kalib9

សំណាងមើលមិនឃើញ! បុរសម្នាក់ បានរកឃើញដុំកំអួតត្រីបាឡែន ដែលមានតម្លៃរហូតដល់ ៥០ម៉ឺនដុល្លារ! (មានវីដេអូ)

ថៃ៖ អាចចាត់ទុកបានថា ជារឿងមួយដ៏សំណាងបំផុត ដល់បុរសជនជាតិថៃម្នាក់ ដែលជាអ្នកបម្រើការក្នុងហាងបា (អ្នកលក់ស្រា ឬអ្នកក្រឡុកស្រា) ក្រោយបានប្រទះឃើញដុំដ៏ចម្លែកមួយ ដែលត្រូវបានគេស្គាល់ថា ជាដុំកម្អួតត្រីបាឡែន និងថែមទាំងអាចលក់បានថ្លៃ ក្នុងតម្លៃរាប់សិបម៉ឺនដុល្លារឯណោះ។

បើយោងតាមប្រភពសារព័ត៌មានក្នុងស្រុកបានឲ្យដឹងថា បុរសមានសំណាងខាងលើនេះ មានឈ្មោះថា លោក Boonyos Tala-upara អាយុ ៤៤ឆ្នាំ បានប្រទះឃើញដុំលឿងៗចម្លែកទម្ងន់ ១០គីឡូក្រាមនេះ តាំងតែពីកំឡុងខែមិថុនា ឆ្នាំមុនមកម៉្លេះ នៅគ្រាដែលរូបលោកបានដើរតាមមាត់ឆ្នេរលើកោះ Koh Samui។

ដោយសារតែ ឃើញសភាពហាក់រាងចម្លែករបស់វា និងគួរឲ្យចាប់អារម្មណ៍ផងនោះ លោក Boonyos ក៏បានរើសយកដុំនោះមកទុកនៅផ្ទះ (ហាងបា)។ ក្រោយមក លោកក៏មិនសូវជាបានយកចិត្តទុកដាក់នឹងវានោះទេ (ទុកចោល) ក៏ព្រោះតែគិតថា វាគ្រាន់តែជារបស់ឥតតម្លៃមួយតែប៉ុណ្ណោះ។

ទើបតែថ្មីៗនេះប៉ុណ្ណោះ ដែលធ្វើឲ្យលោក Boonyos ចង់សភ្នែកពេលបានដឹងការពិតពីវា។ ពោលគឺកាលពីខែមុននេះ មិត្តភក្តិរបស់លោកបានមកលេងនៅហាងបា នៅលើកោះ Koh Samui នេះ និងបានឃើញដុំលឿងៗចម្លែកនេះ ទាំងភ្ញាក់ផ្អើលតែម្តង។

មិត្តភក្តិរបស់លោកបានប្រាប់ទៅម្ចាស់ហាងបាថា របស់ចម្លែកនេះវាអាចជាកំទេចកំទី ឬកម្អួតត្រីបាឡែន ដែលជាសារធាតុមួយត្រូវបានគេយកទៅផ្សំធ្វើជាទឹកអប់ និងលក់បានក្នុងតម្លៃថ្លៃកប់ពពកឯណោះ។

លោក Boonyos បាននិយាយថា លោកពិតជាភ្ញាក់ផ្អើល ហើយក៏មិនដឹងថា វាជារបស់ដ៏មានតម្លៃបែបនេះសោះ។ ដុំដ៏ធំនេះវាមានពណ៌លឿង (ឬពណ៌មាស) ដូចជាក្រមួនទន់ៗ ស្រដៀងនឹងទៀនដែរ។ ប៉ុន្តែនៅពេលដែលយកដៃចុចវា សាច់វាទន់ជាង មិនដូចជាទៀននោះទេ (ទៀនរឹង)។

លោកក៏បានសាកល្បងយកដែកកេះទៅដុតលើដុំនេះ វាក៏បានរលាយទៅជាប្រេង រួចក្រោយមកក៏ស្រាប់តែប្រែទៅជារឹងវិញ (ពេលត្រជាក់)។ លោកថា លោកពិតជាពុំដែលឃើញបែបនេះពីមុនមកឡើយ។

លោក Boonyos បន្តថា នេះអាចចាត់ទុកបានថា ដូចត្រូវឆ្នោតរង្វាន់ធំយ៉ាងអីចឹង។ ព្រោះថាលោកពិតជាចង់លក់វា នឹងអាលបានសម្រាកខ្លួនម្តង (ចូលនិវត្តន៍)។

យ៉ាងណាមិញ ជុំវិញនឹងករណីនេះ អ្នកជំនាញជនជាតិហូឡង់ និងមន្រ្តីមកពីខាងមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍ជលផល (Central Gulf Fisheries Research and Development Center) ក្នុងខេត្ត Songkhla ក៏បានស្ម័គ្រចិត្តចុះទៅធ្វើការពិនិត្យដុំនេះផងដែរ។ ពួកគេបានលើកឡើងថា ភាគរយខ្ពស់វាប្រាកដណាស់ដែលដុំនេះ គឺជាដុំកម្អួតត្រីបាឡែនមែន។ ប៉ុន្តែវាក៏ត្រូវការពិនិត្យ និងវិភាគបន្ថែមទៀត ពីអ្នកវិទ្យសាស្រ្តផងដែរ។

តាមការបញ្ជាក់ឲ្យដឹងបន្ថែម កម្អួតត្រីបាឡែន ឬ «Whale Vomit» ត្រូវបានគេស្គាល់ម្យ៉ាងទៀតថា «Ambergris» គឺជាសារធាតុកាកសំណល់ចេញពីកោសិកាសរីរាង្គ ដែលមាននៅក្នុងក្រពះរបស់ត្រីបាឡែនរយៈពេលយូរ។ អ្វីដែលជាពិសេស និងគុណប្រយោជន៍របស់វានោះ គឺត្រូវបានគេយកទៅប្រើប្រាស់ ឬផ្សំផលិតជាទឹកអប់ឲ្យមានក្លិនក្រអូប ក្នុងចំណីអាហារ និងគ្រឿងសម្អាងជាដើម។ វាត្រូវបានគេយកទៅប្រើប្រាស់ឬផលិត តាំងតែពីក្នុងកំឡុងសតវត្សរ៍ទី១៣ មកម៉្លេះ។

កម្អួតត្រីបាឡែន ត្រូវបានគេដឹងថា វាពិតជាលក់បានក្នុងតម្លៃខ្ពស់ណាស់។ ដូច្នេះប្រសិនណា បើលទ្ធផលពីអ្នកវិទ្យាសាស្រ្តរកឃើញថា វាពិតជាដុំកម្អួតត្រីបាឡែនច្បាស់លាស់មែន លោក Boonyos ពិតជាមានសំណាង អាចលក់វាបានលុយយ៉ាងច្រើនជាមិនខាន យ៉ាងហោចណាស់ក៏បានតម្លៃខ្ទង់ ៥០ម៉ឺនដុល្លារអាមេរិកដែរ។

គួរឲ្យដឹងផងដែរថា កាលពីក្នុងកំឡុងខែមេសា ឆ្នាំ២០១៦ កន្លងទៅ ដុំកម្អួតត្រីបាឡែនទម្ងន់ ១,៥៧គីឡូក្រាម ក៏ធ្លាប់ត្រូវបានគេរកឃើញនៅ Lancashire (អង់គ្លេស) និងលក់បានក្នុងតម្លៃ ៥ម៉ឺនផោន (ប្រហែល ៦៥ ៨០៨ដុល្លារអាមេរិក) ខណៈក្នុងខែវិច្ឆិកា ឆ្នាំដដែលនោះ អ្នកនេសាទអូម៉ាន៣នាក់ ក៏បានរកឃើញកម្អួតត្រីបាឡែននេះទម្ងន់ ៨០គីឡូក្រាម និងលក់វាបានក្នុងតម្លៃ ៣លានដុល្លាអាមេរិកផងដែរ៕

តើលោកអ្នកយល់យ៉ាងណាដែរ?

 

ប្រភព៖ khmerload