kalib9

ចរិតអាក្រក់ទាំង ៥ របស់កូនៗ ដែលកើតឡើងដោយសារកំហុសរបស់ឪពុកម្ដាយ

គ្មាននរណាម្នាក់ដែលចង់ឲ្យកូនរបស់ខ្លួនមានចរិតមិនល្អ រឹងរូស មិនស្ដាប់បង្គាប់ ឬ ខូចខិលនោះទេ ប៉ុន្តែឪពុកម្ដាយគ្រប់រូបមានដឹងទេ ថ្វីត្បិតតែអ្នកបានអប់រំណែនាំគេក៏ពិតមែន ប៉ុន្តែកំហុសរបស់អ្នកខ្លះអាចជះឥទ្ធិពលដល់ពួកគេ ដែលអាចធ្វើឲ្យគេក្លាយជាក្មេងដែលមានចរិតមិនល្អបាន ។

បើសិនជាអ្នកចង់ឲ្យកូនមានចរិតល្អ ត្រូវកែប្រែកំហុសទាំងនោះចេញ ៖

១ កូនរបស់អ្នកចូលចិត្តរំខានអ្នកដទៃ

ពាក្យថា “ក៉ំរំខានម៉ាក /ក៉ំរំខានប៉ា” គ្មានប្រសិទ្ធភាពទេក្នុងការធ្វើឲ្យកូនរបស់អ្នកឈប់រំខានអ្នក វារឹតតែធ្វើឲ្យគេកាន់តែខ្លាំងដៃឡើង ហើយថ្ងៃក្រោយគេមិនមែនរំខានត្រឹមតែអ្នកនោះទេ សមាជិកដទៃក្នុងគ្រួសារ ឈានរហូតដល់អ្នកដទៃទៀតផង ។ បើសិនមិនចង់ឲ្យគេមានចរិតបែបនេះសូមបង្រៀនគេឲ្យចេះរងចាំ និងស្គាល់ពីវេនរបស់ខ្លួន ។

ឧទាហរណ៍ថាបើសិនជាអ្នកត្រូវទូរសព្ទទៅនរណាម្នាក់ហើយកូនរបស់អ្នកចង់ឲ្យអ្នកលេងជាមួយគេ ចូលប្រាប់គេថាចាំបន្តិចកូនសំលាញ់ម៉ាកនិយាយទូរសព្ទបន្តិចសិន មើលទៅទ្រនិចនាឡិកាទៅ បើទ្រនិចវែងនោះចង្អុលចំលេខ ១២ ម៉ាកនឹងលេងជាមួយកូនមិនខាន ។

២  កូនរបស់អ្នកតែងតែទៅកកូរកកាយទំនិញនៅក្នុងហាង ឬ យំទារអ្នកទិញរបស់នេះ ទិញរបស់នោះជាដើម

នៅពេលចូលដល់ក្នុងហាងកូនក្មេងគឺខុសពីមនុស្សធំ ពួកគេចង់បានអ្វីគឺយកហ្នឹង ខណៈយើងគឺជ្រើសរើសយករបស់ដែលចាំបាច់តែប៉ុណ្ណោះ ដូចនេះហើយអ្នកគួរតែបង្រៀនពួកគេឲ្យដឹងថា យើងមិនអាចទិញអ្វីគ្រប់យ៉ាងដែលដាក់លក់នោះទេ ត្រូវទិញតែរបស់ណាដែលចាំបាច់ មិនមែនចង់បានអ្វីទិញហ្នឹងនោះទេ ។

ម្យ៉ាងការដើរទិញទំនិញក្នុងផ្សារដែលគ្មានបញ្ជីរច្បាស់លាស់គឺជាទម្លាប់អាក្រក់មួយដែលអ្នកតែងតែមាន ។ ឥលូវសាកល្បងធ្វើបញ្ជីររាយនាមទំនិញដែលអ្នកត្រូវទិញ (អាចគូរជារូបបើសិនជាកូនរបស់អ្នកមិនចេះអាន) ហើយប្រគល់វាឲ្យកូនរបស់អ្នក ឲ្យគេចូលរួមក្នុងការបញ្ជាក់នូវអ្វីដែលអ្នកនឹងត្រូវទិញជាមួយគ្នា នោះគេនឹងដឹងការដើរផ្សារមិនមែននឹកឃើញអ្វីទិញហ្នឹងនោះទេ វាចាំបាច់ត្រូវកំណត់ថាត្រូវការអ្វីច្បាស់លាស់ ។

៣  កូនរបស់អ្នកមិនចេះនិយាយពាក្យគួរសម

ឪពុកម្ដាយមួយចំនួនតែងមិនសូវខ្វល់ខ្វាយជាមួយនឹងពាក្យសម្ដីរបស់កូនៗនោះទេ ព្រោះគិតថាពួកគេនៅក្មេង រហូតដល់ថ្នាក់សើចសប្បាយនៅពេលដែលកូនប្រើប្រាស់ពាក្យសម្ដីឈ្លើយ និងមិនគួរសម ទៀតផង ។

ប៉ុន្តែការធ្វើដូច្នោះវាមិនមែនជារឿងត្រឹមត្រូវនោះទេ ការបង្រៀនពួកគេឲ្យចេះនិយាយពាក្យគួរសមគឺជារឿងចាំបាច់ ហើយអ្នកអាចចាំផ្ដើមបង្រៀនគេតាមវិធីងាយៗ ដូចជានៅពេលដែល គេទាមទារឲ្យអ្នកធ្វើអ្វីមួយ សូមក៉ំទាន់ធ្វើវាឲ្យសោះ ហើយប្រាប់ពួកគេថាត្រូវនិយាយពាក្យថា “សូម” ជាមុនសិន (ឧទាហរណ៍ ម៉ាកសូមយករបស់នេះឲ្យកូនលេងបន្តិចមក) ទើបអ្នកធ្វើឲ្យពួកគេ ។ ពាក្យថា សួស្ដី ជំរាបលា ឬ អរគុណ គឺជាពាក្យងាយដែលអ្នកគួរតែចាប់ផ្ដើមបង្រៀនពួកគេផងដែរ។

៤ កូនរបស់អ្នកនិយាយស្ដីមិនចេះគិត

ជាការពិតណាស់គេមិនប្រកាន់សម្ដីរបស់កូនក្មេងនោះទេ ប៉ុន្តែការនិយាយស្ដីមិនចេះគិតទាំងនោះជាទម្លាប់អាក្រក់សម្រាប់ពួកគេ ។ ដូចនេះក្នុងនាមជាឪពុកម្ដាយគួរតែបង្រៀនពួកគេឲ្យដឹងថា តើរឿងណាខ្លះដែលគួរតែនិយាយចេញមក ហើយរឿងណាខ្លះដែលគួរតែលាក់ទុកនៅក្នុងចិត្ត ។

៥ កូនរបស់អ្នកខ្លាចពេលគ្មានអ្នកនៅក្បែរ

ការបារម្ភពីកូនខ្លាំងពេកជាទម្លាប់មួយដែលធ្វើឲ្យកូនរបស់អ្នកបាត់មុខអ្នកមិនបាន គេតែងតែចង់ឲ្យអ្នកនៅក្បែរពួកគេគ្រប់ពេល និងមានភាពភ័យខ្លាចពេលគ្មានអ្នកនៅក្បែរ ។

ដូចនេះគួរតែបង្រៀនពួកគេឲ្យមានភាពឯករាជ្យ ឲ្យគេមានភាពក្លាហាន ហ៊ានសាកល្បងធ្វើនូវអ្វីដែលគេចង់ធ្វើ ហើយអ្នកគ្រាន់តែចាំមើលទៅបានហើយ ។

ប្រភព ៖ Brightside.me