kalib9

អតីតអគារសាលាខេត្តបាត់ដំបង ដែលមានអាយុកាល ១១៤ឆ្នាំ (១៩០៥-២០១៩)

តើលោកអ្នកមានដឹងទេថាអតីតអគារសាលាខេត្តបាត់ដំបង បានកសាងឡើងនៅក្នុងពេលដែលខេត្តបាត់ដំបងស្ថិតក្រោមការគ្រប់គ្រងរបស់សៀម ពីឆ្នាំ១៧៩៥ ដល់១៩០៧។

យោងទៅតាមទំព័រហ្វេសប៊ុក មរតកម្ពុជា នៅក្នុងពេលនោះទឹកដីខេត្តបាត់ដំបងត្រូវបានគ្រប់គ្រងដោយលោកម្ចាស់ កថាថន ឈុំ (លោកម្ចាស់ កថាថន ឈុំ គឺជាពូជពង្សរបស់ចៅហ្វាបែន ដែលបានគ្រប់គ្រងខេត្តបាត់ដំបងរហូត ៥ជំនាន់តៗគ្នា)។

ក្នុងឆ្នាំ១៩០៥ ស្ដេចត្រាញ់ កថាថន ឈុំ បានជួលស្ថាបត្យករអ៊ីតាលីពីទីក្រុងបាងកក ឲ្យមកសាងសង់អគារនេះឡើងសម្រាប់ធ្វើជាលំនៅឋានផ្ទាល់ខ្លួន ប៉ុន្តែក្នុងឆ្នាំ១៩០៧ ពេលដែលបារាំងទាមទារបានខេត្តទាំងបី រួមមានខេត្តបាត់ដំបង សិរីសោភណ្ឌ (ស្វាយស៊ីសុផុន) និងអង្គរ (សៀមរាប) ពីថៃមកឲ្យកម្ពុជាវិញ ស្ដេចត្រាញ់រូបនេះក៏បានលក់លំនៅឋានរបស់លោកទាំងអស់ រួមទាំងអាគារនេះផង ដែលលោកមិនទាន់បានរស់នៅនៅឡើយ ឲ្យមកអាជ្ញាធរបារាំង ។

អគារនេះក៏ត្រូវបានប្រើប្រាស់ជាកន្លែងធ្វើការ និងកន្លែងស្នាក់នៅរបស់មន្ត្រីជាន់ខ្ពស់បារាំង និងក្រោយមកជាសាលាខេត្តបាត់ដំបង រហូតមកដល់ឆ្នាំ២០០៥ ។

បច្ចុប្បន្នអាជ្ញាធរខេត្តបាន រៀបចំអតីតអគារសាលាខេត្តនេះ ឲ្យទៅជាសារមន្ទីរបេតិកភ័ណរបស់ខេត្ត ដើម្បីឲ្យភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនាកម្សាន្ត ដោយមានការដាក់តាំងរូបភាព ទស្សនីយភាពផ្សេងៗដែលកើតឡើងក្នុងសម័យគ្រប់គ្រងដោយលោកម្ចាស់នីមួយៗរហូត ដល់ឆ្នាំ១៩០៧ និងក្នុងសម័យអាណានិគមនិយមបារាំង ប្រវត្តិនៃការដឹកនាំខេត្តបាត់ដំបង និងរូបថតអភិបាលខេត្តពីសម័យអាណានិគមនិយមបារាំងរហូតដល់បច្ចុប្បន្ន ។ ក្រៅពីនេះរៀបចំដាក់តាំងនូវវត្ថុបុរាណ រូបចម្លាក់ រូបភាពសិល្បៈ បញ្ចូលសម្លេង និងរូបភាពដោយរៀបរាប់ប្រវត្តិខ្លីៗតាមប្រវត្តិកាលនីមួយៗ៕

 

 

 

 

 

 

 

 

ប្រភពៈ មរតកកម្ពុជា