kalib9

មិនបាច់ខ្ជះខ្ជាយប្រាក់អស់ច្រើនទៀតទេ! គ្រាន់តែយកផ្លែប៉េងប៉ោះមកធ្វើបែបនេះ ស្បែកមុខនឹងស្រស់ផូរផង់!

ផ្លែប៉េងប៉ោះ គឺមានផ្ទុកនូវសារធាតុលីកូប៉ែន​ (lycopene) ក្នុងកម្រិតខ្ពស់ដែលល្អបំផុតសម្រាប់ការថែរក្សាស្បែក។ វាជួយឲ្យស្បែកស្រូបយកអុកស៊ីសែនបន្ថែមដែលជួយកាត់បន្ថយ ឬបង្ការភាពជ្រីវជ្រួញ។ មិនត្រឹមតែប៉ុណ្ណឹងទេ ប៉េងប៉ោះក៏ថែមទាំងមានផ្ទុកសម្បូរទៅដោយ វីតាមីន A វីតាមីនC ព្រមទាំងសារធាតុប្រឆាំងនឹងអុកស៊ីតកម្មដ៏ខ្លាំងក្លា ហើយគុណសម្បត្តិទាំងនេះ គឺប្រសើរបំផុតសម្រាប់ដោះស្រាយជាមួយនឹងបញ្ហាមុនគ្រប់ប្រភេទ រួមទាំងស្នាមមុន។ ប៉េងប៉ោះក៏ជាផលិតផលបែបធម្មជាតិសម្រាប់ដុសខាត់ស្បែកមុខ កាត់បន្ថយរន្ធញើសធំលើស្បែក និងលាងសម្អាតមុខផងដែរ។ អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងពីរបៀបងាយៗក្នុងការប្រើប្រាស់ប៉េងប៉ោះ ដើម្បីដោះស្រាយបញ្ហាផ្សេងៗដែលកើតមានលើស្បែកមុខ ៖

១. ប៉េងប៉ោះ និងស្ករស ៖ អ្វីដែលអ្នកត្រូវធ្វើ គឺកាត់ប៉េងប៉ោះមួយផ្លែជា ២ កំណត់ បន្ទាប់មកជ្រលក់ប៉េងបោះម្ខាងចូលទៅក្នុងចាននៃស្ករសចំនួន ២ ស្លាបព្រាបាយសម្រាប់រយៈពេល ២ ទៅ ៣ នាទី។ យកចំណិតប៉េងបោះចេញពីចានស្ករ ហើយដុសខាត់វាលើមុខរបស់អ្នកសម្រាប់រយៈពេល ១០ នាទី សឹមលាងសម្អាតចេញជាមួយទឹកស្អាតធម្មតា។ វាដើរតួនាទីជាផលិតផលខាត់មុខដោយជួយកម្ចាត់ចោលនូវរាល់កោសិកាដែលងាប់ៗ ហើយធ្វើឲ្យស្បែកភ្លឺរលោងឡើងវិញម្ដងទៀត។

២. ប៉េងប៉ោះ ​​​និងយ៉ាអួរ ៖ រូបមន្តនេះ គឺសម្រាប់ស្ដារស្បែកមុខដែលទទួលផលប៉ះពាល់ពីពន្លឺព្រះអាទិត្យដោយប្រែជាមានពណ៌ដាំដែងឲ្យប្រែជាភ្លឺរលោងស្រស់ស្អាតឡើងវិញ។ អ្វីដែលអ្នកត្រូវការ គឺប៉េងប៉ោះស្រស់ ១ ផ្លែ និងយ៉ាអួរ កន្លះពែង។ កិនគ្រឿងផ្សំទាំង ២ ឲ្យទៅជាល្បាយខាប់ៗ។ បន្ទាប់មកលាបល្បាយដែលលាយហើយទៅលើតំបន់ស្បែកដែលទទួលរងផលប៉ះពាល់ រួចទុកចោលសម្រាប់រយៈពេល ១៥ នាទី សឹមលាងសម្អាតមុខចេញជាមួយនឹងទឹកត្រជាក់។ អនុវត្តន៍រូបមន្តនេះឲ្យបាន ៣ ដង ក្នុងមួយសប្តាហ៍សម្រាប់រយៈពេល ១ ខែ។

៣. ប៉េងប៉ោះ និងត្រសក់ ៖ រូបម​​​ន្តនេះ គឺប្រើសម្រាប់ដោះស្រាយជាមួយនឹងបញ្ហាស្បែកខ្លាញ់។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកប៉េងប៉ោះស្រស់ចំនួន ២ ស្លាបព្រាបាយ ជាមួយទឹកត្រសក់ស្រស់ចំនួន ២ ស្លាបព្រាបាយ ចូលគ្នា។ កូរឲ្យសព្វជាមុនសិន សឹមលាបទឹកល្បាយទៅលើផ្ទៃមុខ។ ទុកចោលរហូតដល់ស្ងួតសម្រាប់រយៈពេល ១០ នាទី។ បន្ទាប់មកលាងសម្អាតចេញជាមួយនឹងទឹកត្រជាក់។ ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ ចូរអនុវត្តន៍តាមរូបមន្តនេះឲ្យបាន ២ដងក្នុងមួយសប្តាហ៍ សម្រាប់រយៈពេលយ៉ាងហោចណាស់ ៣ សប្តាហ៍។

 

៤. ប៉េងប៉ោះ និងទឹកឃ្មុំ ៖ អនុវត្តន៍រូបម​​​ន្តនេះដើម្បីទទួលបានស្បែកមុខទន់រលោងស្រស់ស្អាត។ អ្វីដែលអ្នកត្រូវធ្វើ គឺលាយទឹកប៉េងប៉ោះស្រស់ចំនួន ២ស្លាបព្រាបាយ ជាមួយនឹងទឹកឃ្មូំចំនួន ២ ស្លាបព្រាបាយដូចគ្នា។ កូរល្បាយឲ្យសព្វ រួចសឹមលាបទៅលើផ្ទៃមុខ បន្ទាប់មកទុកចោលសម្រាប់រយៈពេលប្រហែលជា១០ នាទី សឹមលាងសម្អាតចេញជាមួយនឹងទឹកត្រជាក់។ អ្នកអាចអនុវត្តន៍គន្លឹះនេះបានជារៀងរាល់ថ្ងៃដើម្បីទទួលបានស្បែកមុខដែលកាន់តែស្រស់ថ្លា រលោងស្អាត។

៥. ប៉េងប៉ោះ និងក្រូចឆ្មារ ៖ រូបម​​​ន្តនេះ គឺប្រើសម្រាប់ដោះស្រាយបញ្ហារន្ធញើសធំ ក៏ដូចជាកម្ចាត់ចោលនូវមុនក្បាលខ្មៅ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទឹកផ្លែប៉េងប៉ោះស្រស់ចំនួន ២ ស្លាបព្រាបាយ ជាមួយនឹងទឹកក្រូចឆ្មារចំនួន ២ ស្លាបព្រាបាយ។ កូរល្បាយចូលគ្នាឲ្យសព្វ សឹមយកសំឡីជ្រលក់ចូល រួចលាបទៅលើផ្ទៃមុខថ្នមៗក្នុងចលនាបែបរង្វង់យឺតៗ។ រន្ធញើសធំៗនឹងលែងកើតមាននៅលើផ្ទៃមុខរបស់អ្នកទៀតហើយ ប្រសិនបើអ្នកព្យាយាមអនុវត្តន៍រូបមន្តនេះឲ្យបាន ៣ ដងក្នុងមួយសប្តាហ៍ សម្រាប់រយៈពេលពេញ ១ខែ។

៦. ប៉េងប៉ោះ ៖ ដើម្បីដោះស្រាយបញ្ហានៃការកើតមុន ក៏ដូចជាស្នាមមុននៅលើមុខនោះ អ្នកគ្រាន់តែកាត់ប៉េងប៉ោះស្រស់ចំនួន ១ ផ្លែ ទៅជាចំណិតៗ ប៉ុន្តែមិនត្រូវស្ដើងពេក។ បន្ទាប់មកយកប៉េងប៉ោះ ១ ចំណិត មកដុសម៉ាស្សាថ្នមៗក្នុងចលនាបែបរង្វង់យឺតៗលើផ្ទៃមុខ ជាពិសេសត្រង់តំបន់ស្បែកដែលទទួលរងផលប៉ះពាល់សម្រាប់រយៈពេលប្រហែលជា ១០នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតា៕

ប្រភព ៖ Khmer Note