kalib9

មកដឹងជីវប្រវត្តិនិងស្នាដៃរបស់លោក Stephen Hawking អ្នកប្រាជ្ញវិទ្យាសាស្រ្តល្បីឈ្មោះក្នុងពិភពលោកដែលទើបទទួលមរណភាព

សម្រាប់អ្នកដែលចូលចិត្តផ្នែកវិទ្យាសាស្រ្ត ប្រាកដជាធ្លាប់ស្គាល់លោក Stephen Hawking ដែលជាអ្នកប្រាជ្ញផ្នែកវិទ្យាសាស្រ្តដ៏ល្បីឈ្មោះម្នាក់ក្នុងពិភពលោក។ លោកទើបតែទទួលមរណភាពនាពេលថ្មីៗនេះនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨។ ដូចនេះហើយ ចង់ដឹង សូមលើកមកបង្ហាញត្រួសៗនូវប្រវត្តិរូបរបស់លោក និងស្នាដៃសំខាន់ៗដែលលោកបានបន្សល់ទុកដូចខាងក្រោម។

តើ Stephen Hawking ជានរណា?

លោកជាអ្នកវិទ្យាសាស្រ្តជនជាតិអង់គ្លេស ជាសាស្រ្តចារ្យ និងជាអ្នកនិពន្ធសៀវភៅដែលបានរកឃើញអ្វីថ្មីៗជាច្រើននៅក្នុងផ្នែករូបវិទ្យា និងលោកធាតុវិទ្យា។

អំពីកំណើត

Stephen William Hawking បានកើតនៅទីក្រុង Oxford ប្រទេសអង់គ្លេស នៅថ្ងៃទី០៨ ខែមករា ឆ្នាំ១៩៤២ ដែលជាថ្ងៃខួប៣០០ឆ្នាំនៃការស្លាប់របស់ Galileo (អ្នកប្រាជ្ញរូបវិទ្យាដ៏ល្បីឈ្មោះ)។ លោកកើតចំពេលដែលគ្រួសារជួបការលំបាកព្រោះមិនមានលុយ ហើយប្រទេសកំពុងប្រឈមនឹងសង្រ្គាមលោកលើកទី២។

អំពីការសិក្សា

ឪពុករបស់លោកដែលជាវេជ្ជបណ្ឌិត ចង់ឱ្យលោករៀនផ្នែកវេជ្ជសាស្រ្ត ប៉ុន្តែតាំងពីនៅក្មេងលោកចាប់អារម្មណ៍និងចូលចិត្តតែផ្នែកវិទ្យាសាស្រ្ត និងមេឃ​(លំហ)។ តាំងពីក្មេងមកលោករៀនមិនអន់នោះទេ ប៉ុន្តែក៏មិនមែនជាសិស្សពូកែឆ្នើមដែរ។

នៅអាយុ ១៧ឆ្នាំ លោកបានចូលរៀននៅសាកលវិទ្យាល័យ Oxford ដោយលោកចង់រៀនផ្នែកគណិតវិទ្យាប៉ុន្តែខាងសាកលវិទ្យាល័យមិនអាចផ្តល់សញ្ញាបត្រក្នុងផ្នែកជំនាញនេះទេ ដូចនេះហើយលោកក៏រៀនផ្នែករូបវិទ្យាដោយផ្តោតជាពិសេសលើលោកធាតុវិទ្យា។

លោកមិនសូវចំណាយពេលច្រើនសម្រាប់រៀននោះទេ។ នៅឆ្នាំ១៩៦២ លោកបានបញ្ចប់ការសិក្សាផ្នែកវិទ្យាសាស្រ្តធម្មជាតិ ហើយបានបន្តការសិក្សាថ្នាក់ PhD ផ្នែកលោកធាតុវិទ្យានៅសាកលវិទ្យាល័យ Cambridge។ នៅទីនេះលោកបានយកចិត្តទុកដាក់ក្នុងការសិក្សា​ និងស្រាវជ្រាវរបស់លោក ហើយបានបង្កើតស្នាដៃមួយចំនួន។

អំពីគ្រួសារ  

លោកបានរៀបការជាមួយភរិយាឈ្មោះ Jane Wilde នៅឆ្នាំ១៩៦៥ និងមានកូនចំនួន៣នាក់ គឺក្រោយពេលដែលគ្រូពេទ្យរកឃើញថាលោកមានជម្ងឺ ប៉ុន្តែអ្នកទាំងពីរបានស្គាល់គ្នាតាំងពីឆ្នាំ១៩៦៣ មុនពេលលោកដឹងថាមានជម្ងឺបន្តិច។

ក្រោយមកលោកចាកចោលភរិយា ហើយរៀបការជាមួយនិងគិលានុបដ្ឋាយិកាដែលមើលថែទាំលោកឈ្មោះ Elaine Mason នៅឆ្នាំ១៩៩៥ ប៉ុន្តែបានលែងលះគ្នាវិញនៅឆ្នាំ២០០៦ ហើយស្រុះស្រួលគ្នាវិញជាមួយនិងគ្រួសាររបស់លោក។

អំពីបញ្ហាសុខភាព និងជម្ងឺ

នៅ​ឆ្នាំ១៩៦៣ នៅ​ក្នុងវ័យ ២១ឆ្នាំ លោក​ Stephen Hawking ត្រូវ​បាន​គ្រូពេទ្យ​រកឃើញ​ថា លោក​មាន​ជំងឺ​ផ្នែក​សរសៃ​និង​សាច់ដុំ​មួយ​ប្រភេទ ដែល​គេ​ឲ្យឈ្មោះ​តាម​ភាសា​អង់គ្លេស​ថា ALS (Amyotrophic Lateral Sclerosis ឬ Lou Gehrig​’s disease)។

នេះជា​ជំងឺ​ដែល​មិន​អាច​ព្យាបាល​បាន ​ដែល​នឹង​នាំ​ឲ្យ​លោក​ត្រូវ​ធ្លាក់​ខ្លួន​ពិការ​ទាំងស្រុង ដោយពិការ​ចាប់តាំង​ក្បាល​រហូត​ដល់​ចុងជើង អង្គុយ​តែ​លើ​កៅអីរុញ ហើយ​កុំថាឡើយ​ដល់​ទៅ​កម្រើកដៃជើង សូម្បីតែ​កម្រើក​មាត់​និយាយ​ក៏​មិន​អាច​ធ្វើ​ទៅរួចផង ដោយ​ត្រូវ​ពឹងលើ​ម៉ាស៊ីន​កុំព្យូទ័រ​​ឲ្យ​និយាយ​ជំនួស។

​ជាងនេះ​ទៅទៀត នៅពេលដឹងថាមានជម្ងឺ គ្រូពេទ្យ​បាន​ព្យាករណ៍​ថា លោក​អាច​មាន​ជីវិត​រស់​នៅ​បាន​យ៉ាងច្រើន​បំផុត​តែ​ពីរ​ឆ្នាំ​ទៀត​ប៉ុណ្ណោះ។

សម្រាប់មនុស្សទូទៅអាចនឹងបាក់ទឹកចិត្ត អស់សង្ឃឹមក្នុងជីវិត ហើយបោះបង់ចោលលែងធ្វើអ្វីទាំងអស់ ប៉ុន្តែលោក Stephen Hawking ខុសពីគេ។ នៅពេលដែលដឹងថាខ្លួនមានជម្ងឺ ហើយមិនអាចរស់នៅបានយូរទៀតនោះ លោកកាន់តែប្រឹងប្រែងខ្លាំងឡើងលើការសិក្សា និងការស្រាវជ្រាវរបស់លោក​ ដោយចំណាយពេលដែលលោកនៅសេសសល់ទៅលើការស្រាវជ្រាវដើម្បីអ្វីជាប្រយោជន៍។

អំពីស្នាដៃ និងកេរ្តិ៍ឈ្មោះ

សៀវភៅ៖ លោកបានសរសេរសៀវភៅសរុបទាំងអស់១៥ក្បាល (ទាំងសរសេរម្នាក់ឯង និងសរសេររួមគ្នាជាមួយអ្នកផ្សេង)។ សៀវភៅដែលល្បីៗរបស់លោករួមមានសៀវភៅ “A Brief History of Time” សៀវភៅ “The Universe in a Nutshell”  សៀវភៅ “A Briefer History of Time” ដែលពន្យល់នូវសៀវភៅមុនឱ្យមានលក្ខណៈសាមញ្ញនិងបន្ថែមការរកឃើញថ្មី និងសៀវភៅ “The Grand Design”។

ការស្រាវជ្រាវពីចក្រវាឡ និងប្រហោងខ្មៅ (Black Holes)៖ ការស្រាវជ្រាវពី ​ Black Holes នេះបានធ្វើឱ្យលោកក្លាយជាបុគ្គលល្បីក្នុងពិភពលោកនៅឆ្នាំ១៩៧៤។ ជាមួយគ្នានេះ លោកក៏បានសិក្សាស្រាវជ្រាវពីចក្រវាឡផងដែរ ហើយទ្រឹស្តីសំខាន់ៗរបស់លោកគឺមាន ទ្រឹស្តី​ទាក់ទង​នឹង​ប្រហោងខ្មៅ (Black Holes) និងទ្រឹស្តី​ទាក់ទង​នឹង​ការ​ចាប់កំណើត​នៃ​ចក្រវាឡ (Big Bang Theory) ជាដើម។

កេរ្តិ៍ឈ្មោះ៖ លោកត្រូវបានគេទទួលស្គាល់ថាជាអ្នកប្រាជ្ញវិទ្យាសាស្រ្តល្បីឈ្មោះមួយរូបក្នុងពិភពលោកតាមរយៈទ្រឹស្តីសំខាន់ៗក្នុងរូបវិទ្យារបស់លោក។ នៅ​ឆ្នាំ​១៩៧៤ លោក​ Stephen Hawking ត្រូវ​បាន​គេតែងតាំង​ជា​សមាជិក​រាជ្យបណ្ឌិតសភា​វិទ្យាសាស្រ្ត​អង់គ្លេស ហើយ​៥ឆ្នាំក្រោយ​មកទៀត ត្រូវ​បាន​តែងតាំង​ជា​ប្រធានសាស្រ្តាចារ្យ​ផ្នែក​គណិតវិទ្យា​នៅ​សកលវិទ្យាល័យCambridge ដែល​ជា​មុខតំណែង​សាស្រ្តាចារ្យ​ខាង​ផ្នែក​វិទ្យាសាស្រ្ត​ដ៏​ល្បីល្បាញ​បំផុតមួយ​នៅ​អង់គ្លេស ក៏ដូចជានៅ​លើ​ឆាក​អន្តរជាតិ ហើយលោកបានកាន់តំណែងនេះអស់រយៈពេល៣០ឆ្នាំ។ លោកក៏មានភាពល្បីល្បាញតាមរយៈកម្មវិធីទូរទស្សន៍ ខ្សែភាពយន្ត និងអ៊ិនធឺណេតផងដែរឱ្យតែផ្នែកពាក់ព័ន្ធនឹងវិទ្យាសាស្រ្តជាពិសេសផ្នែកលោកធាតុ។

អំពីមរណភាព

លោក Stephen Hawking បានទទួល​មរណភាពនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ ដែល​ត្រូវ​ចំ​ថ្ងៃ​កំណើត​របស់​លោក​ Albert Einstein អ្នកប្រាជ្ញវិទ្យាសាស្រ្តដ៏ល្បីល្បាញម្នាក់។

ប្រភព៖ Biography

ប្រភពប្រែសម្រួល៖ ចង់ដឹង