក​ធម្មជាតិ​ជំនួយ​ឈាម​ក្រហម និង​សម្បូរ​ជាតិ​បេតាការ៉ូទីន វីតាមីន​ខេ និង​កាលស្យូម។

សារធាតុ​ប៉ូតាស្យូម​ដែល​ផ្ដល់​ទុក្ខ​ទោស​ចំពោះ​តម្រង​នោម ក៏​មាន​តិច​តួច​បំផុត​ក្នុង​បន្លែ​ទាំង​នេះ ហើយ​សក្ដិសម​សម្រាប់​អ្នក​ជំងឺ​ខ្សោយ​តម្រង​នោម។

៤- ពងមាន់ និង​ពង​ទា ៖
ពង​មាន់ និង​ពង​ទា ចែក​ចេញ​ជា​ពង​ក្រហម និង​ពង​ស។ ពង​ស​ផ្ទុក​វីតាមីន​ច្រើន​ប្រភេទ និង​ផ្ទុក​រ៉ែ​ធម្មជាតិ​យ៉ាង​សម្បូរ​បែប ដែល​មនុស្ស​ភាគច្រើន​មិន​បាន​ដឹង។

ពង​ស​សម្បូរ​ប្រូតេអ៊ីន ​មាន​ប៉ូតាស្យូម​តិច​បំផុត និង​មាន​ផូស្វ័រ​តិច​បំផុត។ ពងស​ផ្ទុក​សារធាតុ​ដែក​សម្រាប់​បំប៉ន​សុខភាព​តម្រង​នោម។ ពងស​ស្ទើរ​តែ​គ្មាន​ខ្លាញ់​ទាល់​តែ​សោះ។

៥- ផ្លែ​ប៉ម ៖
មួយ​ថ្ងៃ​គួរ​ទទួលទាន​ផ្លែ​ប៉ម​ឲ្យ​បាន​មួយ​ផ្លែ។ ផ្លែ​ប៉ម​ជួយ​កាត់​បន្ថយ​ជំងឺ​បេះដូង និង​ជួយ​ទប់​ស្កាត់​និង​កាត់​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​មហារីក និង​ជួយ​បញ្ចុះ​កូឡេស្តេរ៉ូល​មិន​ល្អ។ ប៉ម​មាន​សារ​ធាតុ​ប្រឆាំង​នឹង​អាការៈ​រលាក​ក្នុង​សារពាង្គកាយ​ និង​ផ្ទុក​ប៉ូតាស្យូម​តិច​តួច​បំផុត។

៦- ប្រេង​អូលីវ ៖
​បច្ចុប្បន្ន ពិភពលោក​កំពុង​ងាក​មក​ប្រើ​ប្រេង​អូលីវ ជំនួស​ឲ្យ​ប័រ (butter)។ ប្រេង​អូលីវ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង មហារីក និង​ជំងឺ​រលាក ឬ​ខ្សោយ​តម្រង​នោម។ ប្រេង​អូលីវ​ផ្ទុក​សារធាតុ​ទប់​ស្កាត់​មិន​ឲ្យ​តម្រង​នោម​ចុះ​ទ្រុឌទ្រោម ដោយ​សារ​រ៉ាឌីកាល់​សេរី និង​កាត់​បន្ថយ​អាការៈ​រលាក​ក្នុង​សរសៃ​ឈាម។

៧- សាច់​ត្រី​ស្រស់ ៖
ត្រី​ប្រភេទ​ខ្លះ​ដូចជា​ត្រី​សលម៉ុន (salmon) – ត្រីសាឌីន – ត្រីហឺរីង (herring) ។ល។ សម្បូរ​ប្រូតេអ៊ីន និង​សម្បូរ​អូមេហ្គ៊ែ​បី (omega-3) ដែល​កាត់​បន្ថយ​ខ្លាញ់​រុំ​បេះដូង ហើយ​សារធាតុ​អូមេហ្គ៊ែ​នេះ សរីរាង្គកាយ​មិន​អាច​ផលិត​បាន​ទេ។

អស់​លោក​អ្នក​ដែល​បរិភោគ​សាច់​ត្រី​ស្រស់ៗ ជា​ប្រចាំ​នឹង​គេច​ផុត​ពី​ជំងឺ​បេះ​ដូង ជំងឺ​លើស​សម្ពាធ​ឈាម និង​កូឡេស្តេរ៉ូល​អាក្រក់។ អាការៈ​ជំងឺ​ទាំង​នេះ​បណ្ដាល​ឲ្យ​ខូច​តម្រង​នោម ដូចនេះ​ការ​កម្ចាត់​រាល់​ជំងឺ​ទាំង​អស់​នេះ​បាន មាន​ន័យ​ថា​លោក​អ្នក​អាច​ជៀស​ផុត​ពី​ជំងឺ​រលាក ឬ​ខ្សោយ​តម្រង​នោម៕

ប្រភព៖​ healthyandnaturalworld

error: Content is protected !!